Alynana Media Cambodia
Icon Collap
clinic narit

ការនាំចេញផលិតផលកសិកម្មកម្ពុជាធ្លាក់ចុះ២២%នៅឆមាសទី១ឆ្នាំនេះ

Media LNN | Jul 10, 2023
ការនាំចេញផលិតផលកសិកម្មកម្ពុជាធ្លាក់ចុះ២២%នៅឆមាសទី១ឆ្នាំនេះ
Clinic narith
យោងតាមរបាយការណ៍ស្ដីពីស្ថានភាពនៃការនាំចេញកសិផលនៅឆមាសទី១ ឆ្នាំ២០២៣ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានបង្ហាញថា នៅឆមាសទី១ ឆ្នាំនេះ កម្ពុជាទទួលបានចំណូលជាង ២ពាន់៤រយលានដុល្លារពីការនាំចេញផលិតផលកសិកម្មទៅកាន់ទីផ្សារអន្តរជាតិ ក្នុងបរិមាណសរុបជិត ៤លានតោន មានការថយចុះជាង ២២% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២។

មន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្មបានអះអាងថា កត្តាប្រឈមចម្បងៗ ដែលធ្វើឲ្យការនាំចេញកសិផលកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ ធ្លាក់ចុះនាឆមាសទី១ ឆ្នាំនេះ មានដូចជា វិបត្តិសេដ្ឋកិច្ចសាកលលោក, ការប្រែប្រួលអាកាសធាតុ, ការនាំចេញដោយគ្មានការស្នើសុំវិញ្ញាបនបត្រភូតគាមអនាម័យ និងកំណើននៃការស្រូបទាញវត្ថុធាតុដើមក្នុងស្រុកដើម្បីផលិតចំណីសត្វ ជាដើម។

ជុំវិញនៃការថយចុះការនាំចេញកសិផលនេះដែរត្រូវបាន ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម បានគូសបញ្ជាក់ថា កត្តាប្រឈមមួយចំនួនដែលធ្វើឲ្យការថយចុះនៃការនាំចេញកសិផលនៅឆមាសទី១ នាឆ្នាំនេះ រួមមាន វិបត្តិសេដ្ឋកិច្ចសាកលលោក ដែលបណ្ដាលឲ្យការបញ្ជាទិញទំនិញគ្រប់ប្រភេទមានការថយចុះ និងបង្អាក់ចរន្តពាណិជ្ជកម្ម។ ឯកឧត្តមបានបន្តថា កំណើននៃការស្រូបទាញវត្ថុធាតុដើមក្នុងស្រុក ដើម្បីផលិតចំណីសត្វ និងការកែច្នៃក្នុងប្រទេសបណ្ដាលឲ្យមានកំណើននៃការស្រូបយកផលិតផលស្រស់មកកែច្នៃ ក៏បានប៉ះពាល់ដំណើរការនៃការនាំចេញកសិផលទៅក្រៅប្រទេសផងដែរ។ ម្យ៉ាងវិញទៀត បច្ចុប្បន្ន ផលិតកម្មដំណាំមួយចំនួនហាក់មានការថយចុះ ដោយសារតែស្ថានភាពមិនច្បាស់លាស់ខាងទីផ្សារ និងបញ្ហាប្រែប្រួលអាកាសធាតុ បានក្លាយជាបញ្ហាប្រឈមខ្លាំងសម្រាប់ផលិតកម្មកសិកម្មនៅកម្ពុជា ជាពិសេសនាំឲ្យប៉ះពាល់ដល់ទិន្នផល និងគុណភាពនៃដំណាំ។ លើសពីនេះ ការនាំចេញដោយគ្មានការស្នើសុំវិញ្ញាបនបត្រភូតគាមអនាម័យ តាមច្រករបៀងមួយចំនួន នៅមិនទាន់មានការកត់ត្រា ជាពិសេសទៅកាន់ប្រទេសវៀតណាម និងប្រទេសថៃ។យ៉ាងណាក៏ដោយ ដើម្បីដោះស្រាយនូវបញ្ហាប្រឈមដែលបាននិងកំពុងកើតមានក្នុងខ្សែចង្វាក់ផលិតកម្មកសិកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានជំរុញឲ្យវិស័យឯកជន ស្វែងរកដៃគូបញ្ជាទិញឲ្យបានច្រើនជាងទីផ្សារដែលមានស្រាប់ នាពេលបច្ចុប្បន្ន។ ជាមួយគ្នានោះក្រសួងកសិកម្មក៏បានជំរុញការវិនិយោគក្នុងវិស័យកសិឧស្សាហកម្ម ដើម្បីលើកកម្ពស់ផលិតភាពនិងជំរុញការនាំចេញ និងផលិតផលកែច្នៃ។ ជំរុញការផ្សព្វផ្សាយផលិតផលកសិកម្មកម្ពុជាឲ្យកាន់តែទូលំទូលាយ នៅក្នុងវេទិកានិងពិពណ៌នានា ដើម្បីទាក់ទាញការវិនិយោគ និងពង្រីកទីផ្សារផលិតផលកសិកម្មកម្ពុជា។ ក្រៅពីនោះ ក្រសួងក៏បានអំពាវនាវដល់វិស័យឯកជនឲ្យចូលរួមវិនិយោគលើការផលិតធាតុចូលកសិកម្មនៅក្នុងស្រុកដើម្បីកាត់បន្ថយថ្លៃដើមផលិកម្ម។

សូមបញ្ជាក់ថា នៅឆមាសទី១ ឆ្នាំ២០២៣នេះ ក្នុងចំណោមបរិមាណនាំចេញកសិផលជិត ៤លានតោន ក្នុងនោះ មានអង្ករចំនួនជិត ៣៣ម៉ឺនតោន ដែលគិតជាទឹកប្រាក់មានជាង ២៨០លានដុល្លារ, ស្រូវចំនួនជាង ១លានតោន គិតជាទឹកប្រាក់ជាង ៤៤៧លានដុល្លារ និងកសិផលក្រៅពីស្រូវ-អង្ករ ចំនួនជាង ២លាន៣សែនតោន ដែលគិតជាទឹកប្រាក់ជាង ១,៦ពាន់លានដុល្លារ៕