ភ្នំពេញ៖ សហរដ្ឋអាមេរិកបានផ្តល់ជំនួយជាង៣ពាន់លានដុល្លារអាមេរិកដល់កម្ពុជារយៈពេល៣០ឆ្នាំចុងក្រោយនេះគឺសម្រាប់គាំទ្រវិស័យអប់រំ សុខាភិបាល វប្បធម៌ កសិកម្ម បរិស្ថាន លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងការបោសសម្អាតយុទ្ធភណ្ឌមិនទាន់ផ្ទុះ និងគ្រាប់មីនជាដើម។
នេះជាការលើកឡើងរបស់អនុប្រធានទី១ អាជ្ញាធរមីន ឯកឧត្តម លី ធុជ ស្ថិតក្នុងពិធីប្រារព្ធខួបលើកទី២៤៧ នៃទិវាបុណ្យឯករាជ្យជាតិ នៃសហរដ្ឋអាមេរិក កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ ជាមួយឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា លោក Patrick Murphy។
ឯកឧត្តម លី ធុជ ក៏បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងការទូតយ៉ាងស្និទ្ធស្នាល និងមានកិច្ចសហប្រតិបត្តិការល្អក្នុងវិស័យជាច្រើននៃផលប្រយោជន៍រួម។
ឯកឧត្តម លី ធុជ បានលើកឡើងថា ក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃមេរោគកូវីដ-១៩ សហរដ្ឋអាមេរិក ក៏បានបរិច្ចាគវ៉ាក់សាំងកូវីដ-១៩ ជាង៣លានដូស និងផ្តល់ជំនួយចំនួន១៦លានដុល្លារដល់ប្រទេសកម្ពុជា។ ក្នុងវិបត្តិកូវីដ-១៩ ទោះបីយ៉ាងណាប្រទេសទាំងពីរនៅតែបន្តពង្រីកដោយឈានដល់ជាង ១២ ពាន់លានដុល្លារក្នុងឆ្នាំ ២០២២ ដែលកើនឡើង ៤០ ភាគរយបើធៀបនឹងឆ្នាំមុន ខណៈសហរដ្ឋអាមេរិកនៅតែជាទីផ្សារនាំចេញដ៏ធំបំផុតរបស់កម្ពុជា។
អនុប្រធានទី១ អាជ្ញាធរមីន ឯកឧត្តម លី ធុជ បានបន្ថែមថា អាមេរិកក៏បានជួយគាំទ្រដល់សកម្មភាពបោសសំអាតមីននៅកម្ពុជា ដោយចាប់តាំងពីឆ្នាំ១៩៩៣មកដល់បច្ចុប្បន្ន អាមេរិកបានផ្តល់ជំនួយដល់កម្ពុជាប្រមាណជាង១៩០លានដុល្លារ ដែលជំនួយនេះបានរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយជនរងគ្រោះដោយសារមីននៅក្នុងប្រទេសកម្ពុជា និងបន្តគាំទ្រដល់កម្ពុជាសម្រេចគោលដៅអស់មីននៅឆ្នាំ២០២៥៕