កាលពីថ្ងៃអាទិត្យទី៩ខែកក្កដា ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន មានជំនឿថា សហរដ្ឋអាមេរិកនិងចិន អាចបង្កើតទំនាក់ទំនងការងារ ដែលនឹងផ្តល់ផលប្រយោជន៍ដល់ភាគីទាំងពីរ។
លោក បៃដិន និយាយថា “ខ្ញុំគិតថា មានវិធីដើម្បីដោះស្រាយនិងបង្កើតទំនាក់ទំនងការងារជាមួយប្រទេសចិន ដែលផ្តល់ផលប្រយោជន៍ដល់ពួកគេ និងយើង”។
ជាមួយគ្នានេះ លោកបានបញ្ចេញមតិថា មេដឹកនាំចិន លោក ស៊ី ជីនពីង ចង់ឲ្យចិន ជំនួសសហរដ្ឋអាមេរិក ក្នុងនាមជាមហាអំណាចពិភពលោក។
លោក បៃដិន អះអាងថា “ខ្ញុំមានទំនុកចិត្តថា លោក ស៊ី ចង់ឲ្យចិន ក្លាយជាប្រទេសមានសេដ្ឋកិច្ចធំ និងសមត្ថភាពយោធាធំបំផុតក្នុងពិភពលោក។ លោក ស៊ី ក៏ចង់សរសេរច្បាប់នៃសណ្តាប់ធ្នាប់អន្តរជាតិមួយចំនួន ឡើងវិញផងដែរ ប៉ុន្តែមិនមែនទាំងអស់ឡើយ”។
ប្រធានាធិបតីសហរដ្ឋអាមេរិក បានធ្វើសេចក្តីថ្លែងការណ៍បែបនេះ ខណៈលោករៀបនឹងចាកចេញទៅចក្រភពអង់គ្លេស ដើម្បីជួបជាមួយស្តេច Charles ទី៣ មុនពេលបន្តទៅប្រទេសលីទុយអានី សម្រាប់កិច្ចប្រជុំកំពូលរបស់អង្គការណាតូនៅថ្ងៃទី១១-១២ខែកក្កដា ហើយបន្ទាប់មក ឈប់សំចតចុងក្រោយនៅប្រទេសហ្វាំងឡង់។
ហើយការអត្ថាធិប្បាយរបស់លោក បៃដិន ពាក់ព័ន្ធប្រទេសចិន ក៏បានកើតឡើងផងដែរ ចំពេលមានភាពខ្វែងគំនិតគ្នាផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុរវាងប្រទេសទាំងពីរ។
ទំនាក់ទំនងរវាងអាមេរិកនិងចិន មានភាពតានតឹងដោយសារ ការរឹតត្បិតរបស់សហរដ្ឋអាមេរិក លើការនាំចេញទំនិញនិងសេវាកម្ម, ការបន្តយកពន្ធលើទំនិញចិន, ការគំរាមកំហែងរបស់ទីក្រុងវ៉ាស៊ីនតោនប្រឆាំងនឹងទីក្រុងប៉េកាំង ជុំវិញកិច្ចសហប្រតិបត្តិការក្រោយៗទៀតជាមួយទីក្រុងមូស្គូ, កំណើនពាណិជ្ជកម្មពិភពលោកជាប្រាក់យ័ន និងការថយចុះឥទ្ធិពលនៃប្រាក់ដុល្លារអាមេរិកនៅទូទាំងពិភពលោក៕