ទីក្រុងធំៗរបស់ប្រទេសចិន ដូចជាទីក្រុងប៉េកាំង និង Shenzhen ជាដើម បានបង្ហើបកាលពីចុងសប្ដាហ៍ថា នឹងរៀបចំយុទ្ធសាស្ត្រគាំទ្រ និងជួយដល់អតិថិជនទិញផ្ទះ ជាមួយនឹងបំណងជួយស្ដារវិស័យអចលនទ្រព្យឡើងវិញ។យោងតាមការចុះផ្សាយពីសារព័ត៌មាន CNA បានបង្ហាញថា ការប្រកាសខាងលើ ធ្វើឡើងក្រោយរដ្ឋមន្ត្រីជាន់ខ្ពស់ចិនជាច្រើនរូប បើកកិច្ចប្រជុំស្ដីការជួយស្ដារឡើងវិញនូវវិស័យអចលនទ្រព្យ ដែលកំពុងជាប់គាំង ស្របពេលរដ្ឋមន្ត្រីក្រសួងលំនៅឋានសន្យា នឹងរៀបចំយុទ្ធសាស្ត្រថ្មី ទ្រទ្រង់ដល់វិស័យមួយនេះ។
សូមជម្រាបដែរថា ក្រោយរដ្ឋាភិបាលចេញវិធានការគាំទ្រ និងលើកកំពស់វិស័យអចលនទ្រព្យឡើងវិញ ភាគហ៊ុននៃក្រុមហ៊ុនធំៗដែលរកស៊ីក្នុងវិស័យមួយនេះ មានការហក់ឡើងខ្ពស់ខ្លាំង ខណៈមហាសេដ្ឋីចិនជាច្រើនរូប ក៏ចេញមុខគាំទ្រចំណាត់ការខាងលើដូចគ្នា។
គួររំលឹកបន្តិចថា វិស័យអចលនទ្រព្យចិន បានជួបនឹងទុក្ខលំបាកជាច្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ពោលជាប់គាំងក្នុងសម័យរាតត្បាតជំងឹកូវីដ ១៩ផង ស្របពេលវិបត្តិសេដ្ឋកិច្ចពិភពលោកទៀត ខណៈបំណុលជាង ៣០០ពាន់លានដុល្លារ របស់ក្រុមហ៊ុន China Evergrande ក៏ជាដើមចមសំខាន់ ដែលធ្វើឲ្យវិស័យអចលនទ្រព្យនៅចិន ជួបភាពរាំងស្ទះផងដែរ៕