សហរដ្ឋអាមេរិក គឺជាដៃគូពាណិជ្ជកម្មធំលំដាប់ទី២ របស់កម្ពុជា បន្ទាប់ពីប្រទេសចិន ថែមទាំងជាទីផ្សារគោលដៅសម្រាប់នាំចេញទំនិញសំខាន់ៗ ជាពិសេសផលិតផលកាត់ដេរវាយភណ្ឌ សម្លៀកបំពាក់និងស្បែកជើង ជាដើម។ ក៏ប៉ុន្តែ បើទោះជាបែបនេះក្ដី បញ្ហាប្រឈមរបស់ពិភពលោកដែលបានកើតឡើងជាបន្តបន្ទាប់ នាពេលកន្លងមក ក៏បានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដែលធ្វើឲ្យទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-អាមេរិក បានធ្លាក់ចុះនៅមួយរយៈចុងក្រោយ។
ដើម្បីបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងអាមេរិក ថ្មីៗនេះភាគីទាំងពីរ ក៏បានជួបពិភាក្សាការងារជាមួយគ្នា ដើម្បីបន្តពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យការងារ ជំរុញការវិនិយោគ និងបង្កើតឱកាសការងារបន្ថែម តាមរយៈជំរុញការនាំចេញផលិតផលកម្ពុជាទៅកាន់ទីផ្សារសហរដ្ឋអាមេរិកបន្ថែមទៀត។
សហរដ្ឋអាមេរិកគឺជាទីផ្សារនាំចេញដ៏ធំបំផុតមួយរបស់ប្រទេសកម្ពុជា ដោយក្នុងមួយឆ្នាំៗទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសពីរទទួលបានរាប់ពាន់លានដុល្លារអាមេរិក។ ជាមួយគ្នានេះ កម្ពុជា-អាមេរិក នូវតែបន្តប្ដេជ្ញាបន្តពង្រីកកិច្ចសហប្រតិបត្តិការសំដៅជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឲ្យកាន់តែល្អប្រសើរថែមទៀត។ ជាក់ស្តែងនៅរយៈពេល ៥ខែក្នុងឆ្នាំ២០២៣ ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងសហរដ្ឋអាមេរិក សម្រេចបានក្នុងទំហំទឹកប្រាក់ជាង ៣ពាន់២រយលានដុល្លារ បានធ្លាក់ចុះជិត១៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះ ការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារសហរដ្ឋអាមេរិក សម្រេចបានទំហំទឹកប្រាក់ជាង ៣ពាន់១រយលានដុល្លារ បានថយចុះ ១៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។
ដោយឡែក សម្រាប់ការនាំចូលពីសហរដ្ឋអាមេរិក មកកម្ពុជាវិញ សម្រេចបានក្នុងទំហំទឹកប្រាក់ជាង៩០លានដុល្លារ ថយចុះ ៣០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ លោកបណ្ឌិត ហុង វណ្ណៈ អ្នកវិភាគសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជា បានកត់សម្គាល់ឃើញថា ទំនាក់ទំនងពាណិជ្ជកម្មកម្ពុជា និងសហរដ្ឋអាមេរិក នារយៈពេល៥ខែឆ្នាំ២០២៣ ហាក់មានការថយចុះ ក៏ពិតមែន តែដំណើរការនៃការនាំចេញទំនិញកម្ពុជា ទៅកាន់សហរដ្ឋអាមេរិក នៅតែដំណើរការជាធម្មតា។ បើតាមអ្នកជំនាញរូបនេះ ដ្បិតទំហំពាណិជ្ជកម្មទ្វេភាគី ហាក់ថយចុះ តែទំនាក់ទំនងទ្វេភាគីនៅតែមានភាពល្អប្រសើរ ហើយបញ្ហានៃការធ្លាក់ចុះការនាំចេញរបស់កម្ពុជាទៅកាន់សហរដ្ឋអាមេរិក នារយៈពេល៥ខែនេះ ក៏មិនបានជះឥទ្ធិពលធ្ងន់ធ្ងរសម្រាប់កម្ពុជា នោះដែរ។