សហភាពអឺរ៉ុប៖ ក្រុមមេដឹកនាំរបស់សហភាពអឺរ៉ុបបានជួបប្រជុំគ្នា ដើម្បីពិភាក្សាគ្នាជុំវិញស្ថានការណ៍នយោបាយក្នុងប្រទេសរុស្ស៊ីក្រោយពីមានការប៉ុនប៉ងបះបោរប្រដាប់អាវុធពីសំណាក់ក្រុមទាហានស៊ីឈ្នួលវេកន័រ និងជជែកស្វែងរកអំពីតួនាទីចំាបាច់របស់សហភាពអឺរ៉ុបក្នុងការជួយប្រទេសអ៊ុយក្រែនដើម្បីពង្រឹង និងការពារសន្ដិសុខជាតិរបស់ខ្លួនឱ្យបានគង់វង់សម្រាប់ពេលបច្ចុប្បន្ន និងនៅថ្ងៃអនាគត។
នៅក្នុងកិច្ចប្រជុំដែលបានធើ្វឡើងក្នុងទីក្រុងប្រ៊ុចសែលប្រទេសអាឡឺម៉ង់ ក្រុមមេដឹកនាំសហភាពអឺរ៉ុបបានបេ្តជ្ញាចិត្តនឹងបន្តផ្តល់ការគាំទ្រសម្រាប់អ៊ុយក្រែនដើម្បីប្រយុទ្ធតទល់នៅក្នុងសង្រ្គាមឈ្លានពានរបស់រុស្ស៊ីដែលបានអូសបន្លាយទៅអស់រយៈពេលជាង ១៦ខែ។
ក្នុងឱកាសកិច្ចប្រជុំកាលពីថ្ងៃព្រហស្បតិ៍ ក៏មានវត្តមានរបស់អគ្គលេខាធិការអង្គការណាតូលោក Jens Stoltenberg ចូលរួមនៅក្នុងកិច្ចពិភាក្សានាអាហារថ្ងៃត្រង់ផងដែរ ខណៈប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy ត្រូវបានគេរំពឹងថានឹងចូលរួមថ្លែងសុន្ទរកថាទៅកាន់អង្គប្រជុំតាមរយៈប្រព័ន្ធវីដេអូសន្ទនា។
គួរបញ្ជាក់ថា កិច្ចប្រជុំកំពូលមានរយៈពេលពីរថ្ងៃនេះ គឺជាជំនួបផ្លូវការជាប្រចាំមួយរបស់ក្រុមមេដឹកនាំប្រទេសជាសមាជិកសហភាពអឺរ៉ុប ដើម្បីចូលរួមពិភាក្សាគ្នាជុំវិញបញ្ហាប្រឈមសំខាន់ៗ រួមមានបញ្ហាជនចំណាកស្រុក សន្តិសុខជាតិ និងសេដ្ឋកិច្ចជាដើម។ យ៉ាងណាមិញ សម្រាប់ជំនួបកាលពីម្សិលមិញនេះ គឺផ្តោតសំខាន់ទៅលើស្ថានការណ៍យោធានៅអ៊ុយក្រែន ក៏ដូចជាការវិវត្តន៍នៃរបត់នយោបាយក្នុងប្រទេសរុស្ស៊ីបន្ទាប់ពីការបះបោរប្រដាប់អាវុធរយៈពេលខ្លីដ៏គួរឱ្យភ្ញាក់ផ្អើលរួចមក ៕