អ្នកស្រី ជា សិរី គឺជាឥស្សរជនស្ត្រីដ៏ឆ្នើមមួយរូបនៅក្នុងវិស័យធនាគារតាមរយៈការដឹកនាំ គ្រប់គ្រង និងអនុវត្តការ ងារបច្ចេកទេសនៅធនាគារជាតិនៃកម្ពុជា។ អ្នកស្រី ជា សិរី មានបទពិសោធយ៉ាងច្រើនលើការងារគ្រប់គ្រងប្រព័ន្ធធនាគារនៅកម្ពុជា ជាពិសេស ការលើកកម្ពស់រូបិយវត្ថុជាតិ។ ជាមួយគ្នានេះ លោកស្រី ក៏មានប្រវត្តិនៃការសិក្សាមិនធម្មតាផងដែរ ដោយលោកស្រី ជាស្រ្តីខ្មែរមួយរូបដែលទទួលបានការសិក្សាអប់រំនៅប្រទេសជាច្រើនគឺចំនួនប្រាំមួយប្រទេសមានដូចជា បារាំង សិង្ហបុរី ប្រទេសញូហ្សេឡែន ចក្រភពអង់គ្លេស អូស្ត្រាលី និងសហរដ្ឋអាមេរិក រហូតបញ្ចប់ថ្នាក់បណ្ឌិតសេដ្ឋកិច្ច។
ក្រោយចប់កម្រិតវិទ្យាល័យ គឺនៅឆ្នាំ១៩៩៩ អ្នកស្រី បន្តសិក្សាថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យ Victoria រដ្ឋ Wellington ប្រទេសញូហ្សេឡែន ដោយនៅឆ្នាំ២០០២ ទទួលសញ្ញាបត្របរិញ្ញាបត្រ ផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ។ នៅឆ្នាំ២០១០ អ្នកស្រី ទទួលបានសញ្ញាបត្រថ្នាក់អនុបណ្ឌិតផ្នែកធនាគារ ពីសាកលវិទ្យាល័យ SOAS ទីក្រុង ឡុងដ៍ ចក្រភពអង់គ្លេស និងឆ្នាំ២០១៩ បរិញ្ញាបត្រជាន់ខ្ពស់នៅសាលាគោលនយោបាយ លី ក្វាន់យូ។ ឆ្នាំ២០២១ កន្លងទៅនេះ អ្នកស្រី ជា សេរី ក៏ទទួលបានសញ្ញាបត្របណ្ឌិតសេដ្ឋកិច្ច (PhD) នៅសាកលវិទ្យាល័យ Adelaide ប្រទេស អូស្ត្រាលី។ ទន្ទឹមគ្នានេះ អ្នកស្រី ក៏បញ្ចប់ការសិក្សាជំនាញរយៈពេលខ្លីផងដែរ គឺវិញ្ញាបនបត្រផ្នែកអភិវឌ្ឍន៍ហិរញ្ញវត្ថុ នៅសាកលវិទ្យាល័យ Harvard Kennedy សហរដ្ឋអាមេរិក ក្នុងឆ្នាំ២០០៦ និងវិញ្ញាបនបត្របញ្ជាក់ការសិក្សាផ្នែកពាណិជ្ជកម្ម នៅសាកលវិទ្យាល័យ ស៊ីដនី ប្រទេសអូស្ត្រាលី ក្នុងឆ្នាំ២០០៧។
នៅឆ្នាំ១៩៩៩ លោកស្រី ជា សិរី ចាប់ផ្ដើមបម្រើការងារនៅធនាគារជាតិនៃកម្ពុជា ហើយនៅឆ្នាំ២០០២ ក្រោយបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ គឺអ្នកស្រី បម្រើការងារនៅនាយកដ្ឋានត្រួតពិនិត្យធនាគាររបស់ធនាគារជាតិនៃកម្ពុជា។ ជាបន្តបន្ទាប់ អ្នកស្រី កាន់តំណែងជាអគ្គនាយករងបច្ចេកទេស ក្រោយមកឡើងជាអគ្គនាយកបច្ចេកទេស និងជាឧបការីទេសាភិបាលធនាគារជាតិនៃកម្ពុជា។
ក្រៅពីនេះ អ្នកស្រី ជា សិរី ក៏កាន់តំណែង និងការងារសំខាន់ៗ ជាច្រើនទៀតនៅធនាគារជាតិនៃកម្ពុជារួមមាន៖ សមាជិកគណៈកម្មាធិការកម្រិតខ្ពស់សម្រាប់ការបញ្ចូលហិរញ្ញវត្ថុយេនឌ័រ និងស្ត្រី (២០១៦-២០១៨) សមាជិកក្រុមប្រឹក្សាភិបាលមូលនិធិខ្មែរ (២០១៧-២០២១) សមាជិកក្រុមប្រឹក្សាប្រឹក្សាអាស៊ីអាគ្នេយ៍ធនាគារពិភពលោករបស់ស្ត្រី (២០១៨-២០២១) ស្ថាបនិកមូលនិធិរស្មីកុមារ ប្រធានក្រុមប្រឹក្សាសមាគមសេដ្ឋកិច្ចកម្ពុជា សមាជិកវេទិកាអ្នកដឹកនាំពិភពលោកវ័យក្មេង និងជាសមាជិកក្រុមប្រឹក្សាអន្តរជាតិវិទ្យាស្ថាន Global FinTech ជាដើម។
សូមបញ្ជាក់ នៅពេលថ្មីៗនេះព្រះមហាក្សត្រព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់បានត្រាស់បង្គាប់តែងតាំងអ្នកស្រី ជា សិរីជាអគ្គទេសាភិបាលធនាគារជាតិកម្ពុជា ដែលមានឋានៈស្មើទេសរដ្ឋមន្រ្តី។ អ្នកស្រី ឡើងកាន់តំណែងនេះ ជំនួសលោក ជា ចាន់តូ ជាឪពុក។ ព្រះរាជក្រឹត្យរបស់ទ្រង់ស្តីពីការតែងតាំងអ្នកស្រី ជា សិរី បានចេញនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ តាមការក្រាបបង្គំថ្វាយសុំពីសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន។ ជាមួយគ្នានេះ នៅមានព្រះរាជក្រឹត្យ១ទៀត ដែលតែងតាំងទេសាភិបាលរងថ្មី៣រូបផងដែរ រួមមាន លោក រ័ត្ន សុវណ្ណនរៈ លោក យឹម លាត និងអ្នកស្រី សាយ សំអាត៕