មូលនិធិដែលមានទឹកប្រាក់រហូតដល់ទៅ២០ពាន់លានដុល្លារសម្រាប់ផែនការផ្លាស់ប្ដូរថាមពលនៅក្នុងប្រទេសដែលមានប្រជាជនច្រើនជាងគេបំផុតនៅអាស៊ាន គឺមិនទាន់ដំណើរការនៅឡើយទេ ។ មូលនិធិពាក់កណ្តាលនៃគម្រោងនេះ គឺមកពីប្រទេសមហាអំណាច ជាដៃគូ និងពាក់កណ្តាលទៀត មកពីស្ថាប័នហិរញ្ញវត្ថុអន្តរជាតិចំនួន ៧ ។ តើមាននេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Antara ។លោក លូហូត ប៊ិនសារ ប៉ានចៃតាន (Luhut Binsar Pandjaitan) រដ្ឋមន្រ្តីក្រសួងសម្របសម្រូលកិច្ចការតំបន់ឆ្នេរនិងបណ្តាក់ទុនរបស់ឥណ្ឌូនេស៊ី បានអះអាងកាលពីថ្ងៃសៅរ៍កន្លងទៅនេះថា គម្រោងដែលបានគ្រោងក្នុងតម្លៃប្រមាណជា ២០ ពាន់លានដុល្លារ ដើម្បីធ្វើការផ្លាស់ប្ដូរថាមពលនៅក្នុងប្រទេសនេះ មិនទាន់ដំណើរការនៅឡើយទេ ។
លោកបានអះអាងថា រដ្ឋាភិបាលឥណ្ឌូនេស៊ីបានកំពុងតែរៀបចំកម្មវិធីធ្វើការផ្លាស់ប្ដូរថាមពល ក្នុងនោះមានទាំងផែនការបិទរោងចក្រអគ្គីសនីដើរដោយថាមពលធ្យូងថ្មសំខាន់ៗជាច្រើនកន្លែង ដោយផ្អែកលើកញ្ចប់មូលនិធិនេះ ។
តាមការរំពឹងទុក ថវិកាពាក់កណ្ដាល ពោលគឺចំនួន១០ ពាន់លានដុល្លារ សម្រាប់ដំណើរការគម្រោងនេះ បានមកពីមូលនិធិសាធារណៈដែលជាសមាជិកនៃក្រុមដៃគូអន្តរជាតិ (International Partner Group ) ដែលគេដឹងថា មានសហរដ្ឋអាមេរិក អង់គ្លេស កាណាដា អាល្លឺម៉ង់ បារាំង អ៊ីតាលី ជប៉ុន ណ័រវេ ដាណឺម៉ាក និង សហភាពអឺរ៉ុប។
ដោយឡែកថវិកា ១០ ពាន់លាន់ដុល្លារទៀត គឺរំពឹងថានឹងបានមកពីស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ៧ ដែលរួមមានសម្ព័ន្ធហិរញ្ញវត្ថុគ្លាសហ្គូដើម្បីគ្មានការបំភាយឧស្ម័នផ្ទះកញ្ចក់ (Glasgow Financial Alliance for Net Zero), ធនាគារ HSBC, ធនាគារ Citibank, ធនាគារស្តែនឌែត ឆាតធើ (Standard Chartered), ធនាគារ America, ធនាគារឌើច (Deutsche), ក្រុមហ៊ុនមីតស៊ុយប៊ីស៊ី (MUFG) និងក្រុមហ៊ុនម៉ាការី (Maccquarie)។
ឥណ្ឌូនេស៊ីនៅពេលនេះ មានបំណងកាត់បន្ថាយការបំភាយឧស្ម័នកាបូនិចពីចំនួន២៩០លានតោនឱ្យមកនៅត្រឹម៣៥៧លានតោននៅត្រឹមឆ្នាំ២០៣០៕