ប្រជាកសិករក្នុងខេត្តព្រះវិហារ បានផលិតវត្ថុធាតុដើមស្រូវសរីរាង្គស្ទើរតែ ១០០% សម្រាប់ធ្វើការនាំចេញទៅទីផ្សារក្រៅប្រទេស ដែលនេះ គឺជាការជួយដល់សេដ្ឋកិច្ចជាតិ និងជាមោទកភាពមួយ ដែលការងារទាំងនេះកើតឡើងចេញពីយន្តការកិច្ចសន្យាកសិកម្ម ស្របតាមយុទ្ធសាស្ត្រចតុកោណ របស់រាជរដ្ឋាភិបាល ដើម្បីលើកស្ទួយវិស័យកសិកម្មតាមរយៈ ការលើកកម្ពស់ផលិតភាព និងពិពិធកម្មកសិកម្ម។
នេះបើតាមការលើកឡើងរបស់លោក ឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា។បើតាម ឧកញ៉ា ចាន់ សុឃាំង សហព័ន្ធស្រូវអង្ករតែងតែយកចិត្តទុកដាក់លើការធ្វើកិច្ចសន្យាកសិកម្ម ដោយយោងតាមអនុសាសន៍ របស់រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលជួយជ្រោមជ្រែង និងស្វែងរកដំណោះស្រាយនូវរាល់បញ្ហាផ្សេងៗ ដែលកើតមានឡើងដល់វិស័យកសិកម្ម។ ជាមួយគ្នានេះលោកតែងតែជួយជំរុញ និងគាំទ្រឱ្យអ្នកទិញ និងអ្នកផលិតមាននូវកិច្ចសន្យាកសិកម្មនេះ។
ឧកញ៉ា ចាន់ សុឃាំង បានបង្ហាញអំពីការនាំចេញអង្ករកម្ពុជា ទៅកាន់ទីផ្សារពិភពលោក ដែលជាក់ស្តែង ឆ្នាំ២០២២ កន្លងទៅ ប្រទេសកម្ពុជាបាននាំចេញអង្ករប្រមាណជាង ៦៣ម៉ឺនតោន ដែលគិតជាទឹកប្រាក់មានចំនួនជាង ៤១៤ លានដុល្លារសហរដ្ឋអាមេរិក ក្នុងនោះអង្ករសរីរាង្គចំនួនជិត ១១ ០០០ តោន ដែលប៉ាន់ប្រមាណជាទឹកប្រាក់មានចំនួនជិត ១៤លានដុល្លារសហរដ្ឋអាមេរិក និងការនាំចេញស្រូវប្រមាណជាជាង ៣ លានតោន ដែលគិតជាទឹកប្រាក់មានចំនួនជា ៨៤១ លានដុល្លារសហរដ្ឋអាមេរិក។
ដើម្បីជំរុញកំណើននៃការផលិតសម្រាប់ផ្គត់ផ្គង់ការនាំចេញ កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ សមាជិកសហព័ន្ធស្រូវអង្ករកម្ពុជាចំនួន ២ ក្រុមហ៊ុន គឺក្រុមហ៊ុន អេមរ៉ុ រ៉ាយស៍ និងសាជីវកម្មកសិកម្មកម្ពុជា បានចុះកិច្ចសន្យាចំនួន ៣១ កិច្ចសន្យាជាមួយសហគមន៍ចំនួន ៣១ ក្នុងការផ្គត់ផ្គង់ស្រូវសរីរាង្គចំនួន ១៨ ៧៦០ តោន ដំឡូងមីសរីរាង្គចំនួន ២៥ ០០០ តោន និងសណ្តែកដីសរីរាង្គចំនួន ១០ តោន គិតជាទឹកប្រាក់សរុបមានចំនួនប្រមាណជា ១១លានដុល្លារសហរដ្ឋអាមេរិក។ កិច្ចសន្យាកសិកម្មនេះរៀបចំឡើងក្នុងគោលបំណងថែរក្សាស្ថេរភាពទីផ្សារកសិកផលជូនកសិករ ជាពិសេសផ្នែកកសិកម្មសរីរាង្គនៅក្នុងខេត្តព្រះវិហារ ដែលឆ្នាំ២០២៣ ជាឆ្នាំទី៩ ហើយ ដែលក្រុមហ៊ុន អេមរ៉ុ រ៉ាយស៍ និង សាជីវកម្មកសិកម្មកម្ពុជា បានធ្វើឡើងជាមួយសហគមន៍នៅក្នុងខេត្តព្រះវិហារ។
ឧកញ៉ា សុង សារ៉ន ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុន អេមរ៉ុ រ៉ាយស៍ បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលដែលតែងតែជួយដល់វិស័យស្រូវអង្ករកម្ពុជា ជាពិសេសជួយពង្រីកហេដ្ឋារចនាសម្ព័ន្ធរោងម៉ាស៊ីនកិនស្រូវ តាមរយៈការជួយទម្លាក់ឥណទានដល់ការកសាងឃ្លាំង ឡសម្ងួត និងម៉ាស៊ីនកិនស្រូវ នាំឱ្យក្រុមហ៊ុនមានលទ្ធភាពទទួលធ្វើកិច្ចសន្យាកសិកម្ម ទិញពីបងប្អូនប្រជាសហគមន៍។
លោក គឹម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ បានកោតសរសើរដល់ក្រុមហ៊ុនទាំងពីរដែលបានធ្វើជាដៃគូយ៉ាងស្មោះស្មគ្រជាមួយសហគមន៍ក្នុងខេត្តព្រះវិហារដែលមានរយៈពេលជិត១ ទសវត្ស មកហើយ។ លោកអភិបាលខេត្ត ក៏បានស្នើឱ្យក្រុមហ៊ុនទាំងពីរ ពង្រីកការទិញបន្ថែមទៀតពីសហគមន៍ ស្របពេលដែលមានក្រុមហ៊ុនផ្សេងទៀត ជាសមាជិកសហព័ន្ធស្រូវអង្ករកម្ពុជាបាន និងកំពុងធ្វើកិច្ចសន្យាកសិកម្ម រួមមាន ក្រុមហ៊ុន SIGNATURE OF AISA, GOLDEN RICE, IBIZ RICE, MONITA TRADING៕