Alynana Media Cambodia
Icon Collap
clinic narit

កម្ពុជា​រកប្រាក់​បាន​ជិត ៣៧០ ​លាន​ដុល្លារ​នៅក្នុង​ឆមាស​ទី១ ពី​ការ​​នាំចេញ​គ្រឿងសង្ហារិម

Media LNN | Jul 26, 2023
កម្ពុជា​រកប្រាក់​បាន​ជិត ៣៧០ ​លាន​ដុល្លារ​នៅក្នុង​ឆមាស​ទី១ ពី​ការ​​នាំចេញ​គ្រឿងសង្ហារិម
Clinic narith

ភ្នំពេញៈ កម្ពុជា​រកប្រាក់​បាន​ជិត ៣៧០ ​លាន​ដុល្លារ​នៅក្នុង​ឆមាស​ទី១ ឆ្នាំ​ ២០២៣ ពី​ការ​​នាំចេញ​គ្រឿងសង្ហារិម សម្ភារ​គ្រែ ពូក និង​ផលិតផល​ប្រហាក់​​ប្រហែល ធ្លាក់​ជិត ៣០​ ភាគរយ​ ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំមុន​។​ នេះ​បើតាម​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​។​

​តារាង​ស្ថិតិ​នាំចេញ​ទំនិញ​ឆមាស​ទី​១ ឆ្នាំ​ ២០២៣ បានឱ្យដឹងថា ពី​ខែមករា​-​ខែមិថុនា កម្ពុជា​បាន​នាំចេញ​ជំពូក​ទំនិញ​ (HS ២ ​ខ្ទង់​)​ លេខ​កូដ ​៩៤ រួមមាន​គ្រឿងសង្ហារិម​, សម្ភារ​គ្រែ ពូក ខ្នើយ​កល់ និង​វត្ថុ​ប្រ​ហាក់​ប្រហែល​សរុប ៣៦៩,៦៤​ លាន​ដុល្លារ ធ្លាក់ចុះ ២៩,៧​ ភាគរយ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២២​។ ប្រាក់​ពី​ការនាំចេញ​ទំនិញ​ជំពូក​លេខ​កូដ​ ៩៤ គឺ​ស្មើ ៣,២ ​ភាគរយ​នៃ​ចំនួន​ទឹកប្រាក់​នាំចេញ​សរុប​ក្នុង​ឆមាស​ទី​ ១ ឆ្នាំ​ ២០២៣ ដែលមាន ១១ ៤៦៤,៤៨​ លាន​ដុល្លារ​។​

​សម្រាប់​ខែមិថុនា ការនាំចេញ​ទំនិញ​ក្នុង​ជំពូក​លេខ​កូដ ​៩៤ មាន​ទឹកប្រាក់ ១៣៤,៩៥​ លាន​ដុល្លារ ថយចុះ ២៣,៩​ ភាគរយ​ធៀប​ខែមិថុនា ឆ្នាំ ​២០២២​។ ទឹកប្រាក់​នាំចេញ​ក្នុង​ខែមិថុនា​ធៀប​នឹង​ខែឧសភា ឆ្នាំ​ ២០២៣ គឺ​កើន ៩១,២ ​ភាគរយ​។​

​អ្នកស្រាវជ្រាវ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​​សភា​កម្ពុជា លោក ហុង វណ្ណៈ បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី ២៤ កក្កដា​ថា វិបត្តិ​នយោបាយ និង​សេដ្ឋកិច្ច​ពិភព​លោក​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​បានធ្វើឱ្យ​ការនាំចេញ​-​ចូល​ទំនិញ​របស់​កម្ពុជា​ធ្លាក់ចុះ​គួរឱ្យកត់សម្គាល់ លើកលែងតែ​ផលិតផល​ជា​តម្រូវ​ការចាំបាច់ ​(​ម្ហូបអាហារ​)​ ប៉ុណ្ណោះ​។ ការ​នាំចេញ​ធ្លាក់ចុះ​នេះ មិនមែន​មានន័យថា ផលិតផល​កម្ពុជា​មិនមាន​គុណ​ភាព ឬ​អ្នកបញ្ជា​ទិញ​បង្វែរ​ទិសដៅ​ទៅ​ប្រទេស​ផ្សេង​ទេ ប៉ុន្តែ​គឺ​ដោយសារ​តម្រូវការ​នៅ​ទីផ្សារ​ធ្លាក់ចុះ​ជាង​មុន​។​

​លោក​អះអាងថា​៖ «​នេះ​ជា​បរិបទ​នៃ​ទីផ្សារ​ពិភពលោក​។ ទីផ្សារ​នាំចេញ​ផលិតផល​ខាងលើ នឹងមាន​ទីផ្សារ​ល្អ​ឡើងវិញ​នៅពេល​កំណើន​សេដ្ឋកិច្ច ពិភពលោក​រឹងមាំ ពិសេស​ទីផ្សារ​ប្រ​ទេស​បញ្ជា​ទិញ​ពី​កម្ពុជា​»​។​

 

​លោក​លើកឡើង​ទៀតថា ផ្អែក​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រុម​ប្រឹ​ក្សា​អភិវឌ្ឍន៍​កម្ពុជា ​(CDC) គឺ​ចំនួន​នៃ​ក្រុមហ៊ុន​ដែល​ចូលមក​វិនិយោគ​នៅ​កម្ពុជា​កំពុង​កើនឡើង ដូច្នេះ​នៅពេល​សេដ្ឋកិច្ចពិភពលោក​មាន​សម្ទុះ​ឡើងវិញ​ការនាំចេញ​របស់​កម្ពុជា​នឹង​ហក់​ឡើងវិញ​ដែរ​។​

​លោក​បន្តថា នៅពេល​វិស័យ​ទេស​ចរណ៍​ដំណើរ​ការល្អ​ឡើងវិញ​តម្រូវការ​សម្ភារ​លេខ​កូដ​ ៩៤ ក៏​កើនឡើង​ដែរ​។​អគ្គនាយក​សភាពាណិជ្ជកម្ម​កម្ពុជា លោក ងួន ម៉េង​តិច បាន​លើកឡើងថា លក្ខណៈ​អំណោយផល​នៃ​ទីតាំង​ភូមិ​សាស្ត្រ និង​ច្បាប់​វិនិយោគ ព្រមទាំង​មាន​ទីផ្សារ​ទទួល​ទិញ​ច្រើន បាន​ជួយ​ឱ្យ​កម្ពុជា​អាច​ទាក់ទាញ​អ្នកវិនិយោគ​ឱ្យ​ចូលមក​បណ្តាក់ទុន​លើ​គ្រប់​វិស័យ​ជា​បន្តបន្ទាប់​។ ស្ថានភាព​នេះ​នឹង​កាន់​តែ​ប្រសើរ​នៅពេល​កំណើន​សេដ្ឋកិច្ចពិភពលោក​ងើបឡើង​វិញ​។ លោក​បន្តថា ការវិនិយោគ​ថ្មីៗ​នៅ​កម្ពុជា​គឺមាន​លក្ខណៈ​ចម្រុះ​កាន់តែច្រើន ហើយ​ការ​ផលិត​ក៏​ប្រើប្រាស់​បច្ចេកវិទ្យា និង​ពល​កម្ម​ជំនាញ​កាន់តែច្រើន​ដែរ​។​

​លោក​អះអាងថា​៖ «​នៅពេល​សេដ្ឋ​កិច្ច​ពិភពលោក​ដំណើរ​ការល្អ តម្រូវការ​ផលិតផល​ទាំងអស់​នឹង​ហក់​ឡើងវិញ ដូច្នេះ​ការបញ្ជាទិញ​នឹង​កើនឡើង​»​។​

​ក្នុង​ឆ្នាំ​ ២០២២ កម្ពុជា​បាន​នាំចេញ​ទំនិញ​ក្នុង​ជំពូក ​(HS ២ ​ខ្ទង់​)​ លេខ​កូដ ៩៤ ក្នុងតម្លៃ​សរុប ៩៤៨,២៦​ លាន​ដុល្លារ កើន ៨,៧ ភាគរយ​បើ​ធៀប​ឆ្នាំ​២០២១ ដែលមាន ៨៧២,៥៦ លាន​ដុល្លារ​។ ទឹកប្រាក់​នៃ​ការនាំចេញ​ទំនិញ​ជំពូក​លេខ​កូដ ៩៤ ស្មើនឹង​ ៤,២​ ភាគ​រយ​នៃ​ចំនួន​ទឹកប្រាក់​នាំចេញ​សរុប ដែលមាន​ចំនួន ២២ ៤៨២,៩៤ ​លាន​ដុល្លារ​។ នេះ​បើតាម​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​៕