Alynana Media Cambodia
Icon Collap
clinic narit

ចិនកំពុងរបូតតំណែងកំពូលតារាងជាប្រទេសនាំចេញធំបំផុតទៅកាន់អាមេរិក ខណៈជម្លោះពាណិជ្ជកម្មកំពុងរីកកាន់តែធំ

Media LNN | Jul 20, 2023
ចិនកំពុងរបូតតំណែងកំពូលតារាងជាប្រទេសនាំចេញធំបំផុតទៅកាន់អាមេរិក ខណៈជម្លោះពាណិជ្ជកម្មកំពុងរីកកាន់តែធំ
Clinic narith
ប្រទេសចិនទំនងជាបានបាត់បង់តំណែងជាអ្នកនាំចេញទំនិញដ៏កំពូលទៅកាន់ទីផ្សារសហរដ្ឋអាមេរិកនៅក្នុងឆមាសទីមួយឆ្នាំនេះ ជាលើកដំបូងមិនធ្លាប់មាននៅក្នុងរយៈពេល១៥ឆ្នាំកន្លងមក ដែលជំនួសដោយប្រទេសម៉ិកស៊ិក និងកាណាដា ចំពេលមានជំម្លោះពាណិជ្ជកម្មរវាងប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតទាំង២នៅក្នុងពិភពលោកនេះ កំពុងរីកកាន់តែធំឡើង។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាននីកេអេស៊ា។

ទិន្នន័យរបស់ក្រសួងពាណិជ្ជកម្មអាមេរិកបង្ហាញថា អាមេរិកបាននាំចូលទំនិញពីប្រទេសចិន​នៅចន្លោះខែមករាដល់ខែឧសភាឆ្នាំនេះ បានធ្លាក់ចុះប្រហែល២៥% ពោលគឺមានមក​នៅ​ត្រឹមតម្លៃ ១៦៩ពាន់លានដុល្លារ។ ទិន្នន័យដដែលបន្ថែមថា ការនាំចូលរបស់អាមេរិក​ពី​ប្រទេសចិន គឺមានជាង ១៣% នៃការនាំចូលសរុបក្នុងរយៈពេល៥ខែដំបូងឆ្នាំនេះ ដែលជា​កម្រិតទាប​មួយក្នុងរយៈពេល១៩ឆ្នាំមកនេះ ដោយចំនួននេះ គឺបានធ្លាក់ចុះ ៣,៣% បើធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន។ ការនាំចូលនេះបានធ្លាក់ចុះនៅគ្រប់ប្រភេទផលិតផល​មួយចំនួន ជាពិសេសគ្រឿងបន្ទះឈីបតែម្ដង ដែលវាបានធ្លាក់ចុះពាក់កណ្តាល។

ប៉ុន្តែ នៅក្នុងរយៈពេលដូចគ្នានេះ ការនាំចូលមកពីប្រទេសម៉ិកស៊ិកវិញ បានកើនឡើងដល់​ទំហំទឹកប្រាក់ជិត ២០០ ពាន់លានដុល្លារដែលជាកម្រិតខ្ពស់បំផុតមួយ ខណៈប្រទេស​កាណាដា​បានរត់តាមពីក្រោយម៉ិកស៊ិកដែលមានទំហំទឹកប្រាក់ ១៧៦ពាន់លានដុល្លារ។ ប្រទេសទាំង២នេះ ត្រូវបានគេរំពឹងថា នឹងនៅតែនាំមុខប្រទេសចិនសម្រាប់ទិន្នន័យ​នាំចូលទំនិញ​ទៅអាមេរិក នៅក្នុងឆមាសទី១ក្នុងឆ្នាំ២០២៣។បណ្តាប្រទេសតំបន់អាស៊ីអាគ្នេយ៍ក៏កំពុងបញ្ជូនទំនិញកាន់តែច្រើនទៅកាន់សហរដ្ឋអាមេរិកផងដែរ នៅពេលវត្តមានរបស់ចិនបានធ្លាក់ចុះ។ ការនាំចូលរបស់អាមេរិកមកពីបណ្ដាប្រទេស​តំបន់អាស៊ីអាគ្នេយ៍ បានកើនឡើងដល់ ១២៤ពាន់លានដុល្លារក្នុងរយៈពេល៥ខែដំបូង​នៃឆ្នាំនេះ ជាតួលេខខ្ពស់បំផុតទី២ សម្រាប់ប្រទេសក្នុងតំបន់នេះ ខណៈដែលចំណែក​នៃការនាំចូល​របស់អាមេរិក មកពីតំបន់នេះបានកើនឡើងទ្វេដង ក្នុងពេល១ទសវត្សរ៍​កន្លងមកនេះ។

ការនាំចេញរបស់អាមេរិកទៅកាន់ប្រទេសចិនវិញ នៅក្នុងខែមករា ដល់ខែឧសភា បានថយចុះដូចគ្នា ពោលគឺមានក្នុងទឹកប្រាក់ចំនួន ៦២ពាន់លានដុល្លារ។ ទោះបីជាតួលេខនេះ គ្រប់គ្រាន់ដើម្បីធ្វើឱ្យប្រទេសចិនក្លាយជាទីផ្សារនាំចេញ​ធំជាងគេទី៣​របស់អាមេរិកក៏ពិតមែន ប៉ុន្តែចំណែកនៃការនាំចេញរបស់អាមេរិកទៅចិនក្នុងអត្រា ៧,៥% នេះ គឺស្មើនឹងពាក់កណ្តាលនៃការនាំចេញរបស់អាមរិកទៅកាន់ម៉ិកស៊ិក ឬក៏កាណាដា​តែប៉ុណ្ណោះ។

ប្រទេសចិនបានក្លាយជាអ្នកនាំចេញទំនិញដ៏ធំបំផុតទៅកាន់សហរដ្ឋអាមេរិក តាំងពីឆ្នាំ​២០០៩មកម្ល៉េះ ដោយបាននាំមុខប្រទេសកាណាដា។ ប៉ុន្ដែ ដោយសារតែមាន ការប្រែប្រួល​នៃបរិយាកាសពាណិជ្ជកម្ម ដោយសារតែជម្លោះរវាងប្រទេសទាំងពីរ នៅប៉ុន្មានឆ្នាំ​មកនេះ វាបានបង្កបញ្ហាជាច្រើន ដល់ការដោះដូរពាណិជ្ជកម្មរវាង​ប្រទេសយក្ស​សេដ្ឋកិច្ចទាំងពីរនេះ។

យ៉ាងណាមិញ ខណៈការនាំចេញទៅអាមេរិកធ្លាក់ចុះ ប្រទេសចិន ក៏បានពង្រីកការនាំចេញ​របស់ខ្លួនទៅកាន់ទីផ្សារអាស៊ានផងដែរ ដោយនៅឆមាសទី១ឆ្នាំ២០២៣នេះ ការនាំចេញរបស់​ចិនទៅអាស៊ានបានកើនឡើង២%។

ក្រុមអ្នកសង្កេតការណ៍មួយចំនួន ជឿជាក់ថា ក្រុមហ៊ុននាំចេញរបស់ចិនកំពុងបង្កើន​ការផលិតផលផលិតផលដោយប្រើប្រាស់តំបន់អាស៊ាន សម្រាប់កែច្នៃ ហើយលក់ផលិតផល​សម្រេចទាំងនោះទៅកាន់ទីផ្សារអាមេរិក និងកន្លែងផ្សេងទៀត៕