អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីលោក Dmitry Medvedev បានព្រមានសាជាថ្មីថា សង្គ្រាមលោកលើកទី៣ ជិតផ្ទុះឡើងហើយ ព្រោះតែអង្គការណាតូ បង្កើនការគាំទ្រយោធាដល់ អ៊ុយក្រែន។
លោកបានបង្ហោះ Telegram ថា “ភាពឆ្កួតរបស់លោកខាងលិច មិនអាចនាំអ្វីមកបានក្រៅពីការស្លាប់នៅទីបញ្ចប់នោះទេ ដូច្នេះសង្គ្រាមលោកលើកទី៣ ជិតមកដល់ហើយ”។
ការអត្ថាធិប្បាយរបស់លោក Medvedev បានកើតឡើងចំថ្ងៃដែលអង្គការណាតូ បើកកិច្ចប្រជុំកំពូលក្នុងប្រទេសលីទុយអានី ដោយនៅទីនោះ ប្រទេសមួយចំនួន បានសន្យាផ្តល់ការគាំទ្រសព្វាវុធនិងហិរញ្ញវត្ថុបន្ថែមទៀត ទៅឲ្យអ៊ុយក្រែន។
ទោះបីជាយ៉ាងណាក៏ដោយ លោក Medvedev អះអាងថា កិច្ចខិតខំប្រឹងប្រែងផ្តល់ជំនួយនេះ មិនអាចរារាំងរុស្ស៊ីពីការសម្រេចបាននូវគោលដៅរបស់ខ្លួន នៅអ៊ុយក្រែនបានទេ។
គួរបញ្ជាក់ថា ក្នុងរយៈពេល២ឆ្នាំកន្លងមកនេះ លោក Medvedev តែងតែព្រមានអំពី សង្គ្រាមលោកលើកទី៣ ដោយសារបស្ចិមប្រទេស បង្កើនការគាំទ្រដល់អ៊ុយក្រែន។
នៅក្នុងសុន្ទរកថាមួយកាលពីខែឧសភា លោកនិយាយថា សត្រូវរបស់ប្រទេសរុស្ស៊ី កំពុងជំរុញភពផែនដី ឲ្យធ្លាក់ចូលគ្រោះមហន្តរាយពិភពលោក ដែលគ្មានអ្នកណាឈ្នះ ហើយលោកបានបញ្ជាក់ម្តងហើយម្តងទៀតថា រុស្ស៊ីមានសិទ្ធិប្រើប្រាស់អាវុធនុយក្លេអ៊ែរនៅពេលចាំបាច់៕