Alynana Media Cambodia
Icon Collap
clinic narit

រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិកអួតសសើរផលិតកម្មវៀតណាមល្អសម្រាប់អាមេរិក

Media LNN | Jul 25, 2023
រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិកអួតសសើរផលិតកម្មវៀតណាមល្អសម្រាប់អាមេរិក
Clinic narith

ហាណូយប្រទេសវៀតណាម កាលពីថ្ងៃទី២០ខែកក្កដា ដោយក្នុងដំណើរទស្សនកិច្ចនោះលោកស្រីបានលើកឡើងថា ទីក្រុងវ៉ាស៊ីនតោនមើលឃើញវៀតណាមជាដៃគូដ៏សំខាន់សម្រាប់ថាមពលបៃតង និងភាពធន់នៃខ្សែសង្វាក់ផ្គត់ផ្គង់ ហើយកំណើនផលិតកម្មនៅវៀតណាម គឺជារឿងល្អសម្រាប់អាមេរិក។ នេះបើតាមការផ្សាយរបស់សារព័ត៌មានធំៗមួយចំនួន។លោកស្រី យេឡិន រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិក បានធ្វើដំណើរទៅដល់​ប្រទេសវៀតណាម​កាលពីថ្ងៃ​ព្រហស្បតិ៍ទី២០ ខែកក្កដា បន្ទាប់ពីបញ្ចប់ទស្សនកិច្ចនៅទីក្រុងប៉េកាំង និងក្រុងញូវដែលី ជាកន្លែងដែល​លោកស្រីបានចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីហិរញ្ញវត្ថុនៃក្រុមប្រទេសសេដ្ឋកិច្ចឧស្សាហកម្មធំៗចំនួន២០ (ជី២០)។

លោកស្រីបានលើកឡើងថា ការនិយាយលើកសសើរប្រទេសវៀតណាម មិនមែនមានគោលដៅប្រឆាំង​នឹងប្រទេសចិននោះឡើយ ប៉ុន្ដែ ដំណើរទស្សនកិច្ចលោកស្រីនៅប្រទេសវៀតណាម គឺចង់បញ្ជាក់ឲ្យច្បាស់ថា កំណើននៅក្នុងវិស័យរោងចក្រផលិតនៅវៀតណាម ដែលអាចទាក់ទង​នឹងគ្រឿងបង្គុំអេឡិចត្រូនិក យានយន្ដ និងផលិតផលផ្សេងៗទៀត គឺជារឿងដ៏ល្អសម្រាប់សហរដ្ឋអាមេរិក។

លោកស្រី យេឡិន បាននិយាយទៅកាន់អ្នកយកព័ត៌មាននៅក្នុងប្រទេសវៀតណាម​នៅក្នុងសម្រង់សម្ដីដើមថា «ភាពធន់ មិនមែនមានន័យថា យើងធ្វើអាចធ្វើអ្វីៗគ្រប់បែបយ៉ាងដោយ​ខ្លួនឯង​នោះទេ ហើយក្នុងករណីរបស់យើង ក៏មិនមែនមានន័យថា នឹងត្រូវបញ្ចប់ការធ្វើពាណិជ្ជកម្មជាមួយ​ប្រទេសចិននោះដែរ។ ប៉ុន្ដែ យើងចង់ធ្វើជាដៃគូជាមួយប្រទេសផ្សេងទៀត ហើយយើងមើលឃើញថា វៀតណាម គឺជាដៃគូដ៏ល្អបំផុតមួយ»។លោកស្រី យេឡិន បានប្រាប់នាយករដ្ឋមន្ត្រីវៀតណាមលោក ផាម មិញ ឈិញ (Pham Minh Chinh) ថា អាមេរិកចាត់ទុកវៀតណាមជាដៃគូសំខាន់មួយក្នុងការជំរុញឱ្យឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហ។

ខណៈដែលភាពតានតឹងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំងចេះតែកើនឡើងនោះ ក្រុមហ៊ុន​អាមេរិកមួយចំនួនដូចជាក្រុមហ៊ុន Tesla ក្រុមហ៊ុន Apple និងក្រុមហ៊ុន HP ជាដើមកំពុង​តែ​មានការបង្កើន​ប្រភពផ្គត់ផ្គង់ពីប្រទេសវៀតណាម ហើយប្រទេសនេះក៏កំពុងផ្ដល់កន្លែងសម្រាប់​ការផលិតបន្ទះឈីបដល់ក្រុមហ៊ុន Intel និងក្រុមហ៊ុន Samsung ផងដែរ។

សហរដ្ឋអាមេរិក និងក្រុមប្រទេសជី៧ ក៏កំពុងកៀងគរមូលនិធិអាកាសធាតុបានចំនួន ១៥,៥ពាន់លានដុល្លារ​សម្រាប់វៀតណាមផងដែរ បើទោះជា​ប្រទេសនេះបង្កើនការប្រើប្រាស់​ឥន្ធនៈហ្វូស៊ីល និងមានការចាប់ការឃុំឃាំងអ្នកបរិស្ថានក៏ដោយ។

កាលពីឆ្នាំ២០២២ វៀតណាម គឺជាដៃគូពាណិជ្ជកម្មធំបំផុតទី ៧របស់អាមេរិក ខណៈអាមេរិក គឺជាទីផ្សារនាំចេញដ៏ធំបំផុតរបស់វៀតណាម។ ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសដែលជាអតីតគូសត្រូវនឹង​គ្នាក្នុងសម័យសង្គ្រាមទាំងពីរនេះ មានដល់ទៅ ១៣៨ ពាន់លានដុល្លារអាមេរិកកាលពីឆ្នាំ២០២២៕