អន្តរជាតិ៖ បើយោងតាមទិន្នន័យដែលចេញផ្សាយដោយសហព័ន្ធស្រូវអង្ករមីយ៉ាន់ម៉ា (MRF) បានឱ្យដឹងថា ប្រទេសនេះបាននាំចេញអង្ករ និងអង្ករខូចចំនួន ២៦១,០៧៩ តោននៅក្នុងត្រីមាសទីមួយនៃឆ្នាំសារពើពន្ធ ២០២៣-២៤។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។
កាលពីឆ្នាំមុនការនាំ ចេញអង្ករខូចមានចំនួនជាង ៥៥០,៥៤៧ តោន ។ តាមទិន្នន័យបានបង្ហាញថា ការនាំចេញអង្ករ និងអង្ករខូចក្នុងរយៈពេលបីខែដំបូងនៃឆ្នាំសារពើពន្ធបច្ចុប្បន្នរួមមានអង្ករចំនួន ១២២,២៤៣ តោន និងអង្ករខូចចំនួន ១៣៨,៨៣៦ តោន។ សហព័ន្ធបាននិយាយថា មីយ៉ាន់ម៉ាបានដឹកជញ្ជូនអង្ករនាំចេញ និងអង្ករខូចចំនួន ២៤៦,១៦២ តោនតាមផ្លូវសមុទ្រ ហើយផ្សេងទៀតនៅតាមច្រកព្រំដែនគោក។ ប្រទេសនេះបាននាំចេញអង្ករ និងអង្ករខូចទៅជាង ២០ ប្រទេស រួមមាន ចិន អាល្លឺម៉ង់ ទួរគី អេស្បាញ ប៊ុលហ្គារី ប៉ូឡូញ បែលហ្ស៊ិក និងហូឡង់ជាដើម។ ទិន្នន័យ MRF បានបង្ហាញថា ប្រទេសមីយ៉ាន់ម៉ារកចំណូលបាន ៨៥៣,៤៧២ លានដុល្លារអាមេរិកពីការនាំចេញអង្ករជាង ២,២ លានតោន និងអង្ករខូចក្នុងឆ្នាំសារពើពន្ធ ២០២២-២៣ ។នៅក្នុងប្រទេសនេះ ស្រូវជាដំណាំ ដែលគេដាំដុះច្រើនជាងគេ បន្ទាប់ មកសណ្តែក និង គ្រាប់ធញ្ញជាតិ ៕