ប្រទេសថៃ ៖ មនុស្សជាច្រើននាំគ្នាធ្វើដំណើរកម្សាន្តមកលេងសណ្ឋាគារកប៉ាល់ដ៏អាថ៌កំបាំងមួយ នៅកោះឆាង ហើយក៏ឃើញថា មានភ្ញៀវទេសចរថៃ និងអន្តរជាតិ ទទួលបាននូវបរិយាកាសដ៏ត្រជាក់ភ្នែកផង បរិយាកាសដ៏ព្រឺព្រួចផង និងចង់ដឹង ចង់លឺ អំពីរឿងរ៉ាវដែលគេនិយាយតៗគ្នាថា «នៅទីនឹង គឺមានខ្មោចលង ធ្វើឱ្យគេនៅលែងបាន» រហូតត្រូវគេនិយាយលាតត្រដាងអំពីអតីតកាលដែលធ្លាប់កើតមាន មុនពេលរឿងសោ.កនា.ដកម្ម។ចំពោះព័ត៌មានមួយនេះដែរ បានក្លាយទៅជារឿងដែលគួរឱ្យអស់សំណើចបំផុតនៅក្នុងពិភពអនឡាញ បន្ទាប់ពីភ្ញៀវទេសចរថៃ ពិនិត្យមើលគម្រោងកោះឆាង ហ្គ្រេន ឡាហ្គូណា ដែលមានចំណុចសំខាន់ៗ គឺជាសណ្ឋាគារកាឡាក់ស៊ី ដែលជាកប៉ាល់ទេសចរណ៍ ហើយត្រូវបានគេបោះបង់ចោល មានកម្ពស់៧ជាន់ ស្ថិតនៅក្នុងគម្រោង Koh Chang Grand Lagoona។នេះបើយោងទៅតាមរយៈសារព័ត៌មានដ៏ល្បីរបស់ថៃ «Khaosod» បានប្រាប់ឱ្យដឹងថា កប៉ាល់មួយនេះ ត្រូវបានគេបោះបង់ចោលដោយមិនប្រកបរបរអ្វីនោះឡើយ ប៉ុន្តែម្ចាស់កប៉ាល់មួយនេះ បានបើកឲ្យភ្ញៀវទេសចរចូលទៅលេង ក៏ដូចជាចូលទៅមើលនៅក្នុងសណ្ឋាគារមួយនឹងផងដែរ ហើយក៏បើកអោយចូលលេងនៅក្នុងសមុទ្រ និងអាចសម្រាកនៅលើឆ្នេរដើរលេងយ៉ាងសប្បាយរីករាយទៀតផង។សារព័ត៌មានដ៏ល្បីរបស់ថៃខាងលើ ប្រាប់ឱ្យដឹងបន្តថា នៅចុងសប្តាហ៍មុន មានភ្ញៀវទេសចរថៃ និងបរទេស បានមកទស្សនាសណ្ឋាគារកប៉ាល់៧ជាន់ដែលត្រូវគេបោះបង់ចោលនេះ ក៏ទទួលបាននូវបរិយាកាសដ៏ព្រឺព្រួច ក្នុងនោះរួមមានទាំងអារម្មណ៍ដូចជាត្រូវខ្មោចលង ស្ថិតក្នុងសណ្ឋាគារកប៉ាល់ដែលត្រូវគេបោះបង់ចោល នៅជាន់ទី៧ ហើយក៏គ្មានអ្នកណាម្នាក់ហ៊ានទៅមើលនោះឡើយ ខណៈភ្ញៀវទេសចរបរទេស បានហៅសណ្ឋាគារនេះថា «ជាខ្មោចកប៉ាល់ ឬកប៉ាល់ខ្មោច»។ ហើយចំពោះតម្លៃចូលទស្សនាវិញ ត្រូវគេចែកចេញជា២ប្រភេទ គឺការទៅទស្សនាតំបន់គម្រោង Koh Chang Grand Lagoona ឬទស្សនាឆ្នេរតម្លៃ១០០បាតក្នុងមនុស្សម្នាក់ ប៉ុន្តែប្រសិនបើចង់ទៅទស្សនាសណ្ឋាគារកប៉ាល់ដែលគេបោះបង់ចោល មានកម្ពស់៧ជាន់នោះ ត្រូវបង់បន្ថែម៥០បាតទៀត។សារព័ត៌មានដ៏ល្បីរបស់ថៃ ប្រាប់ឱ្យដឹងទៀតថា ចំពោះសណ្ឋាគារកប៉ាល់ដែលគេបោះបង់ចោលនោះ នៅជាន់ទី១ ទី២ គឺជាបន្ទប់ប្រជុំ និងកន្លែងបុគ្គលិក ហើយជាន់ទី៣ រហូតដល់ទី៥ គឺជាបន្ទប់ភ្ញៀវចំនួន២០០បន្ទប់ ដោយបន្ទប់ខ្លះត្រូវបានចាក់សោរ, បន្ទប់ខ្លះបើក, បន្ទប់ខ្លះទៀតមានឧបករណ៍ក្នុងបន្ទប់ ដូចជា ៖ ទូរទស្សន៍ ទូរទឹកកក ទឹកផឹក គ្រែគេង កន្សែង គឺនៅតែស្ថិតក្នុងសភាពដើមនៅឡើយ ចំណែកជាន់ទី៦ និងទី៧ ជាភោជនីយដ្ឋាន មានផ្ទះបាយ។ លើសពីនេះទៀត លក្ខណៈខាងក្នុងមួយចំនួនត្រូវបានខូចខាតផងដែរ ប៉ុន្តែចំណុចខ្លះៗក៏នៅតែអាចប្រើបានដូចដើម។ ហើយចំពោះសម្ភារៈគ្រប់ចំណុច គ្រប់កន្លែងទាំងអស់ ភ្ញៀវទេសចរអាចចូលទស្សនាបានគ្រប់បន្ទប់ គ្រប់ជាន់ទាំងអស់តែម្ដង សម្រាប់គម្រោង Koh Chang Grand Lagoona ដែលមានទីតាំងនៅឆ្នេរ Klong Kloi ឃុំកោះចាង ស្រុកកោះឆាង ខេត្តត្រាត។
ជាការកត់សម្គាល់ គម្រោងសណ្ឋាគារកប៉ាល់ខាងលើនេះ គឺបានចាប់ផ្តើមកាលពី២០ឆ្នាំមុន នៅពេលដែលកោះ Chang កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង ពីព្រោះថា នៅកន្លែងនឹងមានកន្លែងលេងដ៏គួរអោយគយគន់ ហើយបើនិយាយអំពីសម្រស់ធម្មជាតិវិញ គឺញាក់សាច់ គួរអោយចង់រស់នៅតែម្តង។មិនត្រឹមតែប៉ុណ្ណោះ កប៉ាល់មួយនេះ ត្រូវគេដឹងថា វាគឺជាសណ្ឋាគារលំដាប់ខ្ពស់បំផុតដែលស្ថិតនៅក្នុងតំបន់មួយនឹង ហើយវាក៏ជាកប៉ាល់គំរូសណ្ឋាគារដ៏ប្រណីតមួយ ដែលមានកន្លែងស្នាក់នៅផងដែរ ជាពិសេសសណ្ឋាគារកប៉ាល់៧ជាន់នេះ ក៏គឺជាកន្លែងមានប្រជាប្រិយភាពខ្លាំងក្នុងសម័យនោះទៀតផង។ ប៉ុន្តែដល់ពេលមានវិបត្តិសេដ្ឋកិច្ច គម្រោងនេះក៏ត្រូវបានផ្លាស់ប្តូរការគ្រប់គ្រងជាច្រើនដង លើសពីនេះក៏ធ្លាប់មានមនុស្សធ្លាក់ពីលើសណ្ឋាគារ៧ជាន់នេះ បណ្ដាលឱ្យបាត់បង់ជីវិតផងដែរ បន្ទាប់មករឿងរ៉ាវមួយនេះធ្វើឱ្យមនុស្សគ្រប់គ្នាមានភាពភ័យរន្ធត់ថា «ខ្មោចលង» រហូតដល់កន្លែងមួយនឹងត្រូវបានគេសម្រេចចិត្តបិទទ្វារចោលជារៀងរហូតមកដល់សព្វថ្ងៃនេះ៕