ភ្នំពេញៈ អ្នកសេដ្ឋកិច្ច និងអ្នកជំនាញ លើកឡើងថា ចំណូលពន្ធពីប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce) នៅកម្ពុជានឹងមានកាន់តែច្រើននៅពេលខាងមុខ ខណៈក្នុងឆមាសទី១ ឆ្នាំ ២០២៣ ចំណូលពន្ធពីប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក មានទឹកប្រាក់ជាង ៣៩ លានដុល្លារ។
សេចក្តីប្រកាសព័ត៌មានស្តីពីកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធរបស់អគ្គនាយកដ្ឋានពន្ធដារ (GDT) បានឱ្យដឹងថា ក្នុងឆមាសទី១ ឆ្នាំ ២០២៣ ការប្រមូលចំណូលពន្ធពីប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកសម្រេចបាន ១៥៩,២១ ពាន់លានរៀល (៣៩,៣១ លានដុល្លារ)។
កាលពីឆ្នាំ ២០២២ សេចក្តីប្រកាសព័ត៌មានរបស់ GDT ឱ្យដឹងថា យន្តការគ្រប់គ្រងប្រមូលអាករលើតម្លៃបន្ថែមពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ជាប្រភពចំណូលថ្មីមានចំនួនសរុប ៣៧,៦២ លានដុល្លារ។
អ្នកសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ១៦ ខែកក្កដាថា បើនិយាយពីចំណូលពន្ធពីប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក វាហាក់ដូចជារឿងថ្មីសម្រាប់កម្ពុជា ប៉ុន្តែប្រទេសរីកចម្រើនគឺគេបានធ្វើវាជាយូរមកហើយ ខណៈបរិបទនៃការទិញ-លក់ទំនិញតាមប្រព័ន្ធបច្ចេកវិទ្យាកំពុងមានសម្ទុះកើនឡើងនៅគ្រប់ប្រទេសលើពិភពលោក។
លោកបន្តថា ចំណូលពន្ធដារកើនឡើងបញ្ជាក់ថា សកម្មភាពអាជីវកម្មក្នុងស្រុកមានភាពល្អប្រសើរ ហេតុនេះចំណូលពន្ធពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ក៏ស្តែងឱ្យឃើញពីភាពរីកចម្រើនការធ្វើប្រតិបត្តិការទិញលក់តាមអនឡាញផងដែរ។
លោកថ្លែងថា៖ «នេះជាភាពជោគជ័យថ្មីរបស់ GDT ដែលកើតចេញពីការធ្វើកំណែប្រព័ន្ធគ្រប់គ្រងឱ្យកាន់តែមានភាពសុក្រឹត មានតម្លាភាព របស់អ្នកជាប់កាតព្វកិច្ចពន្ធ។ ចំណូលពន្ធពីប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនឹងបន្តកើនឡើងថែមទៀត»។
លោកបន្ថែមថា កំណើនការវិនិយោគក្នុងប្រទេសបានធ្វើឱ្យការប្រមូលចំណូលពន្ធដារកើនឡើងជាបន្តបន្ទាប់។ ពន្ធដារ គឺជាប្រភពចំណូលដ៏សំខាន់មួយសម្រាប់រដ្ឋាភិបាលយកទៅបើកបៀវត្សរ៍ឱ្យមន្ត្រីរាជការ និងអភិវឌ្ឍប្រទេស។
លោក ឈិន កេន ប្រធានសមាគមបច្ចេកវិទ្យាឌីជីថល នៃកម្ពុជា បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីខែកុម្ភៈថា បច្ចេកវិទ្យាទំនើប (Digitalization) ពិតជាបានរួមចំណែកយ៉ាងច្រើននៅគ្រប់ចង្វាក់ផលិតកម្មនៅកម្ពុជា ដោយរាប់ចាប់តាំងពីការធ្វើអាជីវកម្មខ្នាតតូចៗ រហូតដល់ការដោះដូរពាណិជ្ជកម្មអន្តរជាតិ។ កំណើននៃការប្រើស្មាតហ្វូន បានធ្វើឱ្យចរន្តនៃការប្រើប្រាស់បច្ចេកវិទ្យាទំនើបនៅកម្ពុជាកើនឡើងយ៉ាងឆាប់រហ័ស។
លោកបន្ថែមថា បច្ចេកវិទ្យាទំនើប បានធ្វើឱ្យអ្នកប្រើប្រាស់ទទួលបានផលចំណេញជាច្រើនដូចជា ជួយកាត់បន្ថយការចំណាយថវិកា រយៈពេលធ្វើដំណើរ និងរហ័សជាងមុន។
លោកថ្លែងថា៖ «បច្ចេកវិទ្យាទំនើបកំពុងចូលរួមជួយលើកកម្ពស់ទីផ្សារផលិតផលកសិកម្មបានយ៉ាងច្រើន ព្រោះតាមរយៈការប្រើប្រាស់ប្រព័ន្ធនេះអ្នកផលិត និងអ្នកបញ្ជាទិញ គឺអាចផ្ញើរូបភាពពីផលិតផលរបស់ខ្លួនដោយផ្ទាល់ទៅកាន់ភាគីម្ខាងទៀតបានដោយឆាប់រហ័ស និងចំណាយតិចបំផុត។ ប្រព័ន្ធបច្ចេកវិទ្យាបានក្លាយជាផ្នែកសំខាន់ជួយគាំទ្រកំណើនសេដ្ឋកិច្ចកម្ពុជាឱ្យមានសម្ទុះទៅមុខកាន់តែលឿន»។
សេចក្តីប្រកាសព័ត៌មានរបស់ GDT បានឱ្យដឹងថា ក្នុងរយៈពេល ៦ ខែ ឆ្នាំ ២០២៣ GDT ប្រមូលចំណូលពន្ធអាករគ្រប់ប្រភេទបានសរុប ២ ០៧២,៣៩លានដុល្លារ ស្មើ ៥៨,០២ ភាគរយនៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៣។
នៅក្នុងកិច្ចប្រជុំស្តីពីចំណូលប្រចាំឆមាសទី១ ឆ្នាំ ២០២៣ កាលពីថ្ងៃទី ១១ កក្កដា លោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បាននិយាយថា កំណែទម្រង់ និងទំនើបកម្មពន្ធដារចាប់តាំងពីឆ្នាំ ២០១២ រហូតមកបានធ្វើឱ្យប្រព័ន្ធពន្ធដារនៅកម្ពុជាកាន់តែមានភាពរឹងមាំ ហើយថ្នាក់ដឹកនាំ និងមន្ត្រីពន្ធដារគ្រប់លំដាប់ថ្នាក់ក៏បានខិតខំប្រឹងប្រែងស្រុះដៃគ្នាដើម្បីអនុវត្តការងារប្រកបដោយស្មារតីបុរេសកម្ម និងកាន់តែសកម្មថែមទៀតដើម្បីបន្តធានាបាននិរន្តរភាពចំណូលពន្ធ និងបន្តចូលរួមអនុវត្តការងារកំណែទម្រង់ និងទំនើបកម្មរដ្ឋបាលសារពើពន្ធ។
រដ្ឋាភិបាលបានព្យាករថា សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ ២០២៣ នឹងសម្រេចបានកំណើន ៥,៦ ភាគរយដូចគ្នាទៅនឹងការព្យាករកាលពីដើមឆ្នាំ គឺខ្ពស់ជាងឆ្នាំ ២០២២ ដែលសម្រេចបានកំណើន ៥,២ ភាគរយ៕