ក្រុមអ្នកជំនាញសេដ្ឋកិច្ចហ្វីលីពិនកំពុងតែរៀបចំផែនការនិងយុទ្ធសាស្រ្តនានាដើម្បីធ្វើយ៉ាងណាកាត់បន្ថយឱនភាពសារពើពន្ធរបស់ប្រទេសដែលមានវិបត្តិកាលពីអំឡុងពេលរីករាលដាលនៃមេរោគកូវីដ ១៩ ឲ្យមកនៅកម្រិតប្រហែលមុនកូវីដ១៩ឡើងវិញ ។ បំណុលសរុបរបស់ប្រទេសនេះបានឡើងដល់ប្រមាណជា១៤ទ្រីលានប៉េសូ ឬប្រមាណជា ២៥៤ ពាន់លានដុល្លារ ។
លោក បេនចាមីន ឌីយូកណូ (Benjamin Diokno) រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុហ្វីលីពិន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ក្រុមសេដ្ឋកិច្ចរបស់រដ្ឋាភិបាលមានគោលបំណងកាត់បន្ថយឱនភាពសារពើពន្ធរបស់ប្រទេស ហើយជំរុញសេដ្ឋកិច្ចឲ្យវិលត្រលប់ទៅកម្រិតមុនការរាតត្បាតនៃជំងឺកូវីដ១៩ ។
នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន ABS News CBN លោក ឌីយូកណូ បាននិយាយថា វិបត្តិកូវីដ១៩បានធ្វើឱ្យឱនភាពថវិការបស់ហ្វីលីពីនកាន់តែអាក្រក់ ពោលគឺលើសកម្រិត៣ភាគរយ ប៉ុន្តែនៅពេលនេះរដ្ឋាភិបាលចង់ជំរុញសេដ្ឋកិច្ចនិងកាត់បន្ថយឱនភាពនេះឲ្យនៅត្រឹមកម្រិតពីមុន។
លោកបានអះអាងថា ក្រុមសេដ្ឋកិច្ចកំពុងស្វែងរកលទ្ធភាពដើម្បីបង្រួមផលធៀបរវាងបំណុលនិងផលិតផលក្នុងស្រុកសរុបរបស់ហ្វីលីពីន ដើម្បីបង្ហាញពីលទ្ធភាពរបស់ប្រទេសក្នុងការសងបំណុលរបស់ខ្លួន។
មកដល់ពេលនេះ អនុបាតបំណុលហ្វីលីពិនធៀបទៅនឹង GDP គឺកើនឡើង ដោយមុនពេលមានជំងឺរាតត្បាត វាមានត្រឹមតែ ៤០ ភាគរយ តែពេលនេះវាឡើងដល់៦១ ភាគរយហើយ ។
លោក ឌីយូកណូ បាននិយាយថា “យើងមានគម្រោងកាត់បន្ថយវាឲ្យមកនៅត្រឹមប្រហែល ៥១ ភាគរយនៅពេលបញ្ចប់អាណត្តិរបស់ប្រធានាធិបតី” ។
នៅពេលនេះ ក្រុមសេដ្ឋកិច្ចកំពុងអនុវត្តក្របខ័ណ្ឌសារពើពន្ធរយៈពេលមធ្យម ដែលលោក ឌីយូកណូ បាននិយាយថា "នេះគឺជាករណីលើកដំបូងដែលមិនធ្លាប់មាននៅក្នុងប្រទេស" ។
លោកបានបន្តថា រដ្ឋបាលរបស់ប្រធានាធិបតីម៉ាកូស ក៏មានគោលបំណងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនឲ្យមកត្រឹម ៩ ភាគរយដែរ ខណៈដែលទិន្នន័យរបស់ធនាគារពិភពលោកបានបង្ហាញនៅមុននេះថា អត្រានៃភាពក្រីក្ររបស់ប្រទេសហ្វីលីពីនគឺនៅក្នុងកម្រិតជិត ១៨ ភាគរយ ក្នុងឆ្នាំ ២០២១ ហើយធ្លាក់ចុះមកនៅត្រឹម ១៣,៥ ភាគរយនៅឆ្នាំ២០២៣ និងបន្តធ្លាក់ចុះដល់ ១០,៥ ភាគរយនៅឆ្នាំ២០២៥ ។
មកដល់ចុងខែឧសភា ការិយាល័យរតនាគារហ្វីលីពិនបានអះអាងថា បំណុលសរុបរបស់ហ្វីលីពីនបានឈានដល់ទំហំមិនធ្លាប់មាន ពោលគឺជាង ១៤ ទ្រីលានប៉េសូ ឬប្រមាណជា២៥៤ ពាន់លានដុល្លារ នៅចុងខែឧសភាឆ្នាំមុន៕