ប្រាក់បាតថៃត្រូវបានគេរាយការណ៍ថា បានធ្លាក់ថ្លៃរយៈពេល៧ខែជាប់ៗគ្នា ខណៈដែលប្រាក់ដុល្លាសិង្ហបុរី និងប្រាក់រីងហ្គិតម៉ាឡេស៊ី ក៏បានធ្លាក់ថ្លៃផងដែរ បើធៀបនឹងប្រាក់ដុល្លារ។ តម្លៃប្រាក់បាតធ្លាក់ចុះជិត ១ ភាគរយ ខណៈដែលតម្លៃប្រាក់ដុល្លារសិង្ហបុរី និងតម្លៃប្រាក់រីងហ្គិត បានធ្លាក់ចុះបន្តិចបន្តួចប៉ុណ្ណោះ។កាលពីថ្ងៃពុធ រូបិយវត្ថុនានានៅអាស៊ីបាននិងកំពុងតែស្ថិតនៅក្នុងដំណាក់កាលធ្លាក់ថ្លៃ បើធៀបនឹងប្រាក់ដុល្លាររបស់សហរដ្ឋអាមេរិក ខណៈដែលប្រាក់បាតរបស់ថៃបានបន្តធ្លាក់ចុះខ្លាំង ស្របពេលដែលស្ថានភាពនយោបាយមិនច្បាស់លាស់នៅក្នុងប្រទេសនេះកំពុងតែ បន្លាចអ្នកវិនិយោគទុន។
បើតាមសារព័ត៌មានឌីជីថលម៉ាឡេស៊ី the Star បានបង្ហាញថា នៅខែមិថុនានេះ ប្រាក់បាតបានដាំក្បាលចុះ៧ខែជាប់ៗគ្នា រហូតដល់ ០,៨ ភាគរយ ដែលជាកម្រិតទាបបំផុតតាំងពីថ្ងៃទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០២២ រីឯប្រាក់ដុល្លារសិង្ហបុរីក៏ធ្លាក់ចុះដែរតែត្រឹមកម្រិត ០,១ ភាគរយ ហើយប្រាក់រីងហ្គិតធ្លាក់ចុះត្រឹម ០,៣ ភាគរយ។
ការធ្លាក់ចុះនៃប្រាក់បាតថៃនេះ ត្រូវបានអ្នកវិភាគអះអាងថា គឺដោយសារអ្នកវិយោគនៅសង្ស័យថា តើបេក្ខភាពនាយករដ្ឋមន្រ្តីដែលកំពុងតែនាំមុខគេ អាចនឹងទទួលបានការគាំទ្រគ្រប់គ្រាន់ពីស្ថាប័ននិតិប្បញ្ញត្តិដែលកើតពីការបោះឆ្នោតកាលពីខែឧសភានៅកិច្ចប្រជុំដំបូងនាសប្តាហ៍ក្រោយ ដើម្បីក្លាយជានាយករដ្ឋមន្រ្តីថ្មីរបស់ថៃឬអត់។លោក ផន ផានិចភីបុល (Poon Panichpibool) អ្នកយុទ្ធសាស្រ្តទីផ្សាររបស់ធនាគារក្រុងថៃ បានឲ្យដឹងថា វាហាក់ដូចជានៅតែមានបញ្ហាមិនចុះសម្រុងខ្លះ រវាងគណបក្សភឿថៃ និងគណបក្សឆ្ពោះទៅមុខ ពាក់ព័ន្ធនឹងតំណែងប្រធានសភា ដែលនាំទៅដល់ភាពមិនច្បាស់លាស់អំពីការបង្កើតរដ្ឋាភិបាលចម្រុះរបស់គណបក្សទាំងពីរ។
លោកបានអះអាងថា បញ្ហានេះអាចនឹងនាំឲ្យតម្លៃប្រាក់បាតថៃនៅក្នុងខែកក្កដា ប្រឈមមុខនឹងភាពទន់ខ្សោយបន្ថែមទៀត។
បើគិតពីដើមឆ្នាំ២០២៣ រហូតដល់ពេលនេះ តម្លៃប្រាក់បាតថៃបានធ្លាក់ចុះរហូតដល់ទៅ ២,២ ភាគរយ ដែលធ្វើឲ្យប្រាក់បាតក្លាយជារូបិយបណ្ណមួយនៅក្នុងចំណោមរូបិយប័ណ្ណដែលដំណើរការអាក្រក់បំផុត នៅក្នុងតំបន់អាស៊ីអគ្នេយ៍។ ធនាគារកណ្តាលរបស់ថៃបាននិយាយកាលពីថ្ងៃអង្គារ៍ថា ខ្លួននឹងបន្ធូរបន្ថយបទប្បញ្ញត្តិទាក់ទងនឹងអត្រាប្តូរប្រាក់បរទេសនៅឆមាសទី២ ដើម្បីលើកទឹកចិត្តឲ្យមានរំហូរមូលនិធិចេញ ស្របពេលដែលលុយបាតបន្តប្រែប្រួលខ្លាំង៕