លោកបានអះអាងថា ប្រទេសវៀតណាមនៅពេលនេះកំពុងតែដំណើរការអាកាសយានដ្ឋានសរុបចំនូន ២២ កន្លែងនៅទូទាំងប្រទេស នៅក្នុងនោះ ២១ កន្លែងហើយ ដែលគ្រប់គ្រងដោយ ក្រុមហ៊ុនសាជីវកម្មអាកាសយានដ្ឋានវៀតណាមរបស់រដ្ឋ ។
ការណ៍ដែលរដ្ឋាភិបាលវៀតណាមបានដាក់ឱ្យដំណើរការអាកាសយានដ្ឋានទាំងអស់នេះ គឺនៅក្នុងគោលបំណងឆ្លើយតបនឹងតម្រូវការនៃកំណើនសេវាកម្មដឹកជញ្ជូនតាមយន្តហោះ របស់ប្រទេសដែលមានប្រជាជនប្រមាណជាជិត១០០លាននាក់។ នៅក្នុងនោះ អត្រាកំណើនពីចន្លោះឆ្នាំ២០១១ ដល់ឆ្នាំ២០២០ គឺមានពី ១៦ភាគរយ ទៅដល់ ១៨ ភាគរយ។ នេះគឺជាអត្រាកំណើនខ្ពស់បំផុត ដែលកត់ត្រាដោយសមាគមដឹកជញ្ជូនផ្លូវអាការអន្តរជាតិ។ ស្ថាប័ននេះបានអះអាងថា ឧស្សាហកម្មអាកាសចរណ៍ស៊ីវិលវៀតណាម គឺមានកំណើនលឿនបំផុតនៅតំបន់អាស៊ីអគ្នេយ៍ ហើយខ្ពស់ជាងគេលំដាប់ទី ៥ នៅលើពិភពលោក ។
នៅចន្លោះពីឆ្នាំ២០១១ ដល់ ឆ្នាំ២០១៩ វៀតណាមបានបណ្តាក់ទុនលើហេដ្ឋារចនាសម័្ពន្ធអាកាសចរណ៍ស៊ីវិលនៅក្នុងគោលបំណងផ្តល់សេវាកម្មដឹកជញ្ជូនអ្នកដំណើរដល់កម្រិត ៩៥ លាននាក់នៅក្នុងឆ្នាំមួយឆ្នាំ ។
ស្ថិតិបានបង្ហាញថា នៅមុនពេលដែលកូវីដ ១៩ បានរីករាលដាលនៅលើពិភពលោក គ្រប់អាកាសយានដ្ឋាននៅវៀតណាម បានទាក់ទាញអ្នកដំណើរសរុបរហូតដល់ទៅជាង ១១៦ លាននាក់នៅក្នុងមួយឆ្នាំ ។
ដោយសារតែកំណើននេះ ទើបរដ្ឋាភិបាលវៀតណាមបានបណ្តាក់ទុននៅលើការពង្រីកហេដ្ឋា រចនាសម័្ពនដ៏លើសលុប នៅតាមអាកាសយានដ្ឋានធំៗនិងមមាញឹកសំខាន់ៗ ដែលរួមមាន អាកាសយានដ្ឋាន តាន់ ស៊ុនញ៉ឹក, ណុក បាយ, ខាម រ៉ាញ់ និងដាណាង។
រដ្ឋាភិបាលវៀតណាមមានគោលបំណងពង្រីកសក្តានុពលនៃការដឹកជញ្ជូនតាមផ្លូវអាកាសឲ្យបានដល់កម្រិតប្រមាណជា ២៧៩ លាននាក់ ពីពេលនេះដល់ឆ្នាំ២០៣០ ដោយបង្កើនអត្រាអ្នកដំណើររហូតដល់ទៅ ២,៧ ដង៕