អ្នកនាំពាក្យរងរដ្ឋាភិបាលថៃ លោកស្រី ត្រៃស៊ូរី តៃសារ៉ាណាគុល (Traisuree Taisaranakul) បាននិយាយថា នាយករដ្ឋមន្ត្រីថៃ លោក ប្រយុធ ចាន់អូចា (Prayut Chan-o-cha) បានជំរុញឱ្យភ្នាក់ងារពាក់ព័ន្ធនានាសម្រួលនីតិវិធីដើម្បីឱ្យប្រទេសនេះអាចសម្រេចបាននូវគោលដៅនៃការទទួលបានភ្ញៀវទេសចរចំនួន ២៥លាននាក់នៅឆ្នាំនេះ។
លោកស្រីបាននិយាយថា ជាមួយនឹងការដាក់ឱ្យប្រើប្រាស់នៅក្នុងខែនេះនូវប្រព័ន្ធត្រួតពិនិត្យទិដ្ឋាការ (VPSS) ដោយអាជ្ញាធរទេសចរណ៍ថៃ (TAT) និងក្រសួងការបរទេស វាបានជួយពន្លឿនដល់ដំណើរការនៃពាក្យសុំទិដ្ឋាការទេសចរណ៍ និងជឿជាក់ថាវានឹងសម្រេចបានគោលដៅដែលបានកំណត់។
គិតត្រឹមថ្ងៃទី២៥ ខែមិថុនា ភ្ញៀវទេសចរក្នុងប្រទេសថៃមានចំនួន ១២,៤៦លាននាក់ ដោយកើនឡើង ៥៣៩% បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ប្រទេសកំពូលទាំងប្រាំដែលជាប្រភពនៃអ្នកទេសចរទៅកាន់ប្រទេសថៃនោះ រួមមានប្រទេសម៉ាឡេស៊ី (១,៩៨លាននាក់) ចិន (១,៣៨លាននាក់) រុស្ស៊ី (៧៨៤.០០០នាក់) កូរ៉េខាងត្បូង (៧៤១.០០០នាក់) និងឥណ្ឌា (៧៣២.០០០នាក់)។
លោកស្រីបាននិយាយថា យោងតាមការប៉ាន់ប្រមាណរបស់ទីភ្នាក់ងារ TAT បានឱ្យដឹងថា ចំនួនភ្ញៀវទេសចរបរទេសដែលទៅដល់ប្រទេសថៃនឹងបំពេញតាមគោលដៅដែលបានកំណត់ចំនួន ២៥លាននាក់ ដែលក្នុងនោះរួមទាំង ៥លាននាក់ទៅពីប្រទេសចិនផងដែរ៕