Alynana Media Cambodia
Icon Collap
clinic narit

ចំនួនបំណុលគ្រួសារថៃអាចនឹងកើនឡើងដល់កម្រិតខ្ពស់បំផុត នៅឆ្នាំ២០២៤

Media LNN | Jul 29, 2023
ចំនួនបំណុលគ្រួសារថៃអាចនឹងកើនឡើងដល់កម្រិតខ្ពស់បំផុត នៅឆ្នាំ២០២៤
Clinic narith

(បាងកក)៖ ចំនួនបំណុលគ្រួសាររបស់ប្រទេសថៃត្រូវបានរំពឹងថានឹងកើនឡើងបន្ថែមទៀត និងឈានដល់កម្រិតកំពូលនៅឆ្នាំក្រោយ ដោយសារប្រជាជនខ្ចីកាន់តែច្រើនដើម្បីសងបំណុលចាស់ ហើយក៏ដើម្បីទប់ទល់នឹងការកើនឡើងចំណាយលើជីវភាពរស់នៅផងដែរ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។

ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ដោយដកស្រង់ការស្ទង់មតិដែលធ្វើឡើងដោយសាកលវិទ្យាល័យសភាពាណិជ្ជកម្មថៃថា បន្ទុកបំណុលក្នុងមួយគ្រួសារមានចំនួនសរុប ៥៥៩ ៤០៨,៧បាត (ប្រហែល ១៦ ៤០០ដុល្លារ) នៅឆ្នាំនេះ ដែលជាចំនួនខ្ពស់បំផុតគិតចាប់តាំងពីការស្ទង់មតិបានចាប់ផ្តើមក្នុងឆ្នាំ២០០៩ និងខ្ពស់ជាងឆ្នាំមុន ១១,៥%។

អ្នកឆ្លើយសំណួរសរុបក្នុងការស្ទង់មតិនេះមានចំនួន ១ ៣០០នាក់ដែលត្រូវបានធ្វើឡើងចន្លោះថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែកក្កដា។

ប្រហែលមួយភាគបីនៃប្រជាជនក្នុងប្រទេសដែលមានសេដ្ឋកិច្ចធំទីពីរក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះជំពាក់ប្រាក់សរុបចំនួន ១៥,៩៦ពាន់ពាន់លានបាតដល់ស្ថាប័នផ្តល់ប្រាក់កម្ចីផ្លូវការ និងប្រមាណ ១ពាន់ពាន់លានបាតដល់អ្នកផ្តល់កម្ចីក្រៅផ្លូវការ។

ធនាគារកណ្តាលថៃនៅដើមខែនេះបានបង្ហាញវិធានការជាបន្តបន្ទាប់ដើម្បីដោះស្រាយបញ្ហាបំណុលគ្រួសារក្នុងគោលបំណងកាត់បន្ថយបំណុលគ្រួសារបន្តិចម្តងៗមកនៅត្រឹម ៨០% នៃផលិតផលក្នុងស្រុកសរុបពីប្រហែល ៩០,៦% ដែលជាចំនួនខ្ពស់បំផុតក្នុងចំណោមសេដ្ឋកិច្ចធំៗនៅអាស៊ី។

លោក Thanavath Phonvichai ប្រធានសាកលវិទ្យាល័យត្រូវបានដកស្រង់សម្ដីដោយទីភ្នាក់ងារព័ត៌មាន Bloomberg ខណៈថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃព្រហស្បតិ៍ថា ទំហំបំណុលគ្រួសារទំនងជានឹងធ្លាក់ចុះនៅក្នុងឆមាសទីពីរឆ្នាំក្រោយ នៅពេលដែលកំណើនសេដ្ឋកិច្ចនឹងកើនឡើងដោយផ្អែកលើការសន្មត់ថាមានកំណើនចំនួនភ្ញៀវទេសចរ ហើយរដ្ឋាភិបាលថ្មីរបស់ប្រទេសថៃកំពុងដំណើរការ។ ទោះយ៉ាងណា វានឹងចំណាយពេលយ៉ាងហោចណាស់ ៥ឆ្នាំដើម្បីកាត់បន្ថយអនុបាតបំណុលធៀបនឹង ផ.ស.ស មកត្រឹម ៨០% នៃផលិតផលក្នុងស្រុកសរុប៕