វិនិយោគិនតំណាងក្រុមហ៊ុន របស់សឹង្ហបុរីមួយបង្ហាញចំណាប់អារម្មណ៍ឬមានគំនិតចង់វិនិយោគក្នុងវិស័យស្វាយចន្ទីកម្ពុជា ដោយបង្កើតរោងចក្រកែច្នៃមួយសម្រាប់ផលិតនៅផលិតផលសម្រេច ដើម្បីនាំចេញទៅទីផ្សារខាងក្រៅ។នេះបើតាមប្រធានសមាគមស្វាយចន្ទីកម្ពុជា។
នៅក្នុងកិច្ចប្រជុំ ជាមួយទីប្រឹក្សាសមាគមនិងវិនិយោគិនសឹង្ហបុរីកាលថ្មីៗនេះ លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានឱ្យដឹងថា លោក Francis Tan ដែលជាgeneral managerរបស់ក្រុមហ៊ុន Tai Shan Sports Engineering Pte.,Ltd មានបំណងទិញផលិតផលពាក់កណ្តាលសម្រេច ដើម្បីកែច្នៃនាំចេញពីសហគ្រាស និងសិប្បកម្មក្នុងស្រុក ហើយនៅថ្ងៃខាងមុខ តំណាងក្រុមហ៊ុននឹងចុះសិក្សាសិប្បកម្មកែច្នៃស្វាយចន្ទីមួយចំនួនក្នុងប្រទេសកម្ពុជា ក្នុងបំណងរកស៊ីរួមគ្នាមួយ។
លោក អួន ស៊ីឡុត មានប្រសាសន៍ថា នេះជារឿងល្អមួយ ពីព្រោះសមត្ថភាពរបស់សហគ្រាសក្នុងស្រុកក្នុងការនាំយកផលិតផលស្វាយចន្ទីទៅលក់នៅបរទេសនៅមានកម្រិត។ដូចនេះសមាគមស្វាយចន្ទីកម្ពុជាចង់ឱ្យគាត់បង្កើតជារោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីសម្រេចចុងក្រោយឱ្យមានស្តង់ដាសម្រាប់នាំចេញ។ប៉ុន្តែគាត់ទទួលទិញផលិតផលពាក់កណ្តាលសម្រេចពីសហគ្រាសនិងសិប្បករក្នុងស្រុក ដែលជាសមាជិកសមាគម។
លោកសង្កត់ធ្ងន់ថា «សម្រាប់ខ្ញុំ ខ្ញុំនៅតែមានសង្ឃឹមជាមួយនិងវិនិយោគសឹង្ហបុរី ដោយផ្អែកទៅលើកត្តាមួយចំនួន៖ ១)-យើងមានសហគ្រាសក្នុងស្រុកចំនួន៣១សហគ្រាស ឬសិប្បកម្មកែច្នៃ ហើយយើងអាចធ្វើការជាមួយគ្នា ដោយយើងនឹងជូនគាត់ដើរមើលសិប្បកម្មទំាងនោះ ២)-យើងមានការផ្តល់ជូនពិសេស មានន័យថាយើងមានច្បាប់វិនិយោគថ្មីទាក់ទាញគាត់ឱ្យចូលរួម ហើយក្នុងនោះក្រសួងកសិកម្មបានជួយសម្រួលកិច្ចការមួយចំនួនលើការវិនិយោគក្នុងវិស័យកសិកម្ម និង៣)-វិសាលភាពនៃស្វាយចន្ទីកម្ពុជាយើងមានច្រើន។ដូច្នេះបណ្តាវិនិយោគិន គាត់មិនមើលរំលងប្រទេសកម្ពុជានោះទេមកដល់ពេលនេះ គាត់ចូលមកសិក្សាច្រើន ដោយនៅក្នុងនោះមានក្រុមហ៊ុនធំមួយ គាត់បានសិក្សាជាប់សព្វគ្រាប់ហើយ នឹងគ្រោងបើករោងចក្រមួយនៅកម្ពុជានាពេលខាងមុខនេះ»៕