សេដ្ឋកិច្ចខេត្តកំពង់ឆ្នាំង មានទំហំប្រមាណ ៩១៨លានដុល្លារ ស្មើ ៣.៤ភាគរយ នៃសេដ្ឋកិច្ចជាតិ។ ក្នុងនោះ ផលិតផលសរុប GDP សម្រាប់ប្រជាជនម្នាក់ៗ មានចំនួន ១៥៦៤ដុល្លារ ក្នុងឆ្នាំ ២០២២។ នេះបើតាមការបញ្ជាក់របស់លោក ស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង ក្នុងព្រះរាជពិធីរុក្ខទិវា ៩ កក្កដា ឆ្នាំ ២០២៣ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
ថ្លែងក្នុងពិធីនេះ លោកអភិបាលខេត្ត បានឱ្យដឹងទៀតថា បច្ចុប្បន្ននេះ ខេត្តកំពង់ឆ្នាំង មានរោងចក្រសហគ្រាសធុនធំចំនួន ២៨ រោងចក្រធុនតូច និងធម្យមចំនួន ២១៦០ មូលដ្ឋាន និងសិប្បកម្មធុនតូចជាច្រើន ដែលអាចផ្តល់ការងារចំនួនជាង ៥ម៉ឺនាក់ ដល់ពលរដ្ឋនៅក្នុងខេត្ត។
លោក លោក ស៊ុន សុវណ្ណារិទ្ធ បានគូសបញ្ជាក់ថា តាមរយៈកំណើននេះ បានចូលរួមចំណែកយ៉ាងល្អប្រសើរសម្រាប់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ កាត់បន្ថយភាពក្រីក្រ និងពន្លឿនកំណើនសេដ្ឋកិច្ច នៅក្នុងខេត្តផងដែរ។
ក្រៅពីខេត្តកំពង់ឆ្នាំង ខេត្តដែលមានកំណើនសេដ្ឋកិច្ចល្អ និងទាក់ទាញបានវិនិយោគច្រើនផ្នែកវិស័យរោងចក្រ សហគ្រាស រួមមាន ខេត្តកំពង់ស្ពឺ ខេត្តព្រះសីហនុ កណ្តាល និងរាជធានីភ្នំពេញ ជាដើម។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងនាពេលថ្មីៗនេះថា អភិបាលខេត្តខ្លះឆ្លាត ខិតខំកសាងហេដ្ឋារចនាសម្ព័ន្ធ ដើម្បីទាញយកអ្នកវិនិយោគ ឱ្យចូលទៅអភិវឌ្ឍនៅក្នុងខេត្តរបស់ខ្លួន។ សម្តេចតេជោ បានសង្កត់ធ្ងន់ថា មានអ្នកវិនិយោគកាន់តែច្រើន ការអភិវឌ្ឍប្រទេសកាន់តែរីកចម្រើនលឿន៕