ក្រុមអ្នកជំនាញថវិកានៅសភាអាមេរិកព្រមានថា បំណុលជាតិអាមេរិកនឹងកើនឡើងជិតទ្វេរដងនៅរយៈពេល ៣ ទសវត្សរ៍ខាងមុខ ហើយអត្រាទូទាត់ការប្រាក់នឹងកើន ៣ ដងទាក់ទងនឹងផលិតផលក្នុងស្រុកសរុប (GDP) ។ការិយាល័យថវិកាសភា (CBO) ព្រមានក្នុងរបាយការណ៍មួយថា ប្រសិនបើច្បាប់បច្ចុប្បន្ននៅតែមិនផ្លាស់ប្តូរ នោះបំណុលឆ្នាំនេះរបស់រដ្ឋាភិបាលសហព័ន្ធនឹងកើនឡើងពី ៩៨ ភាគរយនៃ GDP ដល់ ១០៧ ភាគរយនៅឆ្នាំ ២០២៩ និងដល់ ១៨១ ភាគរយនៅឆ្នាំ ២០៥៣ ។
CBO បានឲ្យដឹងទៀតថា ការកើនឡើងបំណុលខ្ពស់បែបនេះ នឹងធ្វើឲ្យកំណើនសេដ្ឋកិច្ចថយចុះ ជំរុញការទូទាត់ការប្រាក់ដល់ម្ចាស់បំណុលបរទេស និងបង្កហានិភ័យយ៉ាងសំខាន់ចំពោះទស្សនវិស័យសារពើពន្ធ និងសេដ្ឋកិច្ច ។
បច្ចុប្បន្ន បំណុលសរុបសហរដ្ឋអាមេរិក មានចំនួនជាង ៣២ ពាន់ពាន់លានដុល្លារ បន្ទាប់ពីរដ្ឋាភិបាលបានផ្អាកបំណុលអតិបរមាកាលពីដើមខែ ហើយក្រៅពីបំណុល អាមេរិកក៏បានព្យាយាមដំឡើងអត្រាការប្រាក់ជាបន្តបន្ទាប់ផងដែរ រហូតដល់ទៅ ៥.២៥ ភាគរយ ដើម្បីទម្លាក់អតិរណាឲ្យមកនៅកម្រិត ២ ភាគរយវិញ ប៉ុន្តែការដំឡើងនេះ មិនសូវជាធ្វើឲ្យសេដ្ឋកិច្ចអាមេរិកល្អប្រសើរនោះទេ ។បើតាមអ្នកយុទ្ធសាស្ត្រទីផ្សារលោក Charlie Billo បានឲ្យដឹងថា ក្នុងត្រីមាសទី១ ឆ្នាំនេះ ការទូទាត់អត្រាការប្រាក់ដោយរដ្ឋាភិបាលអាមេរិក កើនដល់ ៣.៥ ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) ដោយកើនពី ២.៤ ភាគរយ ក្នុងរយៈពេលដូចគ្នា បើប្រៀបធៀបនឹងឆ្នាំ ២០២២ ដែលជាការកើនឡើងដ៏ធំបំផុត ។
បន្ថែមពីនេះ ការិយាល័យ CBO ក៏បានព្យាករណ៍ដែរថា គម្លាតរវាងការចំណាយ និងប្រាក់ចំណូលជាទូទៅនឹងកើនឡើងក្នុងប៉ុន្មានទសវត្សរ៍ខាងមុខនេះ ដោយឈានដល់ ១០ ភាគរយនៃ GDP នៅឆ្នាំ ២០៥៣ ៕