Alynana Media Cambodia
Icon Collap
clinic narit

កិច្ចសហប្រតិបត្តិការត្បូងពេជ្រផ្តល់កម្លាំងជំរុញថ្មីក្នុងការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន

Media LNN | Jun 29, 2023
កិច្ចសហប្រតិបត្តិការត្បូងពេជ្រផ្តល់កម្លាំងជំរុញថ្មីក្នុងការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន
Clinic narith

បញ្ញវន្តកម្ពុជាមួយរូបបាននិយាយកាលពីថ្ងៃពុធថា ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ​( Diamond Hexagon) ទ្វេភាគី នឹងផ្តល់កម្លាំងជម្រុញថ្មីក្នុងការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី។

ក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រដែលត្រូវបានបង្កើតឡើងដោយប្រទេសទាំងពីរក្នុងខែកុម្ភៈ បានផ្តោតលើវិស័យអាទិភាពចំនួន៦ រួមមានកិច្ចសហប្រតិបត្តិការនយោបាយ សមត្ថភាពផលិតកម្ម និងគុណភាព កសិកម្ម ថាមពល សន្តិសុខ និងការផ្លាស់ប្តូររវាងប្រជាជន។លោក ថោង ម៉េងដាវីដ អ្នកស្រាវជ្រាវនៅវិទ្យាស្ថានចក្ខុវិស័យអាស៊ីបាននិយាយថា ខណៈដែលឆ្នាំ ២០២៣ គឺជាខួបលើកទី ៦៥ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងចិន ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រនឹងផ្តល់សន្ទុះថ្មីដល់ការអភិវឌ្ឍទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

លោកបានប្រាប់ Xinhua ថា “ក្រោមក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ប្រទេសទាំងពីរនឹងអាចសម្រេចបាននូវកិច្ចសហប្រតិបត្តិការផ្នែកនយោបាយ សេដ្ឋកិច្ច និងសន្តិសុខបន្ថែមទៀតឆ្ពោះទៅរកការកសាងសហគមន៍វាសនារួមក្នុងយុគសម័យថ្មី” ។

លោកបានបន្តថា មិត្តភាពរវាងចិន និងកម្ពុជាបានកំពុងរីកចម្រើនក្នុងរយៈពេល៦៥ ឆ្នាំកន្លងមក ហើយបានវិវត្តទៅជា “គំរូ” សម្រាប់ទំនាក់ទំនងក្នុងពិភពលោក។

លោក​បាន​លើកឡើងទៀត​ថា​៖ «​រវាងថ្នាក់ដឹកនិង​ថ្នាក់​ដឹកនាំ រវាងរដ្ឋាភិបាល​និង​រដ្ឋាភិបាល រវាង​បក្ស​និង​បក្ស និង​ទំនាក់ទំនង​រវាងប្រជាជន​និង​ប្រជាជន​គឺជា​កត្តា​សំខាន់​ដែល​ជួយ​ពង្រឹង​ចំណងមិត្តភាព​ដែល​មិន​អាច​បំបែក​បាន​រវាង​ប្រទេស​ទាំង​ពីរ​»​។

លោកបានបន្ថែមទៀតថា ការគាំទ្ររបស់ប្រទេសចិនសម្រាប់ការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩ ប្រកបដោយជោគជ័យរបស់កម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានកសាងចំណងមិត្តភាពជាបងប្អូនអោយកាន់តែរឹងមាំរវាងប្រទេសទាំងពីរ។

លោកបានបន្តថា ប្រទេសចិនជាប្រទេសសំខាន់ដែលបានជួយជំរុញសេដ្ឋកិច្ច និងផ្តល់ជំនួយមនុស្សធម៌ដល់កម្ពុជា។

លោកបាននិយាយទៀតថា “ក្រោមកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ដែលបានចូលជាធរមានក្នុងឆ្នាំ ២០២២ ទំហំពាណិជ្ជកម្ម និងការវិនិយោគកម្ពុជា-ចិនបានកើនឡើងយ៉ាងខ្លាំង។

លោកបានបន្ថែមថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងពីរបានជួយសម្រួលដល់សេរីភាវូបនីយកម្មពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ។

ខណៈដែលឆ្នាំ២០២៣ គឺជាខួបលើកទី១០ នៃគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (BRI) លោកបានលើកឡើងថា កម្ពុជាគឺជាប្រទេសមួយក្នុងចំណោមប្រទេសដទៃទៀតដែលបានគាំទ្រ BRI ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៣។

លោកបានបន្តថា “ក្រោមក្របខណ្ឌBRI កម្ពុជា និងចិនបានលើកកម្ពស់យ៉ាងសកម្មនូវកិច្ចសហប្រតិបត្តិការជាក់ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ក៏ដូចជាវិស័យកសិកម្ម ពាណិជ្ជកម្ម ការវិនិយោគ ទេសចរណ៍ ហេដ្ឋារចនាសម្ព័ន្ធ និងការផ្លាស់ប្តូររវាងប្រជាជន ក្នុងចំណោមកិច្ចសហប្រតិបត្តិការផ្សេងទៀត” ។

លោកបានបន្ថែមថា គម្រោងធំរបស់ចិនជាច្រើនដែលស្ថិតនៅក្រោមក្របខណ្ឌ BRI ដូចជា រោងចក្រវារីអគ្គិសនី តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ពហុកីឡដ្ឋានជាតិមរតកតេជោ និងអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ បានចូលរួមចំណែកយ៉ាងធំធេងក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ក៏ដូចជាការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព និងបរិយាប័ន្ន

លោកបាននិយាយទៀតថា “ផ្លែផ្កានៃការអភិវឌ្ឍប្រកបដោយសន្តិភាពរបស់ប្រទេសចិនត្រូវបានចែករំលែកជាមួយប្រទេសកម្ពុជា និងប្រទេសដទៃទៀតជុំវិញពិភពលោក តាមរយៈគោលគំនិតនៃការកសាងសហគមន៍វាសនារួមគ្នាសម្រាប់មនុស្សជាតិ ក្រោមក្របខណ្ឌ BRI ដែលមានដូចជា គំនិតផ្តួចផ្តើមអភិវឌ្ឍសកល និងគំនិតផ្តួចផ្តើមសន្តិសុខសកល និងក្នុងចំណោមគំនិតផ្តួចផ្តើមផ្សេងទៀត”។