(ភ្នំពេញ)៖ ដោយសារការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៧ បានបញ្ចប់ដោយភាពល្អប្រសើរ ជាមួយលទ្ធផលបឋមថា គណបក្សប្រជាជនកម្ពុជា ទទួលសំឡេងគាំទ្រច្រើនជាងគេ កម្មការិនីរោងចក្រកាត់ដេរ បានសម្តែងការសាទរ និងជឿជាក់ថា ក្រោមការដឹកនាំរបស់គណបក្សមួយនេះ ពួកគាត់នឹងនៅតែទទួលបាននូវអត្ថប្រយោជន៍ និងកម្មវិធីគាំពារសង្គមនានា ដែលប្រមុខថ្នាក់ដឹកនាំប្រកាសដាក់ឲ្យអនុវត្តនាពេលកន្លងមក និងដឹកនាំប្រទេសឲ្យរីកចម្រើនបន្ថែមទៀត។
ក្រុមកម្មការនីរោងចក្រកាត់ដេរ ខេម អេភីអាយ ស្ថិតនៅឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល បានលើកឡើងនៅព្រឹកថ្ងទី២៥ ខែកក្កដា ថា គិតរហូតមកដល់បច្ចុប្បន្ន អត្ថប្រយោជន៍ដែលពួកគាត់ទទួលបានមានដូចជា៖ របបសន្តិសុខសង្គមផ្នែកថែទាំសុខភាព, របបប្រាក់សោធន ដូចមន្ត្រីរាជការ, ការដំឡលងប្រាក់ឈ្នួលអប្បបរមាជារៀងរាល់ឆ្នាំ និងប្រាក់ឧបត្ថម្ភនៅពេលពពោះ និងក្រោយសម្រាលកូនជាដើម។
ពួកគាត់ បានបន្តថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា តែងតែគិតជាប់ជានិច្ច ធ្វើឱ្យការរស់នៅ និងបំពេញការងារសព្វថ្ងៃនេះ ប្រសើរឡើង ទទួលប្រាក់ចំណូល និងអត្ថប្រយោជន៍ពីកម្មវិធីគាំពារសង្គមដែលបានដាក់ចេញ។
យោងតាមទិន្នន័យរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា បច្ចុប្បន្ននេះ ស្ថានភាពការងារនៅតែបន្តរក្សាបានលំនឹង និងបានបន្តចូលរួមចំណែកក្នុងការបង្កើតការងារ ដែលឆ្លុះបញ្ចាំងតាមរយៈកំណើនរោងចក្រ សហគ្រាស។
គិតត្រឹមឆ្នាំ២០២៣នេះ រោងចក្រ សហគ្រាសក្នុងវិស័យឧស្សាហកម្មកាត់ដេរ ដែលបានចុះបញ្ជីក្នុងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានចំនួនសរុបជាង ១ ៥០០រោងចក្រ សហគ្រាស និងមានកម្មករនិយោជិតសរុបប្រមាណ ១,៧លាននាក់៕