នាយកដ្ឋាកម្មសិទ្ធិបញ្ញានៃក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា បច្ចុប្បន្នក្រសួង បានចុះបញ្ជីទាំងម៉ាកក្នុងស្រុក និងម៉ាកអន្តរជាតិបានប្រមាណ១២ម៉ឺនម៉ាក និងម៉ាកសម្គាល់ភូមិសាស្ត្រទំនិញចំនួន ៧ ខណៈក្រសួងកំពុងបន្តយកចិត្តទុកដាក់ទៅលើកិច្ចការពារកម្មសិទ្ធិបញ្ញា និងការទាញប្រយោជន៍ជាអតិបរិមាពីកម្មសិទ្ធិបញ្ញា ដែលរួមចំណែកដ៏សំខាន់នៅក្នុងការលើកកម្ពស់ឧត្តមភាពប្រកួតប្រជែងរបស់ក្រុមហ៊ុន និងសហគ្រាស។
លោក សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម ជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិកាជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា បានថ្លែងថា មកទល់បច្ចុប្បន្ននេះនាយកដ្ឋាកម្មសិទ្ធិបញ្ញានៃក្រសួងពាណិជ្ជកម្មបានចុះបញ្ជីទាំងម៉ាកក្នុងស្រុក និងម៉ាកអន្តរជាតិបានប្រមាណ១២ម៉ឺនម៉ាក និងម៉ាកសម្គាល់ភូមិសាស្ត្រទំនិញចំនួន ៧ ដូចជា៖ ម្រេចកំពត ស្ករត្នោតកំពង់ស្ពឺ ក្រូចថ្លុងកោះទ្រង់ ទឹកឃ្មុំព្រៃមណ្ឌលគិរី អំបិលកំពតកែប បង្កងតាកែវ និងទឹកត្រីកំពតកែប។