Alynana Media Cambodia
Icon Collap
clinic narit

ដើមទុន​ក្រុមហ៊ុន​ចុះបញ្ជី​តាម​ថ្នាល​បច្ចេកវិទ្យា​កើន​ដល់​ជាង $៨​ ពាន់​លាន​

Media LNN | Jul 12, 2023
ដើមទុន​ក្រុមហ៊ុន​ចុះបញ្ជី​តាម​ថ្នាល​បច្ចេកវិទ្យា​កើន​ដល់​ជាង $៨​ ពាន់​លាន​
Clinic narith

ភ្នំពេញៈ ចំនួន​ដើមទុន​សរុប​នៃ​បណ្តា​ក្រុមហ៊ុន​ចុះបញ្ជី​តាម​​រយៈ​ប្រព័ន្ធ​ចុះបញ្ជី​អាជីវកម្ម​តាម​ថ្នាល​បច្ចេកវិទ្យា​ព័ត៌មាន​ដំណាក់​កាល​ទី​១ បាន​កើន​ដល់​ជាង ៨​ ពាន់​លាន​ដុល្លារ ខណៈ​កាលពីដើមឆ្នាំ​ ២០២៣ ចំនួន​ដើមទុន​មាន​ប្រមាណ ៥,៨១ ​ពាន់​លាន​ដុល្លារ​។ នេះ​បើតាម Online Business Registration Service​។​

​តារាង​វឌ្ឍនភាព​នៃ​ប្រព័ន្ធ​ចុះ​​បញ្ជី​អាជីវកម្ម​តាម​ថ្នាល​បច្ចេក​​វិទ្យា​ព័ត៌មាន​ដំណាក់កាល​ទី១ នៃ​អង្គភាព Online Business Registration Service បាន​បង្ហាញថា គិត​ត្រឹម​ថ្ងៃទី​ ៩ ខែ​កក្កដា ឆ្នាំ​ ២០២៣ (២៣:៥៩​នាទី​) ចំនួន​ក្រុមហ៊ុន​ដែល​ចុះ​បញ្ជី​ដោយ​ជោគជ័យ​តាម​ប្រព័ន្ធ Single Portal មាន​ចំនួន​សរុប ២៧ ០៩៥​ ក្រុមហ៊ុន ស្មើ​ដើម​​ទុន​ចុះបញ្ជី​សរុប ៨,០៣ ​ពាន់​លាន​ដុល្លារ​។ ក្រុមហ៊ុន​ដែលមាន​ម្ចាស់​ជា​ស្ត្រី ស្មើនឹង ៣៨ ​ភាគរយ​។ នា​ដើមឆ្នាំ ២០២៣ (​ថ្ងៃទី​២ ខែមករា ឆ្នាំ​ ២០២៣) ក្រុមហ៊ុន​ដែល​ទទួលជោគជ័យ​លើ​ការចុះបញ្ជី មាន​ចំនួន ២០ ៦៩៣ ​ក្រុមហ៊ុន និង​ដើមទុន​ចុះ​បញ្ជី ៥,៨១ ​ពាន់​លាន​ដុល្លារ​។​

​បើតាម Online Business Registration Service ក្នុងចំណោម​ដើមទុន​ទាំង ៨,០៣​ ពាន់​លាន​ដុល្លារ គឺ​ផ្នែក​សាង​​សង់ មាន​ដើមទុន ១,០៧​ ពាន់​លាន​ដុល្លារ​, ផ្នែក​អចលនទ្រព្យ​ (​ប្រើ​អចលនទ្រព្យ​ផ្ទាល់ខ្លួន ឬ​ជួ​លពី​គេ​)​ មាន​ដើមទុន ៩០៥​ លាន​ដុល្លារ​, សកម្មភាព​សេវា​កម្ម​ស្នាក់នៅ ៨៩៧​ លាន​ដុល្លារ​, សកម្មភាព​ពិគ្រោះ​យោបល់​ផ្នែក​គ្រប់គ្រង ៤៧៣​ លាន​ដុល្លារ​, ផ្នែក​កម្មន្តសាល​សម្លៀក​បំពាក់ ​(​លើកលែង​សម្លៀកបំពាក់​ធ្វើ​ពី​រោមសត្វ​) ៣៦៧​ លាន​ដុល្លារ និង​ផ្នែក​ផ្សេងៗ​មាន​ទុន ៤,៣៣ ​ពាន់​លាន​ដុល្លារ​។​

​ក្រៅពីនេះ​ក៏មាន​ក្រុមហ៊ុន​ ១៥ ៦៣៣ ដែល​ទទួល​ជោគ​ជ័យ​លើ​ការសុំ​នាម​ករ​ណ៍​បម្រុង​​ទុក និង ២ ​ត្រូវបាន​បដិសេធ​។​

​អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ១១ ខែកក្កដា​ថា ចាប់តាំងពី​រដ្ឋា​ភិ​​បាល​ប្រកាស​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​ក្នុង​ឆ្នាំ​ ២០២០ គឺមាន​ម្ចាស់​ក្រុមហ៊ុន​/​អាជីវកម្ម កាន់​តែ​ច្រើន​បាន​ទៅ​ចុះបញ្ជី ដើម្បី​ធ្វើឱ្យ​អាជីវកម្ម​របស់ខ្លួន​មាន​ភាពស្របច្បាប់ ខណៈ​ប្រព័ន្ធ​ចុះ​បញ្ជី​នេះ គឺ​ត្រូវបាន​ត​ភ្ជាប់​ទៅ​ក្រសួង​ស្ថាប័ន​ជាច្រើន ដែល​វា​ផ្តល់​ភាពងាយស្រួល​ដល់​ប្រជាពលរដ្ឋ ខុសប្លែក​កាលពីមុន​ដែលមាន​លក្ខណៈ​ស្មុគស្មាញ ហើយ​ត្រូវធ្វើឡើង​ដដែលៗ​ជាច្រើន​កន្លែង​។​

 

​លោក​បញ្ជាក់ថា​៖ «​ការធ្វើឱ្យ​នីតិវិធី​ចុះបញ្ជី​មាន​ភាព​ងាយ​ស្រួល គឺ​មិន​ត្រឹម​លើកទឹកចិត្ត​ឱ្យ​ម្ចាស់​អាជីវកម្ម​ទៅ​ចុះបញ្ជី​កាន់តែច្រើន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជួយ​ឱ្យ​រដ្ឋាភិបាល​ងាយស្រួល​គ្រប់គ្រង និង​រៀបចំ​គោ​លន​យោ​បាយ​ជួយ​គាំទ្រ និង​ផ្នែក​ពន្ធដារ​ផងដែរ​»​។​

​ប្រព័ន្ធ​ចុះបញ្ជី​អាជីវកម្ម​តាម​ថ្នាល​បច្ចេកវិទ្យា​ព័ត៌មាន​ដំណាក់​កាល​ទី​១ ត្រូវបាន​រដ្ឋាភិបាល​ប្រកាស​ដាក់ឱ្យ​ដំណើរការ​កាល​​ពីថ្ងៃ​ទី ​១៥ ខែមិថុនា ឆ្នាំ ២០២០ ដែល​រួមមាន​ក្រសួង​-​ស្ថាប័នរដ្ឋ​ចំនួន​ ៦ ចូលរួម គឺ​ក្រសួង​សេដ្ឋ​​កិច្ច និង​ហិរញ្ញវត្ថុ​, ក្រសួង​ពា​ណិ​ជ្ជ​កម្ម​, ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​, ក្រសួង​មហាផ្ទៃ​, អគ្គនាយកដ្ឋាន​ពន្ធ​ដារ និង​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​។ ក្រោយមក​រដ្ឋាភិបាល​ក៏​ដាក់​ដំណើរការ​ដំណាក់​កាលពី​ ២ នៅ​ថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ​ ២០២១ និង​ដំណាក់កាល​ទី​ ៣ កាលពី​ថ្ងៃ​ ២២ ខែមិថុនា ដោយបាន​បន្ថែម​ក្រសួង​-​ស្ថាប័ន មួយចំនួន​បន្ថែមទៀត​។​

​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន ក្នុង​ពិធី​ប្រកាស​ដាក់ឱ្យ​ដំណើរ​ការ​ផ្លូវការ ​«​ប្រព័ន្ធ​ចុះបញ្ជី​អាជីវ​​កម្ម​តាម​ថ្នាល​បច្ចេកវិទ្យា​ព័ត៌មាន ដំណាក់កាល​ទី​៣»​ កាលពី​ថ្ងៃទី​ ២២ ខែមិថុនា បាន​និយាយថា ទោះ​វិបត្តិ​កូ​វីដ​ ១៩ បាន​បង្ក​ផលប៉ះពាល់​ខ្លាំង​ដែល​ធ្វើឱ្យ​កំ​ណើ​ន​សេដ្ឋកិច្ចកម្ពុជា​ធ្លាក់ចុះ ៣,១ ​ភាគរយ​ក្នុង​ឆ្នាំ​ ២០២០ ក៏​កម្ពុជា​នៅតែ​អាចធ្វើឱ្យ​សេដ្ឋ​កិច្ច​របស់ខ្លួន​ងើបឈរ​ឡើងវិញ​បាន​យ៉ាងពិត​ប្រាកដ តាមរយៈ​ការគ្រប់គ្រង​ការរីក​រាលដាល​ជំងឺ​កូ​វីដ​ ១៩ ដោយ​ប្រសិទ្ធភាព និង​អាច​បើក​ប្រទេស​ឡើងវិញ​បាន​យ៉ាង​ឆាប់រហ័ស​។

​លោក​បន្តថា ការធ្វើ​ឌី​ជី​ថ​លូ​ប​នីយកម្ម និង​បរិវត្ត​កម្ម​ឌីជីថល គឺជា​អាទិ​ភាព​គន្លឹះ​មួយ​ដែល​កម្ពុជា​កំពុង​ខិតខំ​ធ្វើ តាមរយៈ​ការបង្កើត​គំរូ​សេដ្ឋកិច្ច​ថ្មី​ដែលមាន​លក្ខណៈ​ឌីជីថល ការបង្កើន​ផលិតភាព និង​ការធានាបាន​កំណើន​សេដ្ឋ​កិច្ច​មួយ​រឹងមាំ​៕