ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា និន្នាការរយៈពេល ៥ ឆ្នាំ ចាប់ពីឆ្នាំ ២០១៨ ដល់ឆ្នាំ២០២៣ តម្លៃម្ទេស អាចហក់ឡើងខ្ពស់បំផុតដល់ទៅ ២ ម៉ឺនរៀលក្នុងមួយគីឡូក្រាម ខណៈក្រសួងបានប្រាប់គន្លឹះខ្លះៗពីវិធីសាស្រ្តក្នុងការដាំម្ទេសដើម្បីទទួលបានទិន្នផលខ្ពស់ និងឆ្លើយតបតម្រូវការទីផ្សារ។
យោងតាមការផ្សព្វផ្សាយរបស់ក្រសួងកសិកម្ម នៅថ្ងៃទី២៨ ខែកក្កដា បានឱ្យដឹងថា៖«បើយើងមើលពីនិន្នាការតម្លៃរយៈ ៥ ឆ្នាំ ចាប់ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២៣ នេះតម្លៃម្ទេសអាចហក់ខ្ពស់បំផុតដល់ទៅ ២០០០០ រៀល ក្នុងមួយគីឡូក្រាម ក្នុងខែមិថុនា និងខែមករា និងធ្លាក់ថ្លៃទាបបំផុតត្រឹមតម្លៃ ៦០០ រៀល ក្នុងមួយគីឡូក្រាម នៅក្នុងខែតុលា។ លើសពីនេះតម្លៃម្ទេស មានការប្រែប្រួលគម្លាតតម្លៃខ្លាំង នៅក្នុងរដូវប្រាំង និងប្រែប្រួលតិចតួចនៅរដូវវស្សា»។
ប្រភពដដែលបន្តថា ដំណាំម្ទេសមានច្រើនប្រភេទ ដែលនៅប្រទេសកម្ពុជាគេនិយមដាំប្រភេទ ម្ទេសដៃនាង ម្ទេសអាចម៍សត្វ ម្ទេសផ្លោក ម្ទេសហាវ៉ៃ ដោយឡែកម្ទេសផ្សេងៗទៀតដែលឃើញលក់នៅតាមទីផ្សារ ជាប្រភេទម្ទេសនាំចូលមកដាំដុះដែលពុំទាន់មានការសិក្សាពីបច្ចេកទេសដាំដុះសមស្របនៅឡើយទេ។
ម្ទេសជាបន្លែដែលសម្បូរវីតាមីនដូចជា A B C E និងសារធាតុរ៉ែ ដែលមានមុខងារជួយដល់សារពាង្គកាយមនុស្ស ដូចជាជួយបន្សាបជាតិពុល បំបាត់ការឈឺចាប់ ជាថ្នាំអង់ទីប៊ីយ៉ូទិចធម្មជាតិ ជួយភ្ញោចខួរក្បាលក្នុងការបញ្ចេញអ៊័រម៉ូន endorphins ជួយកាត់បន្ថយមហារីកពោះវៀនធំ និងជួយបញ្ចុះជាតិកូឡេស្តេរ៉ូលក្នុងឈាមដែលអាចកាត់បន្ថយជំងឺគាំងបេះដូង ប៉ុន្តែមិនត្រូវពិសាលើសកម្រិតនោះទេ។
ម្ទេសត្រូវបានដាំដុះស្ទើរគ្រប់ទីកន្លែង ដោយសារតម្រូវការប្រើប្រាស់វាជាចាំបាច់ក្នុងការចម្អិនមុខម្ហូប ឬតាមចំណង់ចំណូលចិត្តអ្នកប្រើប្រាស់វា។
នៅប្រទេសកម្ពុជា ម្ទេសហឹរមិនមែនជាបន្លែចម្បងក្នុងមុខម្ហូបទេ គេច្រើនប្រើវាសម្រាប់បន្ថែមសម្រស់ឱ្យម្ហូបអាហារ ឬបន្ថែមរសជាតិហឹរតាមការចូលចិត្ត ដោយឡែកម្ទេសដែលមានជាតិហឹរតិចដូចជាម្ទេសហាវ៉ៃ និងម្ទេសផ្លោក ត្រូវបានចម្អិនជាអាហារគោលដូចជាឆា ស្ល ឬញ៉ាំជាមួយបន្លែផ្សេងៗ។
ក្រៅពីបរិភោគស្រស់ និងចម្អិន គេក៏អាចកែច្នៃជាម្ទេសជ្រក់ និងម្ទេសក្រៀមផងដែរ សម្រាប់ម្ទេសផ្លោកគេអាចកែច្នៃជាម្ទេសឆ្អើរសម្រាប់ប្រើប្រាស់ក្នុងសម្លការី និងម្ហូបផ្សេងទៀត ចំណែកម្ទេសហឹរក្រៀម គេច្រើនកិនទុកបន្ថែមរសជាតិហឹរឱ្យអាហារ។
ម្ទេសមិនរើសដីដាំដុះទេ ប៉ុន្តែដីដែលល្អសម្រាប់ម្ទេសគឺជាដីមានជីជាតិល្អ ក្បែរប្រភពទឹក ឬជាដីល្បាប់ល្បាយខ្សាច់ ធូរ សម្បូរទៅដោយជាតិមមោគ និងសារធាតុចិញ្ចឹមខ្ពស់ វាត្រូវការទឹកជាមធ្យមក្នុងកម្រិតសំណើមដីពី ៦៥ ទៅ ៧០ ភាគរយ។
ដំណាំម្ទេសមិនងាយស្រួលក្នុងការដាំដុះប៉ុន្មានទេ វាមានជំងឺច្រើនដូច្នេះកសិករត្រូវយល់ដឹង និងអនុវត្តបច្ចេកទេសសមរម្យដូចជាការជ្រើសពូជ រៀបចំដី ដាក់ជី បញ្ចេញបញ្ចូលទឹក និងថែទាំ ទើបទទួលបានទិន្នផលល្អ។
ការដាំម្ទេសនៅរដូវក្តៅមានបញ្ហាប្រឈមច្រើនដូចជា សត្វល្អិត បាក់តេរី វីរុស និងពពួកផ្សិត ហើយរដូវកាលសមស្របសម្រាប់ដំណាំម្ទេស គឺ រដូវរំហើយចាប់ពីខែតុលា និងវិច្ឆិកា ប្រមូលផលនៅខែកុម្ភៈ និងដាំនៅរដូវប្រាំងចាប់ពីខែឧសភា ប្រមូលផលនៅខែសីហា។
ម្ទេសជាដំណាំមិនប្រកាន់រដូវអាចដាំដុះបានពេញមួយឆ្នាំ អាចប្រមូលផលបានចាប់ពីដាំដុះរយៈពេល ៦៥ ទៅ ៨០ ថ្ងៃ អាស្រ័យតាមពូជដែលបានជ្រើសរើស ហើយអាចប្រមូលបានច្រើនដងបន្តបន្ទាប់គ្នា។
បើតាមការចុះផ្សាយតម្លៃបោះដុំផលិតផលកសិកម្ម ប្រចាំថ្ងៃ នៅលើគេហទំព័រក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា គិតចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២៣នេះ ម្ទេសស្រស់មានតម្លៃប្រែប្រួលចន្លោះពី ៤០០០ រៀល ទៅ ៩០០០ រៀល ក្នុងមួយគីឡូក្រោម។
ជារួម ម្ទេសជាប្រភេទបន្លែដែលពេញនិយមប្រើប្រាស់ និងបានដាំដុះពាសពេញពិភពលោក ដែលមានលក្ខណពិសេសម្យ៉ាងគឺមានជាតិហឹរ ហើយកម្រិតហឹររបស់វាទៅតាមប្រភេទរបស់ម្ទេសនីមួយៗ៕