តម្លៃអង្ករនៅអាស៊ី បានហក់ឡើងដល់កម្រិតខ្ពស់បំផុត ក្នុងរយ:ពេលជាងបីឆ្នាំចុងក្រោយ បន្ទាប់ពីឥណ្ឌា ដែលជាអ្នកនាំចេញធំជាងគេរបស់ពិភពលោក បានធ្វើការហាមឃាត់ការនាំចេញអង្កររបស់ខ្លួនភាគច្រើន ដែលនាំឱ្យមានការព្រួយបារម្ភចំពោះការផ្គត់ផ្គង់ស្បៀងអាហារ។ នេះបើតាមការចុះផ្សាយពីកាសែត Bangkok Post ។
យោងតាមទិន្នន័យពីសមាគមអ្នកនាំចេញអង្ករថៃ បានឱ្យដឹងថា តម្លៃអង្ករបាក់ ៥% ដែលជាអង្ករស្តង់ដានៅអាស៊ី បានកើនឡើងដល់ ៥៧២ដុល្លារ ក្នុងមួយតោន ដែលជាតម្លៃថ្លៃបំផុតមិនធ្លាប់មាន ចាប់តាំងពីខែមេសា ឆ្នាំ ២០២០ មក។ ខណ:តម្លៃនេះ គឺកើនឡើង ៧% បើធៀបទៅនឹងពីរសប្តាហ៍មុន ។
គួរឱ្យដឹងថា អង្ករមានសារ:សំខាន់ខ្លាំងចំពោះរបបអាហាររបស់មនុស្សរាប់ពាន់លាននាក់នៅអាស៊ី និងអាហ្រ្វិក ហើយការកើនឡើងនៃតម្លៃនេះ អាចនឹងបន្ថែមសម្ពាធអតិផរណា និងជំរុញឱ្យមានកើនឡើងនៃវិក័យប័ត្រនាំចូលសម្រាប់អ្នកទិញ ផងដែរ ។
ជម្រាបជូនថា ការទប់ស្កាត់ចំពោះការនាំចេញអង្កររបស់ប្រទេសឥណ្ឌា កាលពីពេលថ្មីៗនេះ មានគោលបំណងគ្រប់គ្រងតម្លៃ ក្នុងស្រុក។ ហើយផែនការនេះ បានកើតឡើងចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីផលប៉ះពាល់លើដំណាំ ដោយសារតែគ្រោះរាំងស្ងួត El Nino រួមទាំងបញ្ហាសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន៕