សេតវិមាន បានបញ្ជាក់កាលពីថ្ងៃពុធទី២៨ខែមិថុនាថា លោកប្រធានាធិបតី ចូ បៃដិន អាយុ៨០ឆ្នាំ បានចាប់ផ្តើមប្រើម៉ាស៊ីន CPAP ដើម្បីព្យាបាលអាការ គេងមិនដកដង្ហើម។ ការបញ្ជាក់នេះកើតឡើង បន្ទាប់ពីគេឃើញ ស្នាមនៅលើមុខរបស់គាត់។
ខ្សែរបាំងមុខ ត្រូវបានគេឃើញយ៉ាងច្បាស់ ពេលដែលលោកប្រធានាធិបតី និយាយជាមួយអ្នកសារព័ត៌មាននៅសួន South Lawn កាលពីព្រឹកថ្ងៃពុធ មុនពេលធ្វើដំណើរទៅកាន់ទីក្រុង ឈីកាហ្គោ។អ្នកនាំពាក្យសេតវិមានលោក Andrew Bates បានប្រាប់ DailyMail.com ថា ចាប់តាំងពីឆ្នាំ២០០៨មក លោកប្រធានាធិបតី បានលាតត្រដាងពីប្រវត្តិរបស់គាត់ជាមួយនឹងការគេងមិនដកដង្ហើម នៅក្នុងរបាយការណ៍វេជ្ជសាស្ត្រជាច្រើន។ លោកបានប្រើម៉ាស៊ីន CPAP ដែលជារឿងធម្មតាសម្រាប់អ្នកធ្លាប់មានប្រវត្តិបែបនេះ។នៅអាយុ៨០ឆ្នាំ លោក បៃដិន គឺជាប្រធានាធិបតីចាស់ជាងគេរបស់សហរដ្ឋអាមេរិក ដូច្នេះហើយទើបសេតវិមាន តែងតែត្រូវបានគេចោទសួរអំពីបញ្ហាសុខភាពរបស់លោក ជាពិសេសនៅពេលលោក ចាប់ផ្តើមឈរឈ្មោះសម្រាប់អាណត្តិទីពីរ។
អាការគេងមិនដកដង្ហើមរបស់លោក បៃដិន ត្រូវបានគេដឹងជាសាធារណៈ ចាប់តាំងពីខែតុលា ឆ្នាំ២០០៨មក នៅពេលយុទ្ធនាការឃោសនាបោះឆ្នោតរបស់អតីតប្រធានាធិបតី បារ៉ាក់ អូបាម៉ា ទម្លាយកំណត់ត្រាវេជ្ជសាស្រ្តរបស់បេក្ខជនអនុប្រធានាធិបតី មុនការបោះឆ្នោតឆ្នាំនោះ៕