សហភាពអឺរ៉ុប (EU) គ្រោងនឹងហាមឃាត់ការនាំចូលកាហ្វេដែលផលិតនៅលើដីដែលកាប់បំផ្លាញព្រៃឈើ ឬរិចរិលចាប់ពីចុងឆ្នាំ ២០២៤ តទៅ ដោយដាក់សម្ពាធលើវិស័យកាហ្វេវៀតណាមឲ្យប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីអនុវត្តតាមបទប្បញ្ញត្តិថ្មីនេះ ។ច្បាប់ថ្មីរបស់ EU នេះ ជាផ្នែកមួយនៃបទប្បញ្ញត្តិគ្មានការកាប់បំផ្លាញព្រៃឈើ (EUDR) ដែលត្រូវបានអនុម័តថ្ងៃទី១៩ ខែមេសា ដើម្បីធានាថា ផលិតផលដែលពលរដ្ឋសហភាពអឺរ៉ុបប្រើប្រាស់ គឺមិនបានរួមចំណែកដល់ការកាប់បំផ្លាញព្រៃឈើ ឬការរិចរិលព្រៃឈើទូទាំងពិភពលោក ។
យោងតាមសមាគមកាហ្វេ និងកាកាវវៀតណាម (Vicofa) បានឲ្យដឹងថា ច្បាប់ថ្មីនេះនឹងចូលជាធរមាននៅខែធ្នូ ឆ្នាំ ២០២៤ និងខែមករា ឆ្នាំ ២០២៥ ដែលមានន័យថា វិស័យកាហ្វេវៀតណាមមានពេលប្រហែល ១៨ ខែទៀតដើម្បីរៀបចំខ្លួនបំពេញតាមស្តង់ដាររបស់ EUDR ។
ចំពោះច្បាប់ថ្មីនេះដែរ លោក Nguyen Nam Hai ប្រធានក្រុមហ៊ុន Vicofa យល់ឃើញថា វាជាបញ្ហាប្រឈមមួយចំពោះឧស្សាហកម្មកាហ្វេដែលមានតម្លៃរាប់ពាន់លានដុល្លាររបស់វៀតណាម ចាប់តាំងពីព្រៃឈើ ៩ ម៉ឺនហិកតាដែលបានបាត់បង់ក្នុងឆ្នាំ ២០២១ ហើយមានប្រហែល ៨ ពាន់ហិកតាស្ថិតនៅក្នុងតំបន់ដាំដុះកាហ្វេ ។
ទន្ទឹមនឹងនេះ ការអនុលោមយ៉ាងតឹងរ៉ឹងជាមួយបទប្បញ្ញត្តិថ្មីនេះ នឹងជួយឲ្យផលិតផលកាហ្វេរបស់ប្រទេសវៀតណាម មានការប្រកួតប្រជែងខ្លាំងនៅក្នុងទីផ្សារ EU ជាងផលិតផលមកពីប្រទេសដែលមិនទាន់បានឆ្លើយតបតាមច្បាប់ថ្មីមួយនេះ ។
គួរបញ្ជាក់ថា សហភាពអឺរ៉ុប គឺជាទីផ្សារនាំចេញដ៏សំខាន់សម្រាប់កាហ្វេវៀតណាម ដោយក្នុងឆ្នាំ ២០២២ វៀតណាមនាំចេញកាហ្វេដល់ទៅ ៦៦២,០០០ តោន ដែលមានតម្លៃជិត ១.៦៨ ពាន់លានដុល្លារ ខណៈវៀតណាម គឺជាអ្នកផ្គត់ផ្គង់កាហ្វេធំបំផុតទី២ របស់ប្លុកនេះ ៕