ក្នុងរយៈពេល២ខែចុងក្រោយនេះ ឧស្សាហកម្មសណ្ឋាគារនៅទីក្រុងហូជីមិញ នៃប្រទេសវៀតណាមកំពុងប្រឈមជាមួយនឹងបញ្ហាយ៉ាងធ្ងន់ធ្ងរ ខណៈមានសណ្ឋាគារជាច្រើនបានប្រកាសលក់ឡៃឡុង និងខ្លះទៀតត្រូវបន្តបិទទ្វារចោលអស់រយៈពេលជាច្រើនខែជាប់ៗគ្នា។
នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Viet Nam News។ប្រភពដដែលបានឱ្យដឹងថាមូលហេតុសំខាន់បំផុតដែលនាំឱ្យមានការដាក់សណ្ឋាគារលក់ក្នុងតម្លៃទាបខ្លាំង ព្រមទាំងការបិទទ្វារមិនអាចរកស៊ីបាន គឺដោយសារតែសេដ្ឋកិច្ចរបស់វៀតណាមកំពុងបន្តប្រឈមជាមួយនឹងវិបត្តិ គួបផ្សំនឹងការធ្លាក់ចុះនៃទីផ្សារទេសចរណ៍ផងដែរ។
អ្នកតំណាងរបស់សណ្ឋាគារ Wink Hotel នៅទីក្រុងហូជីមិញ អ្នកស្រី Nguyen Hoang Nhu Thao បានលើកឡើងថា «សណ្ឋាគារកំពុងជួបការលំបាកក្នុងការចំណាយ រាប់ចាប់ពីវិក្កយបត្រអគ្គិសនីនិងទឹក រហូតដល់ប្រាក់ឈ្នួលសម្រាប់បុគ្គលិក និងពន្ធអចលនទ្រព្យ»។ ទន្ទឹមនឹងនោះសណ្ឋាគារដែលមានអត្រាស្នាក់នៅទាប ត្រូវតែកាត់បន្ថយប្រតិបត្តិការ ឬស្វែងរកមធ្យោបាយដើម្បីយកដើមទុនរបស់ពួកគេមកវិញ។ស្របជាមួយគ្នានេះដែរ នាយកសាជីវកម្ម Sabay Home Investment លោក Nguyen Huu Thien ក៏បានមានប្រសាសន៍យ៉ាងដូច្នេះថា «ម្ចាស់សណ្ឋាគារខ្នាតតូច និងមធ្យម បានសម្រេចចិត្តលក់សណ្ឋាគាររបស់ពួកគេក្នុងអត្រាទាបខ្លាំង ដើម្បីរក្សាលំហូរសាច់ប្រាក់របស់ពួកគេ»។ ក្នុងនោះម្ចាស់សណ្ឋាគារភាគច្រើនបានលក់បញ្ចុះតម្លៃបន្ថែមដល់ទៅ៣០% ពីលើតម្លៃដែលគេបានកំណត់កាលពីឆ្នាំមុន។
បន្ថែមពីនោះ ប្រធានក្រុមហ៊ុន North Stars Asia Company បានលើកឡើងដែរថា «ក្នុងទីក្រុងប្រឈមជាមួយបញ្ហាពិបាកទាក់ទាញភ្ញៀវបរទេស ខណៈដែលអ្នកទេសចរក្នុងស្រុកកំពុងចំណាយប្រាក់កាន់តែប្រុងប្រយ័ត្ន ដោយសារតែឧបសគ្គសេដ្ឋកិច្ច»។
យោងតាមរបាយការណ៍របស់ Savills Vietnam បានឱ្យដឹងថា ឧស្សាហកម្មសណ្ឋាគារនៅក្នុងទីក្រុងហូជីមិញ ត្រូវបានគេរំពឹងថានឹងមានបញ្ហាប្រឈមជាបន្តបន្ទាប់ទៀតរហូតដល់ឆ្នាំ២០២៤។
គួរជម្រាបផងដែរថា តាមរបាយការណ៍ពីនាយកដ្ឋានទេសចរណ៍ទីក្រុងហូជីមិញ គិតត្រឹម៤ខែដំបូងបង្ហាញឱ្យឃើញ ភ្ញៀវទេសចរមានចំនួន ១១.៩លាននាក់ ក្នុងនោះភ្ញៀវអន្តរជាតិមាន ១.៣លាននាក់។ ឆ្នាំនេះគេបានកំណត់គោលដៅស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិចំនួន៥លាននាក់ និងភ្ញៀវទេសចរក្នុងស្រុកចំនួន ៣៥លាននាក់ ជាមួយនឹងប្រាក់ចំណូល ១៦០ពាន់ពាន់លានដុង (ប្រហែល ៦.៧ពាន់លានដុល្លារ)៕