ភ្នំពេញ៖ ការដក-ដាក់ប្រាក់ និងការផ្តល់កម្ចីរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ រក្សាបានស្ថិរភាពធម្មតា នៅមុន និងក្រោយការបោះឆ្នោត ថ្ងៃទី២៣ កក្កដា ឆ្លុះបញ្ចាំងពីទំនុកចិត្តខ្ពស់របស់អតិថិជន ចំពោះប្រព័ន្ធធនាគារនៅកម្ពុជា។
លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងនាយកប្រតិបត្តិ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី បានលើកឡើងនៅថ្ងៃទី២៧ ខែកក្កដាថា សកម្មភាពដក-ដាក់ប្រាក់ របស់អតិថិជននៅតាមគ្រឹះស្ថានធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលបានប្រាក់បញ្ជើ មានស្ថិរភាពល្អ នៅមុនពេល និងក្រោយពេលការបោះឆ្នោត។
លោក សុខ វឿន លើកឡើងថា ខុសពីការបោះឆ្នោតអាណត្តិកន្លងទៅ ការបោះឆ្នោតជាតិឆ្នាំ២០២៣នេះ មិនមែនការដកប្រាក់ក្នុងទំហំច្រើន គួរឱ្យកត់សម្គាល់នោះទេ ដោយបញ្ជាក់ថា អតិថិជនមានទំនុកចិត្តមកលើប្រព័ន្ធធនាគារនៅកម្ពុជា។ប្រាក់បញ្ញើក្នុងវិស័យធនាគាររបស់កម្ពុជាបានកើនឡើងដល់ ៤២,៧ ពាន់លានដុល្លារគិតត្រឹមខែមករាឆ្នាំនេះ ខណៈកម្ចី របស់ធនាគារមានជាង ៥៥ ពាន់លានដុល្លារ នេះបើតាមរបាយការណ៍ពីធនាគារជាតិនៃកម្ពុជា។គ្រឹះស្ថានធនាគារបានទទួលប្រាក់បញ្ញើប្រមាណ ៤២,៧ ពាន់លានដុល្លារ ដែលកើនឡើងពី ៣៧ ពាន់លានដុល្លារកាលពីខែតុលាឆ្នាំ២០២២។
ឯកឧត្តម ជា ចាន់តូ ទេសាភិបាលនៃធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍កាលពីពេលថ្មីៗនេះថា កំណើនទាំងប្រាក់កម្ចី និងប្រាក់បញ្ញើ ឆ្លុះបញ្ចាំងពីទំនុកចិត្តសាធារណៈចំពោះប្រព័ន្ធធនាគាររបស់ប្រទេសកម្ពុជា។
ឯកឧត្តម បានលើកឡើងថា វិស័យធនាគារនៅតែរឹងមាំ និងធន់ ហើយបានបន្តដើរតួនាទីយ៉ាងសកម្មក្នុងការគាំទ្រដល់ការងើបឡើងវិញនៃសេដ្ឋកិច្ច ក្នុងអំឡុង និងក្រោយពេលនៃការរាតត្បាតនៃជំងឺកូវីដ-១៩ ៕