Alynana Media Cambodia
Icon Collap
clinic narit

កម្ពុជា​នាំ​ទំនិញ​ទៅ​ជប៉ុន​សម្រេចបាន​ជាង $៥៤៥ ​លាន ​កើនឡើង​តិចតួច​

Media LNN | Aug 01, 2023
កម្ពុជា​នាំ​ទំនិញ​ទៅ​ជប៉ុន​សម្រេចបាន​ជាង $៥៤៥ ​លាន ​កើនឡើង​តិចតួច​
Clinic narith

ភ្នំពេញៈ ការនាំចេញ​ទំនិញ​ពី​កម្ពុជា​ទៅ​ទីផ្សារ​ប្រទេស​ជប៉ុន នៅក្នុង​រយៈពេល​ ៦ ​ខែ ដើមឆ្នាំ​ ២០២៣ មានតម្លៃ​ជាង ៥៤៥ ​លាន​ដុល្លារ កើនឡើង​តិចតួច​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២២ ខណៈ​ពាណិជ្ជកម្ម​ទ្វេ​​ភាគី​មាន​ជាង ៨៦០ ​លាន​ដុ​​ល្លារ​។ នេះ​បើតាម​អគ្គនាយក​​ដ្ឋា​ន​គយ និង​រដ្ឋាករ​កម្ពុជា​។​

​តារាង​ស្ថិតិ​ពាណិជ្ជកម្ម​អន្តរ​​ជាតិ​ឆមាស​ទី​១ ឆ្នាំ​ ២០២៣ បង្ហាញថា ពី​ខែមករា​-​ខែមិថុនា ឆ្នាំ​ ២០២៣ ការផ្លាស់ប្តូរ​ទំនិញ​រវាង​កម្ពុជា ជប៉ុន មាន​ទឹកប្រាក់​សរុប ៨៦០,២៨ ​លាន​ដុល្លារ ធ្លាក់ចុះ ៧,៩ ​ភាគរយ​បើ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ ​២០២២​។ ក្នុងនោះ​ទំនិញ​ដែល​កម្ពុជា​នាំទៅ​ជប៉ុន មាន​ចំនួន ៥៤៥,០១ ​លាន​ដុល្លារ កើន ០,៦​ ភាគរយ ចំណែក​ជប៉ុន​នាំមក​កម្ពុជា​វិញ​ ៣១៥,២៦​ លាន​ដុល្លារ ធ្លាក់​ចុះ ១៩,៧​ ភាគរយ​។ ផ្អែក​តាម​តួលេខ​ខាងលើ គឺ​ជញ្ជីង​ពា​ណិ​ជ្ជ​កម្ម​កម្ពុជា មាន​ឧត្តមភាព ២២៩,៧៥​ លាន​ដុល្លារ ខណៈ​កាលពី​ឆមាស​ទី​១ ឆ្នាំ​ ២០២២ មាន ១៤៩,៣៧​ លាន​ដុល្លារ​។​

​ជប៉ុន គឺជា​ដៃគូ​ពាណិជ្ជកម្ម​ធំជាងគេ​ទី​៥ របស់​កម្ពុជា​បន្ទាប់​ពី​ប្រទេស​ចិន អាមេរិក វៀត​ណា​ម និង​ថៃ​។​

​លោក លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី ​៣១ ខែកក្កដា​ថា ទោះបី​ទឹកប្រាក់​នៃ​ការផ្លាស់ប្តូរ​ទំនិញ​រវាង​ប្រទេស​ទាំង ​២ ធ្លាក់ចុះ ប៉ុន្តែ​សម្រាប់​ការនាំចេញ​របស់​កម្ពុជា​គឺ​នៅមាន​សញ្ញា​វិជ្ជមាន ដែល​នេះ​បញ្ជាក់ថា ទំនិញ​កម្ពុជា គឺមាន​តម្រូវការ​ខ្ពស់​នៅ​ជប៉ុន បើ​ទោះ​ស្ថានភាព​សេដ្ឋកិច្ចពិភពលោក​មិនសូវ​ល្អ​ក៏ដោយ​។ បច្ចុប្បន្ន​ក្រៅពី​ផលិតផល​វាយ​ន​ភណ្ឌ កម្ពុជា​ក៏​នាំចេញ​ផលិតផល​កសិកម្ម​ជាច្រើន​ដែរ​ទៅ​ទីផ្សារ​ជប៉ុន​។

លោក​បន្តថា ការរក្សាបាន​ភាព​វិជ្ជមាន​នៃ​ការនាំចេញ ក៏​ដោយសារតែ​កម្ពុជា​-​ជប៉ុន គឺជា​សមាជិក​នៃ​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុង​ជ្រោយ​តំបន់ ​(RCEP)​ ផងដែរ​។​

 

​លោក​បន្តថា ដើម្បី​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ផ្នែក​ពាណិជ្ជ​កម្ម​រវាង​ប្រទេស​ទាំង​ ២ ​ឱ្យ​កាន់​តែ​ធំ​ថែមទៀត កន្លងមក​សភាពាណិជ្ជកម្ម​កម្ពុជា​ក៏បាន​បើក​ការិយាល័យ​តំណាង​របស់ខ្លួន នៅ​ទីក្រុង​សេន​ដាយ ​(​ប្រទេស​ជប៉ុន​)​។

​ការិយាល័យ​តំណាង មាន​តួនាទី​ផ្សព្វផ្សាយ និង​ទាក់​ទាញ​អ្នកវិនិយោគ​ជប៉ុន​ឱ្យ​ចូលមក​បណ្តាក់ទុន​នៅ​កម្ពុជា ក៏ដូចជា​ទាក់ទាញ​ក្រុមហ៊ុន​ជប៉ុន​ឱ្យ​បញ្ជា​ទិញ​ទំនិញ​ផលិត​នៅ​កម្ពុជា​យកទៅលក់​នៅ​ទីផ្សារ​ជប៉ុន​ផងដែរ​។​

​លោក​ថ្លែងថា​៖ «​ស្ថានភាព​ពាណិជ្ជកម្មរ​វាង​ប្រទេស​ទាំង ២ នឹង​កើនឡើង​ខ្ពស់​នៅពេល​ស្ថានភាព​នយោបាយ និង​សេដ្ឋ​​កិច្ច​ពិភពលោក​ល្អ​ឡើងវិញ​។ ទំនិញ​កម្ពុជា​កំពុង​ទទួលបាន​ទំនុកចិត្ត​ខ្ពស់​ពី​ទីផ្សារ​ជប៉ុន​»​។​

​លោក​ប្រាប់ទៀតថា ការធ្លាក់​ចុះ​ទឹកប្រាក់​នាំចូល​របស់​ជប៉ុន ក៏​ដោយសារ​សមត្ថភាព​ការដាំ​ដុះ កែច្នៃ និង​ផលិត​នៅ​កម្ពុជា​ខ្លាំង​ជាង​មុន​ផងដែរ​។​

​យោងតាម​លោក លឹម ហេង ផលិតផល​សំខាន់​ដែល​កម្ពុជា​នាំទៅ​ជប៉ុន មានដូចជា សម្លៀក​​បំពាក់ ស្បែកជើង គ្រឿង​បង្គុំ និង​កសិផល ចំណែក​ជប៉ុន​នាំមក​កម្ពុជា​វិញ​មាន ផលិតផល​គ្រឿង​ម៉ាស៊ីន រថយន្ត គ្រឿង​អេឡិចត្រូនិក និង​គ្រឿងចក្រ​ក្នុង​វិស័យ​កសិកម្ម​ជាដើម​។​

​យោងតាម​ធនាគារជាតិ​នៃ​កម្ពុជា គិត​ត្រឹម​ត្រីមាស​ទី​១ ឆ្នាំ​ ២០២៣ ជប៉ុន​ជា​ប្រទេស​ដែល​វិនិយោគ​នៅ​កម្ពុជា​ច្រើនជាងគេ​ទី ​៤ ដោយមាន​ប្រាក់​សរុប ១១,៣ ​ទ្រី​លាន​រៀល ​(​កើន ១១,៦​ ភាគរយ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២២) គឺ​បន្ទាប់ពី​ប្រទេស​ចិន កូរ៉េ និង​សិង្ហ​បុរី​។ វិនិយោគិន​ជប៉ុន​ភាគច្រើន​វិ​និ​យោគ​នៅក្នុង​វិស័យ​ហិរញ្ញវត្ថុ សំណង់ សណ្ឋាគារ និង​អចលន​​ទ្រព្យ ជាដើម​។​

​ក្នុង​ឆ្នាំ​ ២០២២ ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា ជប៉ុន មានទឹក​ប្រាក់​សរុប ១ ៩៤៨,០២​ លាន​ដុល្លារ កើន ១២,៣​ ភាគរយ​ធៀប​ឆ្នាំ ​២០២១ ក្នុងនោះ​ការ​នាំ​ទំនិញ​ពី​កម្ពុជា​ទៅ​ជប៉ុន មាន​ទឹកប្រាក់ ១ ១៧៣,០៣ ​លាន​ដុល្លារ កើនឡើង ៧,៣ ​ភាគ​រយ និង​នាំចូល​មាន​ទឹកប្រាក់ ៧៧៤,៩៨៩​ លាន​ដុល្លារ កើន​ឡើង ២១ ​ភាគរយ​។ នេះ​បើតាម​ទិន្នន័យ​ពី​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​៕