អារ៉ាប៊ីសាអ៊ូឌីត៖ ការស្ទង់មតិរបស់ទីភ្នាក់ងារព័ត៌មាន Reuters បានបង្ហាញថា ក្រុមហ៊ុនចម្រាញ់ប្រេងអាស៊ី រំពឹងថា អារ៉ាប៊ីសាអ៊ូឌីត នឹងកាត់បន្ថយតម្លៃសម្រាប់ការផ្គត់ផ្គត់ប្រេងឆៅរបស់ខ្លួនទៅដល់តំបន់នេះនៅខែសីហា ទោះបីជាប្រទេសនាំប្រេងចេញដ៏ធំបំផុតនេះ បានសន្យាកាត់បន្ថយបរិមាណផលិតដ៏ច្រើននៅក្នុងខែកក្កដា ជាផ្នែកនៃកិច្ចព្រមព្រៀង របស់ក្រុមអូប៉ិចបូក(OPEC+) ដ៏ទូលំទូលាយក៏ដោយ។ ប្រទេសអារ៉ាប៊ីសាអ៊ូឌីតក្នុងខែមិថុនា បានដំឡើងថ្លៃដោយមិននឹកស្មានដល់សម្រាប់ទំនិញនានាប្រចាំខែកក្កដា ដោយបញ្ចូលទាំងចំណែកតិចតួចរបស់ក្រុមហ៊ុនចម្រាញ់ប្រេងអាស៊ី។
ដើម្បីទ្រទ្រង់តម្លៃសកលដែលបានធ្លាក់ចុះដោយសារតែការដំឡើងអត្រាការប្រាក់និងការព្រួយបារម្ភពីឱនភាព អ្នកផលិតប្រេងមួយនេះបានស្ម័គ្រកាត់បន្ថយទិន្នផលត្រឹម១លានបារ៉ែក្នុង១ថ្ងៃ នៅក្នុងខែកក្កដា នៅលើកិច្ចព្រមព្រៀងរបស់ក្រុម OPEC+ទូលំទូលាយ ដើម្បីកំណត់ការផ្គត់ផ្គង់ក្នុងឆ្នាំ២០២៤។
ក្រុមហ៊ុនប្រេងរដ្ឋ Saudi Aramco ត្រូវបានគេរឹពឹងថា នឹងកាត់បន្ថយតម្លៃលក់ផ្លូវការ ( OSP) សម្រាប់ប្រេងឆៅអារ៉ាប់នៅក្នុងខែសីហា ត្រឹមប្រហែល៥០សេនក្នុង១បារ៉ែលមុនឈានដល់ខែកំណត់ នេះបើយោងតាមការស្ទង់មតិរបស់ទីភ្នាក់ងារព័ត៌មានReuters។OSP ខែកក្កដាសម្រាប់ចំណាត់ដឹកជញ្ជូនបានឡើងដល់កម្រិតខ្ពស់រយៈពេល៦ខែ គឺ៣ដុល្លារក្នុង១បារ៉ែល លើសពីតម្លៃមធ្យមរបស់ទីក្រុងឌូបៃ និងអូម៉ង់។
អ្នកឆ្លើយតបក្នុងការស្ទង់មតិម្នាក់ បាននិយាយថា៖«អារ៉ាប៊ីសាអ៊ូឌីត ចាំបាច់ត្រូវកាត់បន្ថយតម្លៃ ដើម្បីឆ្លុះបញ្ជាំងពីចលនាទីផ្សារ។ ពួកគេ បានបោះជំហានទៅមុខហួសបន្តិចពីការពិត កាលពី២-៣ខែកន្លងទៅនេះ»៕