(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសៅរ៍ ៧កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបន្តជួបសំណេះសំណាលជាមួយកម្មករ និយោជិតប្រមាណ ១៩,០០៤នាក់ មកពីរោងចក្រសហគ្រាចំនួន១៣។ ជំនួបសំណេះសំណាលនឹងធ្វើឡើងនៅពហុកីឡដ្ឋានជាតិមរតកតេជោ។
ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញជួបកម្មករជិត២ម៉ឺននាក់ នៅពហុកីឡដ្ឋានជាតិមរតកតេជោ៖
* សម្តេចតេជោ ហ៊ុន សែន ទម្លាយថា អវត្តមានសម្តេចជាសាធារណៈប៉ុន្មានថ្ងៃនេះ គឺកំដរសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ពិនិត្យសុខភាព។
* សម្តេចតេជោ ហ៊ុន សែន ណែនាំលោក ឆៃ ស៊ីណារិទ្ធ តាមដានអ្នកខុមមិនប្រមាថសម្តេច។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការរៀបចំឱ្យមានប្រាក់សោធននិវត្តន៍សម្រាង់កម្មករ កម្មការិនី មិនមែនជារឿងចៃដន្យនោះឡើយ តែជាការគិតគូរគ្រប់ជ្រុងជ្រោយរបស់គណបក្សប្រជាជនកម្ពុជា។
* សម្តេចតេជោ ហ៊ុន សែន ចាក់ឃ្លីបត្រូលឆាវឆាវ ស្តីពីការបោះឆ្នោតលើវេទិកាសាធារណៈ និងណែនាំឱ្យក្រុមការងារចាក់ឃ្លីបនេះ ក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោត។
* សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍លើកបង្ហាញពីកិច្ចអន្តរាគមន៍មួយចំនួនរបស់រាជរដ្ឋាភិបាល សម្រាប់កម្មករ កម្មការិនី ក្នុងពេលជួបវិបត្តិកូវីដ១៩ ដូចជាការរកវ៉ាក់សាំងចាក់ បន្តដំឡើងប្រាក់ឈ្នួលអប្បរមា និងការព្យាយាមទប់ការឡើងថ្លៃទំនិញលើទីផ្សារជាដើម។
* សម្តេចតេជោ ហ៊ុន សែន ព្យាករណ៍ថា ដរាបណាសង្គ្រាមនៅអ៊ុយក្រែន មិនបញ្ចប់ទេ វិបត្តិសិដ្ឋកិច្ចមិនអាចល្អប្រសើរនោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងបង្ហាញពីការដាក់ចេញនយោបាយ និងការកសាងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ដើម្បីទាក់ទាញការវិនិយោគនៅកម្ពុជា។ នយោបាយនោះ មានការអនុញ្ញាតឱ្យថៅកែប្រើដុល្លារសម្រាប់បើកប្រាក់ឈ្នួល ការសាងសង់ផ្លូវ និងកំពង់ផែជាដើម។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ត្រូវរក្សាចាស់ និងបង្កើតថ្មី ដើម្បីរក្សាស្ថេរភាពការងារនៅកម្ពុជា។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នយោបាយការងារ គណបក្សប្រជាជនមានការគិតគូរច្បាស់លាស់ មិនមែនឆក់កណ្តៀតនោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅកម្ពុជា មានមនុស្សចង្រៃមួយប្រាប់គេផ្តាច់ជំនួយ កុំមកវិនិយោគ និងកុំទិញទំនិញពីកម្ពុជា។
* សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់កម្មករ កម្មការិនី នាំគ្នាថ្កោលទោសលើសកម្មភាពក្រុមចង្រៃទាំងអស់នោះ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សន្តិភាព គឺជាលក្ខខណ្ឌចាំបាច់ ដែលនាំឱ្យមានការវិនិយោគ និងមានការងារធ្វើ។
* សម្តេចតេជោ ហ៊ុន សែន ប្រាប់មនុស្សក្នុងស្រុកមួយចំនួន កុំផ្អើលតាមការញុះញង់របស់ក្រុមជ្រុលនិយមក្រៅប្រទេស បង្កចលាចលក្នុងប្រទេស។
* សម្តេចតេជោ ហ៊ុន សែន អំពាវនាវទប់ស្កាត់កុំឱ្យរោងចក្រ សហគ្រាសក្លាយជាកន្លែងចម្លងមេរោគអេដស៍។
* សម្តេចតេជោ ហ៊ុន សែន អ្នកកើតជំងឺអេដស៍ឆ្នាំ២០២២ កើនប្រមាណ ៣០០នាក់ ធៀបនឹងឆ្នាំ២០២១។ ការកើតនេះ ក្នុងចំណោមអ្នកស្រឡាញ់ភេទដូចគ្នា ជាពិសេសបុរស ស្រឡាញ់បុរស។ នៅឆ្នាំ២០២២ អ្នកកើតមេរោគអេដស៍ថ្មីមានចំនួន ១៤០០នាក់។
* សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យរួមគ្នាទប់ស្កាត់ការឆ្លងមេរោគអេដស៍ និងកុំរើសអើងចំពោះអ្នកកើតមេរោគអេដស៍។
* សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់អ្នកកើតមេរោគអេដស៍ កុំដើរចម្លងទៅអ្នកដទៃ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត ធ្វើឱ្យក្រុមប្រឆាំងដាច់ផ្ងារ។ កុំសួរថា ហេតុអ្វីក៏សភាអនុម័តច្បាប់បែបនេះ? ត្រូវសួរមើលថា ខ្លួនឯងបានធ្វើអ្វី?
* សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែងសំណេះសំណាលនៅវេលាម៉ោង ៩៖២០នាទីនាព្រឹកថ្ងៃដដែល