Alynana Media Cambodia
Icon Collap
clinic narit

ប្រេងឆៅធ្លាក់ចុះតិចតួច ដោយជួញដូរក្នុងតម្លៃជាង ៧៨ដុល្លារក្នុងមួយបារ៉ែល

Media LNN | Jul 11, 2023
ប្រេងឆៅធ្លាក់ចុះតិចតួច ដោយជួញដូរក្នុងតម្លៃជាង ៧៨ដុល្លារក្នុងមួយបារ៉ែល
Clinic narith

(ក្រុងឡុងដ៍)៖ តម្លៃប្រេងបានធ្លាក់ចុះនៅថ្ងៃចន្ទ បន្ទាប់ពីមានការចេញផ្សាយទិន្នន័យសេដ្ឋកិច្ច មិនសូវល្អដោយប្រទេសមហាអំណាចសេដ្ឋកចិ្ចអាមេរិក និងចិន ទោះបីជាមានការរំពឹងថា នឹងមានការកាត់បន្ថយការផ្គត់ផ្គង់ប្រេងពីអារ៉ាប៊ីសាអូឌីត និងរុស្ស៊ីក្តី។ នេះបើយោងតាមទីភ្នាក់ងាររ៉យទ័រ។

តម្លៃប្រេងឆៅប្រភេទ Brent ក្នុងកិច្ចសន្យាអនាគតបានធ្លាក់ចុះ ១៩សេន ឬ ០.២ភាគរយមកនៅត្រឹម ៧៨.២៨ដុល្លារក្នុងមួយបារ៉ែល ខណៈដែលប្រេងឆៅប្រភេទ West Texas Intermediate របស់អាមេរិកបានធ្លាក់ចុះ ២៤សេន ឬ ០.៣ភាគរយនៅត្រឹម ៧៣.៦២ដុល្លារ។

អ្នកស្រី Tina Teng អ្នកវិភាគប្រភេទក្រុមហ៊ុន CMC Markets បាននិយាយអំពីទិន្នន័យអតិផរណា ដែលនឹងត្រូវចេញផ្សាយនៅថ្ងៃពុធថា «ពាណិជ្ជករប្រេងអាចនឹងមានការប្រុងប្រយ័ត្ន មុនពេលសន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ របស់សហរដ្ឋអាមេរិក និងទិន្នន័យសេដ្ឋកិច្ចរបស់ប្រទេសចិន ត្រូវបានចេញផ្សាយនៅពេលក្រោយក្នុងសប្តាហ៍នេះ»

ទិន្នន័យសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក កាលពីថ្ងៃសុក្រសប្តាហ៍មុនបានបង្ហាញពីការកើនឡើងការងារតិចតួចបំផុត ក្នុងរយៈពេលពីរឆ្នាំកន្លះ ប៉ុន្តែមានកំណើនប្រាក់ឈ្នួលដ៏រឹងមាំ។ តួលេខទាំងនេះពង្រឹងលទ្ធភាពនៃការដំឡើងអត្រាការប្រាក់ របស់ធនាគារកណ្តាលអាមេរិក នៅក្នុងកិច្ចប្រជុំខែកក្កដារបស់ខ្លួន។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ទិន្នន័យរបស់រដ្ឋាភិបាលចិន បានបង្ហាញកាលពីថ្ងៃចន្ទថា តម្លៃទំនិញនៅរោងចក្រប្រទេសចិន បានធ្លាក់ចុះក្នុងកម្រិតលឿនបំផុតក្នុងរយៈពេលជាង ៧ឆ្នាំនៅខែមិថុនា ខណៈដែលការស្ទុះងើបឡើងវិញ នៃសេដ្ឋកិច្ចធំទីពីររបស់ពិភពលោកមួយនេះ បានថមថយ។

ទោះជាយ៉ាងណា អ្នកស្រី Teng បានបន្ថែមថា តម្លៃប្រេងឆៅអាចងើបឡើងវិញ បន្ទាប់ពីក្រុមប្រទេសផលិតប្រេង ដែលជាសមាជិករបស់អង្គការ OPEC+ បានប្រកាសពីផែនការកាត់បន្ថយការផ្គត់ផ្គង់បន្ថែមទៀត។

អារ៉ាប៊ីសាអូឌីតនឹងបន្តការកាន់បន្ថយទិន្នផល ១លានបារ៉ែលក្នុងមួយថ្ងៃ (bpd) បន្ថែមទៀតរហូតដល់ខែសីហា ហើយរុស្ស៊ីនឹងកាត់បន្ថយការនាំចេញប្រេងឆៅចំនួន ៥សែនបារ៉ែលក្នុងមួយថ្ងៃ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕