Alynana Media Cambodia
Icon Collap
clinic narit

ប្រហុក កម្ពុជា កំពុងមានទីផ្សាផ្គត់ផ្គង់​ ទាំងក្នុងស្រុក និងទីផ្សារអន្តរជាតិ

Media LNN | Jun 30, 2023
ប្រហុក កម្ពុជា កំពុងមានទីផ្សាផ្គត់ផ្គង់​ ទាំងក្នុងស្រុក និងទីផ្សារអន្តរជាតិ
Clinic narith

កម្ពុជា មានសមត្ថភាពនៃការផ្គត់ផ្គង់ប្រហុកជាលក្ខណៈពាណិជ្ជកម្ម ប្រមាណចំនួន ៨.៩០០តោន ក្នុងមួយឆ្នាំ ដែល​ចូលរួមផលិតដោយប្រតិបត្តិករសរុបចំនួន ១៨២សហគ្រាសកែច្នៃ នៅទូទាំងប្រទេស សម្រាប់ការផ្គត់ផ្គង់ក្នុងស្រុក និងនាំចេញទៅកាន់ទីផ្សារអន្តរជាតិមួយចំនួនដូចជាប្រទេសបារាំង អាមេរិក កូរ៉េ។

ទាក់ទងនឹងការកែច្នៃប្រហុកសម្រាប់ពាណិជ្ជកម្មនេះ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម បានណែនាំឱ្យមាន​ការស្រាវជ្រាវបន្ថែមឱ្យបានច្បាស់លាស់ សម្រាប់ការប្រកួតប្រជែងនាពេលខាងមុខ ដោយផ្តោតទៅលើទាំង​បច្ចេកទេសនៃការកែច្នៃ ក្លិន រសជាតិ និងខ្សែចង្វាក់តម្លៃតាំងពីអ្នកនេសាទរហូតកែច្នៃ ដើម្បីឱ្យមានប្រសិទ្ធភាព និងនិរន្តរភាពសេដ្ឋកិច្ចពិតប្រាកដ។ លើសពីនេះទៀត ត្រូវយកចិត្តទុកដាក់លើការចុះបញ្ជីកម្មសិទ្ធិបញ្ញា និងឱ្យមានការទទួលស្គាល់ជាលក្ខណៈអន្តរជាតិ។លោករដ្ឋមន្រ្តីលើកឡើងបែបនេះ នៅក្នុងកិច្ចប្រជុំពិភាក្សាការងារស្តីពីការជំរុញការកែច្នៃប្រហុកសម្រាប់ការនាំចេញ និងគម្រោងអភិរក្ស អភិវឌ្ឍន៍ព្រៃកោងកាង ស្ថិតនៅភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប ជាមួយមូលនិធិគីណាល់ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី ២៩ មិថុនា។

 

ប្រហុក ត្រូវបានចាត់ទុកជាអាហារប្រពៃណីសម្រាប់ប្រជាជនកម្ពុជា ដែលជាផលិតផលមួយដ៏សំខាន់​ចូលរួមក្នុងសន្តិសុខ​ស្បៀង និងផ្តល់អាហារូបត្ថម្ភ ជាពិសេសសម្រាប់ប្រជាជននៅទីជនបទ។ បើតាមអង្គការ UNIDO បានឱ្យដឹងថា ប្រជាជន​កម្ពុជាបរិភោគប្រហុកជាមធ្យមប្រមាណចំនួន ១៨ក្រាម សម្រាប់មនុស្សម្នាក់ ក្នុងមួយថ្ងៃ។លោកឧកញ៉ា ហៃ លីអ៊ាង ប្រធានអគ្គនាយកសហគ្រាសប៉េប៉េ អឹម និងក្រុមហ៊ុន Confirel បានលើកឡើងថា សហគ្រាស Confirel បាននិងកំពុងកែច្នៃ ដើម្បីនាំចេញប្រហុក។ បច្ចុប្បន្នក្រុមហ៊ុនបានដាក់ការស្នើសុំ​កម្មសិទ្ធិបញ្ញាថ្នាក់អន្ដរជាតិហើយ នៅពេលដែលទទួលបានកម្មសិទ្ធិបញ្ញាថ្នាក់អន្ដរជាតិ នោះនឹងបង្ហាញ​ក្ដីសង្ឃឹមយ៉ាងច្បាស់លាស់ថា ប្រហុកខ្មែរនឹងមានអនាគតវែងឆ្ងាយ មានតម្លៃ មានតម្រូវការ ក្នុងការនាំចេញ​ទៅប្រទេសក្រៅ។លោកឧកញ៉ាបានបញ្ជាក់ថា «ចំពោះគោលដៅនាំចេញប្រហុក គឺនាំចេញទៅកាន់គ្រប់បណ្ដាប្រទេស ដែលអាចនាំចេញបានព្រោះថា ក្រុមហ៊ុនបានធ្វើទីផ្សារប្រហុកជាមួយនឹងជនជាតិបរទេសកន្លងមកឃើញថា ពីមុនប្រហុកមួយក្រឡប្រើរាប់ខែមិនអស់ទេ ប៉ុន្ដែបន្ទាប់ពីកែច្នៃប្រហុកឃើញថា ត្រឹមតែ១-៣ខែប៉ុណ្ណោះ​ប្រហុកប្រើបានរហូតដល់ ៣០គីឡូក្រាម នេះបង្ហាញទីផ្សារប្រហុកចាប់ផ្ដើមមានជាបណ្ដើៗហើយ»។

លោកឧកញ៉ា លើកឡើងបែបនេះ នៅក្នុងកម្មវិធីពានរង្វាន់ត្នោតមាស ឆ្នាំ២០២៣ ក្រោមប្រធានបទ «ការបង្កើតគុណតម្លៃនៃប្រហុក» ធ្វើឱ្យផលិតផលប្រហុក ក្លាយជាផលិតផលនាំចេញ កាលពីពេលថ្មីៗនេះ។

ដើម្បីជំរុញឱ្យកាន់តែមានប្រសិទ្ធភាព លោក ឌិត ទីណា បានគូសបញ្ជាក់ថា ជាគោលនយោបាយ ត្រូវបង្កើត​ឱ្យមានទីផ្សារកែច្នៃផលិតផលបន្ថែមទាំងធម្មជាតិ និងវារីវប្បកម្ម។ ដោយតម្រូវការទីផ្សារមានការ​កើនឡើងលឿន ដូច្នេះត្រូវកំណត់ប្រភេទពូជត្រីលូតលាស់លឿន និងអាចកែច្នៃបានលឿនទៅតាមតម្រូវការ និងស្តង់ដាទីផ្សារ។ ក្នុងការជំរុញការងារនេះ ក្រសួងជួយគាំទ្រ ទាំងផ្នែកចំណេះដឹង បច្ចេកទេស គោលនយោបាយ និងប្រព័ន្ធផ្សព្វផ្សាយ៕