ទីភ្នាក់ងារអាកាសធាតុក្នុងតំបន់បានព្យាករណ៍កាលពីថ្ងៃចន្ទថា ភាគខាងត្បូងប្រទេសវៀតណាមនឹងមានភ្លៀងធ្លាក់ជាប់ៗគ្នាក្នុងកម្រិតតិចតួច ប៉ុន្តែក៏លាយឡំនឹងខ្យលកួច ខ្យល់បក់ខ្លាំង និងផ្លេកបន្ទោរផងដែរ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៧ ខែកក្កដាខាងមុខនេះ ។ទីភ្នាក់ងារបានព្យាករណ៍ទៀតថា បន្ទាប់ពីព្រះអាទិត្យរះនៅពេលព្រឹករួចហើយ អាកាសធាតុពេលរសៀល និងពេលល្ងាចនៅតំបន់ភាគខាងត្បូង និងតាមតំបន់ផ្សេងៗទៀតនឹងប្រែមកជាភ្លៀងធ្លាក់ និងផ្គរលាន់ ដែលអាចនឹងកើតឡើងចាប់ពីថ្ងៃព្រហស្បតិ៍តទៅ ជាពិសេសតំបន់ភ្នំជាច្រើននឹងគ្របដណ្តប់ដោយភ្លៀងធ្លាក់ខ្លាំងនៅពេលយប់ ។
ចំណែកនៅទីក្រុងហាណូយវិញ នឹងទទួលរងនូវអាកាសធាតុក្តៅរហូតដល់ ៣៧ អង្សាសេនៅពេលថ្ងៃ ប៉ុន្តែប្រែទៅជាមានព្យុះភ្លៀង ខ្យល់កួច និងរន្ទះនៅពេលយប់ ខណៈតំបន់ភាគឦសានក៏នឹងជួបប្រទះអាកាសធាតុដូចគ្នានឹងទីក្រុងហាណូយដែរ ប៉ុន្តែសីតុណ្ហភាពអាចឡើងដល់ ៣៨ អង្សាសេ ។ស្របពេលជាមួយគ្នានេះ តំបន់ក្នុងខេត្ត Da Nang និងខេត្ត Binh Thuan នៅឆ្នេរសមុទ្រភាគកណ្តាលនៃប្រទេសវៀតណាម នឹងជួបប្រទះនូវរលកកម្ដៅនៅពេលថ្ងៃ ខណៈនៅតាមតំបន់មួយចំនួនផ្សេងទៀត មានព្យុះភ្លៀង ចាប់ពីពេលរសៀលរហូតដល់ពេលយប់ ។
ដោយឡែក នៅតំបន់ខ្ពង់រាបកណ្តាលវិញ ក៏ទំនងជានឹងមានភ្លៀងធ្លាក់ខ្លាំងផងដែរ ហើយអាកាសធាតុនឹងក្តៅតិចបំផុត ពោលនៅសីតុណ្ហភាពអតិបរមា ៣១ អង្សាសេប៉ុណ្ណោះ ៕