Alynana Media Cambodia
Icon Collap
clinic narit

កម្ពុជា-ចិនបង្កើតប្រតិបត្តិការទូទាត់ប្រាក់ឆ្លងដែន សម្រាប់សម្រួលដល់ការធ្វើធុរកិច្ច

Media LNN | Jul 11, 2023
កម្ពុជា-ចិនបង្កើតប្រតិបត្តិការទូទាត់ប្រាក់ឆ្លងដែន សម្រាប់សម្រួលដល់ការធ្វើធុរកិច្ច
Clinic narith

ភ្នំពេញ៖ កម្ពុជា-ចិន បង្កើតកិច្ចសហប្រតិបត្តិការ លើកកម្ពស់ដល់ប្រតិបត្តិការទូទាត់ប្រាក់ឆ្លងប្រទេស រវាង KHQR នៃប្រព័ន្ធបាគង ជាមួយបណ្តាញ QR Code របស់ក្រុមហ៊ុន UnionPay ដែលជាផ្នែកមួយយ៉ាងសំខាន់ សម្រាប់សម្រួលដល់ការទូរទាត់ ជាពិសេសទេសចរណ៍ ប្រទេសទាំងពីរ ក៏ដូចជាការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលផងដែរ។

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា លើកឡើងនៅក្នុង​ពិធី​ចុះហត្ថ​លេខាលើអនុស្សរណៈនៃការយោគយល់គ្នា រវាងធនាគារជាតិនៃកម្ពុជា និងក្រុមហ៊ុន UnionPay International ស្ដីពី “កិច្ចសហប្រតិបត្តិការទូទាត់សងប្រាក់ឆ្លងដែន ​តាមឃូអរកូត" នៅថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២៣ នេះថា ការបង្កើតកិច្ចសហប្រតិបត្តិការទូទាត់ឆ្លងរវាងកម្ពុជា ចិន នៅពេលនេះ ជាការជំរុញនវានុវត្តន៍​ និងបច្ចេកវិទ្យាហិរញ្ញវត្ថុ លើការប្រើប្រាស់សេវាធនាគារ និងហិរញ្ញវត្ថុ ប្រកប​ដោយជំនឿទុកចិត្ត សុវត្ថិភាព ប្រសិទ្ធ ភាព ស្ថិរភាព និងបរិយាបន្ន សំដៅគាំទ្រដល់គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល។

អនុស្សារណៈនេះ គឺដើម្បីលើកកម្ពស់ដល់ប្រតិបត្តិការទូទាត់ឆ្លងប្រទេសរវាង KHQR នៃប្រព័ន្ធបាគង ជាមួយ នឹងបណ្តាញ QR Code របស់ក្រុមហ៊ុន UnionPay International។ គំនិតផ្តួចផ្តើមនេះ អនុញ្ញាតឱ្យអ្នកប្រើប្រាស់ប័ណ្ណទូទាត់ UPI ដែលមកទស្សនាប្រទេសកម្ពុជា អាចប្រើប្រាស់សេវាទូទាត់របស់ UnionPay ដើម្បីស្កេន KHQR Code ដែលមានភ្ជាប់ជាមួយគណនី ធនាគារជាប្រាក់រៀល (KHR) ក្នុងស្រុក សម្រាប់ធ្វើការទូទាត់នានា និងការក៏ជាលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល។

ទន្ទឹមនឹងនោះ ប្រជាជនកម្ពុជាដែលប្រើប្រាស់ប្រព័ន្ធបាគង ក៏អាចធ្វើការស្កេន QR Code របស់ពាណិជ្ជករ UnionPay ​នៅក្នុងប្រទេសចិន និងទូទាំង ពិភពលោកផងដែរ។ ការណ៍នេះនឹងរួមចំណែកយ៉ាងច្រើន ​ក្នុងការជំរុញវិស័យទេសចរណ៍ និងសកម្មភាពពាណិជ្ជកម្ម​កាន់តែមានភាព ងាយស្រួល និងតម្លៃសមរម្យ។

លោកជំទាវបណ្ឌិត ជា សិរី បញ្ជាក់ឲ្យដឹងថា បន្ទាប់ពីបង្កើតនូវក្របខណ្ឌសហប្រតិបត្តិការនេះ ក្រុម​ការងាររបស់ធនាគារជាតិនៃកម្ពុជា និងខាងក្រុមហ៊ុន UnionPay International នឹងធ្វើការជាមួយគ្នា​បន្តទៀត ដើម្បីឲ្យកិច្ចសហប្រតិបត្តិការនេះ ចេញជាលទ្ធផលផ្លែផ្កាមុន ​ដាច់ឆ្នាំ២០២៣ នេះ នឹង​ឈានទៅដាក់ឲ្យដំណើរជាផ្លូវការ នៅចុងឆ្នាំនេះ ឬដើមឆ្នាំក្រោយ​៕