(ភ្នំពេញ)៖ ស្របពេលថ្ងៃបោះឆ្នោតជាតិនឹងឈានចូលមកដល់នៅថ្ងៃទី ២៣ ខែកក្កដា ខាងមុខ សហគមន៍ធុរកិច្ចក្នុងស្រុក និងអន្តរជាតិ ព្រមទាំងអ្នកវិភាគសេដ្ឋកិច្ចបានសង្កេតឃើញថា រយៈពេលជិត ២ សប្តាហ៍មកហើយ គឺចាប់តាំងពីយុទ្ធនាការឃោសនាបោះឆ្នោតបានចាប់ផ្តើមកាលពីថ្ងៃទី ១ ខែកក្កដា សកម្មភាពអាជីវកម្ម និងការវិនិយោគបានដំណើរការជាធម្មតា ខណៈការទិញបានធ្លាក់ចុះតិចតួច។
ប្រទេសកម្ពុជា នឹងរៀបចំការបោះឆ្នោតជាតិនីតិកាលទី៧ នៅថ្ងៃទី ២៣ ខែកក្កដានេះ ខណៈយុទ្ធនាការឃោសនាបោះឆ្នោតនឹងត្រូវបញ្ចប់នៅថ្ងៃទី ២១ ខែកក្កដា ខាងមុខ។ មនុស្សជាង ៨ លាននាក់ក្នុងចំណោមអ្នកចុះឈ្មោះបោះឆ្នោតជាង ៩,៧ លាននាក់បានទទួលបណ្ណព័ត៌មានពីក្រុមការងារ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។ នេះបើយោងតាម គ.ជ.ប។
លោក គី សេរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បានឱ្យដឹងថា ស្ថានភាពសេដ្ឋកិច្ចនិងនយោបាយនៅកម្ពុជាហាក់មានភាពប្រក្រតីដោយពុំមានបញ្ហាអសកម្មណាមួយកើតឡើងនាអំឡុងពេលឃោសនាបោះឆ្នោតពីថ្ងៃទី ១ ខែកក្កដានេះឡើយ ខណៈដែលសកម្មភាពអាជីវកម្មក៏នៅដំណើរការ ធម្មតាដោយពុំមានការសម្រុកទិញបង្កឱ្យមានការឡើងថ្លៃទំនិញឡើយ។
លោកនិយាយថា៖ «ចំពោះការត្រៀមសម្រាប់ការបោះឆ្នោតនេះយើងសង្កេតឃើញថា រហូតមកដល់ពេលនេះ គឺពុំមានអ្វីកើតឡើងដែលរាំងស្ទះទៅដល់សកម្មភាពសេដ្ឋកិច្ច ឬការប្រកបរបរធុរកិច្ចនៅក្នុងប្រទេសកម្ពុជានោះទេ។យើងក៏សង្កេតឃើញឥរិយាបថរបស់ប្រជាពលរដ្ឋក៏មានការខុសប្លែកពីការបោះឆ្នោតអាណត្តិមុនៗផងដែរ ដែលពួកគាត់តែងតែសម្រុកទៅទិញអង្ករ មី ឬម្ហូបអាហារស្តុកទុកដើម្បីបង្ការខ្លាចក្រែងមានបញ្ហារាំងស្ទះផ្នែកនយោបាយណាមួយកើតឡើង»។
ទោះជាយ៉ាងណាលោកអះអាងថា៖ «ឥឡូវនេះខ្ញុំក៏ឃើញថា ប្រជាពលរដ្ឋខ្លះគាត់ក៏ត្រៀមលុយទុកមួយចំនួនដែរ ប៉ុន្តែពួកគាត់មិនទៅដកលុយពីធនាគារនោះទេ គឺគាត់ទុកលុយដែលបានមកពីប្រាក់ខែ ឬរបររកស៊ីប្រចាំថ្ងៃគាត់ទុកសន្សំមិនសូវចាយច្រើនទេ ដោយយើងឃើញថាសេដ្ឋកិច្ចហាក់រាងយឺតបន្តិចដោយសារពួកគាត់មិនចំណាយក្នុងមួយរយៈពេលចុងក្រោយនេះ ប៉ុន្តែនេះមិនមែនមានន័យសេដ្ឋកិច្ចមិនដើរនោះទេ ដោយសារតែពួកគាត់ទុកក្នុង រយៈពេលបោះឆ្នោត»។
ជាមួយគ្នានេះដែរ លោក សុង សារ៉ន អគ្គនាយកក្រុមហ៊ុន Amru Rice (Cambodia) ដែលជាក្រុមហ៊ុននាំចេញអង្ករឈានមុខគេមួយនៅកម្ពុជាបានលើកឡើងថា ស្របពេលការបោះឆ្នោតជិតចូលមកដល់ លោកពុំសង្កេតឃើញប្រជាពលរដ្ឋនាំគ្នាសម្រុកទៅទិញស្បៀងអាហារស្តុកទុកដូចកាលបោះឆ្នោតមុនៗឡើយ។ លោកបន្តថា សម្រាប់តម្លៃអង្ករលក់ក្នុងស្រុកក៏មានស្ថិរភាពដែរ ដោយពុំមានការសម្រុកទិញ ពីសំណាក់ប្រជាពលរដ្ឋទេ ហើយក៏គ្មានភាពជ្រួលច្របល់អ្វីដែរ។
លោកនិយាយថា៖ «ចំពោះខ្ញុំក្នុងនាមជាសហគ្រិនក្នុងស្រុក យើងគិតថាការបោះឆ្នោតលើកនេះនឹងមិនមានបញ្ហាអ្វីទេ គឺមានភាពល្អប្រសើរជាងរាល់ដង។ ចំពោះទីផ្សារ បញ្ហាប្រឈមសព្វថ្ងៃគឺការធ្លាក់ចុះនៃសេដ្ឋកិច្ចសកល ជាពិសេសទីផ្សារនៅអឺរ៉ុប និងអាមេរិក ដូចជាទីផ្សារមួយចំនួននៅប្រទេសចិនក៏មានកំណើនយឺតដែរដោយសារតែបញ្ហាអូសបន្លាយពេលនៃបញ្ហារុស្ស៊ី និងអ៊ុយក្រែន ជាដើម»។
នាយកប្រតិបត្តិក្រុមហ៊ុន Cambodian Investment លោក Anthony Galliano បានឱ្យដឹងថា តាមទស្សនៈរបស់វិនិយោគិន ការបោះឆ្នោតគឺជាប្រតិបត្តិការជាធម្មតា ហើយមិនមានការព្រួយបារម្ភអ្វីសោះ។ លោកបន្ថែមថា កម្ពុជាធ្លាប់មានបទពិសោធន៍យ៉ាងច្រើនចំពោះដំណើរការបោះឆ្នោតនេះជាពិសេសរយៈពេល ២ ទសវត្សរ៍ចុងក្រោយនេះជាមួយនឹងកំណើនសេដ្ឋកិច្ច និងវិបុលភាពមិនធ្លាប់មានពីមុនជាមួយនឹងការលុបបំបាត់ភាពក្រីក្រ និងកំណើនប្រាក់ចំណូលក្នុងមនុស្សម្នាក់ៗនិងមានសន្តិភាព និងស្ថិរភាព។
លោកបន្តថា ទោះមានបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ចខ្លះក្នុងរយៈពេល ២០ ឆ្នាំនេះក៏ដោយ ក៏ជាធម្មតាបញ្ហាសកលធំៗ ដូចជាវិបត្តិហិរញ្ញវត្ថុនៅឆ្នាំ ២០០៨ និងជំងឺកូវីដ ១៩ រាជរដ្ឋាភិបាលកម្ពុជាមានកំណត់ត្រាច្បាស់លាស់នៃការគ្រប់គ្រងហិរញ្ញវត្ថុ និងសារពើពន្ធដោយភាពវៃឆ្លាត និងល្អបំផុត ហើយងើបចេញពីវិបត្តិទាំងនេះបានយ៉ាងលឿន។
លោកថ្លែងថា៖ «យើងកំពុងសង្កេតមើលស្ថិរភាព និងមានការកើនឡើងនៃលំហូរការវិនិយោគនៅក្នុងប្រទេសកម្ពុជា និងមានការលើកឡើងតិចតួច ឬពិភាក្សាពីការបោះឆ្នោតពីសំណាក់វិនិយោគិនអន្តរជាតិ។ ទោះយ៉ាងណាក៏មានការសាកសួរខ្លះពីសារព័ត៌មានអន្តរជាតិ ដែលនៅតែប្រកាន់ខ្ជាប់ភាពអវិជ្ជមាន និងមិនទទួលស្គាល់សមិទ្ធផលសេដ្ឋកិច្ច និងសង្គមរបស់កម្ពុជា និងល្បឿននៃការអភិវឌ្ឍដ៏អស្ចារ្យនៃប្រទេសនេះ»។
លោកបញ្ជាក់ថា វាជាការលើកទឹកចិត្តដែលមន្ត្រីរដ្ឋាភិបាលកំពុងបង្ហាញមុខដោយផ្ទាល់នៅជាមួយប្រជាជន។ ច្បាស់ណាស់ព្រឹត្តិការណ៍ទាំងនេះមានភាពចុះសម្រុងគ្នា មានភាពរីករាយ និងវិជ្ជមានដោយគ្មានសញ្ញានៃប្រតិកម្មមិនល្អនោះទេ។ លោកបានបន្ថែមថា វិស័យធុរកិច្ចកំពុងវាយតម្លៃព្រឹត្តិការណ៍នេះថាជាការបន្តស្ថិរភាពនយោបាយ និងសេដ្ឋកិច្ច ដែលជាលក្ខណវិនិច្ឆ័យដ៏សំខាន់មួយនៃការវិនិយោគ។
លោកនិយាយថា៖ «ការណ៍នេះត្រូវបានគេរំពឹងថានឹងមិនមានព្រឹត្តិការណ៍ណាមួយកើតឡើងជាអវិជ្ជមានក្នុងសហគមន៍ធុរកិច្ចនោះទេ ដោយយើងមិនមានក្តីបារម្ភ ឬខ្វល់ខា្វយនោះទេ។ បើអ្នករស់នៅស្រុកខ្មែរយូរល្មម អ្នកនឹងយល់ច្បាស់ពីទឹកចិត្តប្រជាជន គឺពួកគាត់សប្បាយចិត្តជាមួយនឹងភាពប្រសើរឡើងនៃកម្រិតជីវភាពរស់នៅ និងទទួលស្គាល់ពីភាពរីកចម្រើនផ្នែកសេដ្ឋកិច្ចរបស់កម្ពុជា ហើយមិនប្រាថ្នាចង់បានការផ្លាស់ប្តូរមួយដែលមិនមានភាពប្រាកដប្រជានោះទេ»។
រដ្ឋាភិបាលកម្ពុជាបានព្យាករថាសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ ២០២៣ ត្រូវគេវាយតម្លៃឡើងវិញថា នឹងសម្រេចបានកំណើនប្រមាណ ៥,៦ ភាគរយដូចគ្នានឹងការព្យាករកាលពីដើមឆ្នាំ គឺខ្ពស់ជាងឆ្នាំ ២០២២ ដែលសម្រេចបានកំណើន ៥,២ ភាគរយ៕