Alynana Media Cambodia
Icon Collap
clinic narit

ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-​កាណាដា សម្រេចបាន​ជាង $៤៤៤​ លាន​

Media LNN | Jul 28, 2023
ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-​កាណាដា សម្រេចបាន​ជាង $៤៤៤​ លាន​
Clinic narith

ភ្នំពេញៈ ការនាំ​ទំនិញ​ចេញ​-ចូល​រវាង​ប្រទេស​កម្ពុជា និង​ប្រ​ទេស​កាណាដា ក្នុង​ឆមាស​ទី១ ឆ្នាំ ​២០២៣ មាន​ទឹកប្រាក់​ជាង ៤៤៤​លាន​ដុល្លារ ធ្លាក់ចុះ​ជិត ១/៤​ ដង​បើ​ធៀប​រយៈពេល​ដូច​​គ្នា​ឆ្នាំ ​២០២២ ខណៈ​កាណាដា​គឺជា​ប្រទេស​មាន​ទំហំ​ពាណិជ្ជ​​កម្ម​ទ្វេភាគី​ធំជាងគេ​ទី​៩ របស់​កម្ពុជា​។ នេះ​បើតាម​អគ្គនាយក​ដ្ឋា​ន​គយ និង​រដ្ឋាករ​កម្ពុជា​។​

​តារាង​ស្ថិតិ​ពាណិជ្ជកម្ម​អន្តរ​​ជាតិ​កម្ពុជា ឱ្យដឹងថា ក្នុង​រយៈ​ពេល​ ៦ ​ខែ ពី​ខែមករា​-​ខែមិថុនា ឆ្នាំ​ ២០២៣ ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-​កាណាដា មាន​ទឹកប្រាក់​សរុប ៤៤៤,៦១​ លាន​ដុល្លារ ធ្លាក់ចុះ ២៣,៧​ ភាគរយ​ធៀប​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​ ២០២២ ដែលមាន​ចំនួន ៥៨៣,០៤​ លាន​ដុល្លារ​។ ក្នុងនោះ​ទំនិញ​កម្ពុជា​នាំទៅ​កាណាដា ចំនួន ៤១៦,៩៩​ លាន​ដុល្លារ ធ្លាក់ចុះ ២៦,៧ ​ភាគរយ និង​កាណាដា​នាំមក​កម្ពុជា ២៧,៦១​ លាន​ដុ​ល្លារ កើនឡើង ៩៩,៥ ​ភាគរយ​។ តាមរយៈ​ទិន្នន័យ គឺ​ជញ្ជីង​ពា​ណិ​ជ្ជ​កម្ម​កម្ពុជា មាន​ឧត្តមភាព ៣៨៩,៣៨​ លាន​ដុល្លារ​។​

​ផ្អែក​តាម​ទិន្នន័យ​ខាងលើ គឺ​ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​-​កា​ណា​​ដា ក្នុង​ឆមាស​ទី ​១ ឆ្នាំ ​២០២៣ ស្មើនឹង ១,៨៨ ​ភាគរយ​នៅក្នុង​ចំណោម​ទំហំ​ពាណិជ្ជកម្ម​អន្តរ​​ជាតិ​របស់​កម្ពុជា​ដែលមាន​សរុប ២៣ ៦៩៣,៦៦ ​លាន​ដុល្លារ​។​

​តារាង​ខាងលើ​ឱ្យដឹងទៀតថា សម្រាប់​ខែមិថុនា ឆ្នាំ​ ២០២៣ ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង ២ មាន​សរុប ១១២,៤២ ​លាន​ដុល្លារ ធ្លាក់ចុះ ៧,៤២​ភាគរយ ដោយ​កម្ពុជា​នាំទៅ​កាណាដា ៩២,៩១ ​លាន​ដុល្លារ ធ្លាក់ចុះ ២០,៩​ ភាគរយ និង​បាន​នាំចូល ១៩,៥២​ លាន​ដុល្លារ កើនឡើង ៤២៤,៩​ ភាគរយ​។​

​អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង ឱ្យដឹងថា ការធ្លាក់ចុះ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី ពិសេស​ការនាំ​ចេញពី​កម្ពុជា គឺ​ដោយសារ​ស្ថានភាព​សេដ្ឋកិច្ចពិភពលោក រួមទាំង​ប្រទេស​កាណាដា​មិនសូវ​ល្អ ដែលនាំឱ្យ​ការបញ្ជាទិញ​ទំនិញ​ពី​កម្ពុជា​ត្រូវ​កាត់បន្ថយ​។ ភាគ​ច្រើន​នៃ​ទំនិញ​ដែល​កាណាដា​ទិញ​ពី​កម្ពុជា គឺជា​ផលិតផល​វាយ​ន​ភណ្ឌ កង់ និង​គ្រឿង​បង្គុំ​អេឡិចត្រូនិក​។ កម្ពុជា​ជា​ប្រ​ទេស​ផលិត និង​ផ្គត់ផ្គង់ ដូច្នេះ​បើ​ការបញ្ជាទិញ​ធ្លាក់ចុះ ទឹក​​ប្រាក់​នាំចេញ​របស់​កម្ពុជា​នឹង​ធ្លាក់ចុះ​ទៅតាម​នោះដែរ​។​

 

​ទាក់ទង​ការនាំ​ចូល​ទំនិញ​ពី​ប្រទេស​កាណាដា ដែល​បន្ត​កើន​ឡើង​នោះ លោក លឹម ហេង ប្រាប់ថា គឺ​ដោយសារ​សេដ្ឋកិច្ច និង​តម្រូវការ​នៅ​កម្ពុជា​នៅតែមាន​ដំណើរ​ទៅមុខ​ល្អ​។​

​លោក​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ២៧ ខែកក្កដា​ថា​៖ «​ដោយ​​សារ​គុណភាព​ទំនិញ​កម្ពុជា​ត្រូវបានគេទទួលស្គាល់​នៅ​ទីនោះ​ហើយ ដូច្នេះ​នៅពេល​ស្ថានភាព​នយោបាយ និង​សេដ្ឋកិច្ច​ពិភព​លោក​ល្អ​ឡើងវិញ គឺ​ប្រាកដ​ជាមាន​ការបញ្ជាទិញ​ច្រើន​»​។​

​លោក​បន្ថែមថា ក្រៅពី​ទំនាក់​ទំនង​ការទូត​ល្អ​ជាមួយគ្នា ផ្នែក​ឯកជន​នៅ​កម្ពុជា​ដែល​តំណាង​ដោយ​សភាពាណិជ្ជកម្ម​កម្ពុ​ជា ក៏បាន​បើក​ការិយាល័យ​តំណាង​របស់ខ្លួន​នៅ​តូ​រ៉ុ​ន​តូ ដើម្បី​ផ្សព្វ​ផ្សាយ​ពី​ផលិតផល​កម្ពុជា និង​ផ្តល់ព័ត៌មាន​ដល់​វិនិយោគិន​កាណាដា​ឱ្យចូល​មក​វិនិយោគ​ផ្ទាល់​នៅ​កម្ពុជា​ផងដែរ​។​

​អ្នកសេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា លោក គី សេរី​វឌ្ឍន៍ និយាយថា ការធ្លាក់ចុះ​ចំនួន​ប្រាក់​ដែល​កម្ពុជា​នាំ​ចេញទៅ​កាណាដា គឺ​ដោយសារតែ​ការ​បញ្ជា​ទិញ​ធ្លាក់ចុះ​។ សម្ទុះ​ការ​នាំចេញ​របស់​កម្ពុជា​នឹង​កើន​​ឡើងវិញ​នៅពេល​វិបត្តិ​នានា​ពេលនេះ​បិទ​បញ្ចប់​ទៅវិញ​។​

​លោក​ប្រាប់ថា​៖ «​ភាព​អ​វិ​ជ្ជ​មាននៃ​កំណើនសេដ្ឋកិច្ច​ពិភព​លោក បានធ្វើឱ្យ​ពាណិជ្ជកម្ម​អន្តរជាតិ​មិនល្អ​ឡើយ​»​។​

​ក្នុង​ឆ្នាំ ​២០២២ ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​កាណាដា មាន​ទឹកប្រាក់​សរុប ១ ១៥៤,៤៧​ លាន​ដុល្លារ កើន ១៦,១​ ភាគ​​រយ​ធៀប​ឆ្នាំ ​២០២១ ដែលមាន​ចំនួន ៩៩៤,៧២​ លាន​ដុល្លារ​។ ក្នុងនោះ​កម្ពុជា​នាំចេញ​ទំនិញ​ទៅ​កាណាដា ១ ១២០,៥៩​ លាន​ដុល្លារ កើនឡើង ១៧,៤ ​ភាគរយ ចំណែក​ទំនិញ​កា​ណា​ដា នាំមក​កម្ពុជា មាន​ចំនួន ៣៣,៨៨ ​លាន​ដុល្លារ ធ្លាក់ចុះ ១៥,១ ​ភាគរយ​៕