វិស័យសំលៀកបំពាក់ ស្បែកជើង និង ផលិតផលធ្វើដំណើរ ( GFT) របស់កម្ពុជាបន្តប្រឈមនឹងការធ្លាក់ចុះសេដ្ឋកិច្ច ខណៈដែលកម្មករជាង ៧,៦៩៦ នាក់មកពីរោងចក្រ ១៥បាត់បង់ការងារដោយសារតម្រូវការធ្លាក់ចុះ ។
សេចក្តីជូនដំណឹងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ (MLVT) បាននិយាយកាលពីម្សិលមិញថា កម្មករទាំងនេះនឹងមានសិទ្ធិទទួលបានជំនួយហិរញ្ញវត្ថុសម្រាប់រយៈពេលនៃការព្យួរកិច្ចសន្យាការងាររបស់ពួកគេ ដូចដែលកញ្ចប់រដ្ឋាភិបាលបានប្រកាសកាលពីដើមខែមីនានេះ។ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជូនដំណឹងដល់បងប្អូនកម្មករនិយោជិតចំនួន ៧ ៦៩៦នាក់ នៃរោងចក ទាំង១៥ នៃវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប ឲ្យបានដឹងថា ធនាគារ វីង (ខេមបូឌា) ម.ក នឹងផ្ញើសារអំពីការបើកប្រាក់ឧបត្ថម្ភរបស់រដ្ឋាភិបាលទៅលេខទូរសព្ទ ដែលបងប្អូនបានផ្តល់មកឱ្យក្រសួងតាមរយៈរដ្ឋបាលរោងចក្រ នាពេលកន្លងមក។
ប្រាក់ឧបត្ថម្ភនេះនឹងត្រូវបើកផ្ដល់ជាប្រាក់រៀល និងអាស្រ័យលើចំនួនថ្ងៃនៃការព្យួរកិច្ចសន្យាការងារ ក្នុងនោះចំនួន៖ – ៨១ ០០០រៀល (២០ដុល្លារអាម៉េរិក) សម្រាប់ការព្យួរកិច្ចសន្យាការងាររយៈពេល ៧ថ្ងៃ ដល់ ១៤ថ្ងៃ –
១៦២ ០០០រៀល (៤០ដុល្លារអាម៉េរិក) សម្រាប់ការព្យួរកិច្ចសន្យាការងាររយៈពេល ១៥ថ្ងៃ ដល់ ១ខែ។
កម្មករដែលបាត់បង់ការងារឥឡូវទទួលបានប្រាក់ឧបត្ថម្ភចំនួន ៧០ដុល្លារក្នុងមួយខែ ក្នុងនោះប្រាក់ឧបត្ថម្ភដែលថៅកែរោងចក្រចូលរួម៣០ដុល្លារ ហើយប្រាក់ដែលនៅសល់ត្រូវរដ្ឋាភិបាលដោះស្រាយ។ រដ្ឋាភិបាលក៏បានបញ្ជាក់យ៉ាងច្បាស់ថា ការគាំទ្រផ្នែកហិរញ្ញវត្ថុនឹងបន្តក្នុងអំឡុងពេលនៃការព្យួរកិច្ចសន្យារបស់ពួកគេ។
កាលពីសប្តាហ៍មុន ក្រសួងការងារក៏បានជូនដំណឹងកម្មករ ៤,០៧៦ មកពីរោងក្រទាំង៨នៅក្នុងវិស័យ GFT ក៏ត្រូវទទួលបានប្រាក់ឧបត្ថម្ភសម្រាប់ការព្យូរការងាររបស់ពួកគេផងដែរ។
យោងតាមអង្គការពលកម្មអន្តរជាតិ (ILO) វិស័យ GFT គឺជាវិស័យបង្កើតការងារដ៏ធំបំផុតមួយនៅក្នុងប្រទេស ហើយបានបង្កើតការងារផ្ទាល់ជិតមួយលានកន្លែង។
ទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករ (GDCE) បានបង្ហាញថា ចាប់ពីខែមករា ដល់ ខែមិថុនា ឆ្នាំនេះ ប្រាក់ចំណូលពីការនាំចេញសំខាន់នៃទំនិញ GFT បានបង្ហាញពីការធ្លាក់ចុះ ១៨,៦០ ភាគរយ។
លោក ឈាង វណ្ណារិទ្ធ ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី(AVI) មានប្រសាសន៍ប្រាប់ខ្មែរថាមស៍ថ្មីៗនេះថា វិស័យGFT ជួបផលលំបាកបណ្តាលមកពីស្ថានភាពសេដ្ឋកិច្ចជាសាកល។
លោកមានប្រសាសន៍ថា៖ « សង្គ្រាមអូសបន្លាយក្នុងប្រទេសអ៊ុយក្រែន និងការបង្កើនការប្រជែងគ្នាខាងភូមិសាស្ត្រនយោបាយបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ទស្សនវិស័យសេដ្ឋកិច្ចពិភពលោក»។
ប៉ុន្តែសង្គ្រាម និងការធ្លាក់ចុះសេដ្ឋកិច្ចសកលទូទៅមិនមែនជាហេតុផលតែមួយនោះទេ។ អ្នកដឹកនាំធុរកិច្ចមួយចំនួនព្រួយបារម្ភចំពោះការមិនបន្តប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) ដោយសហរដ្ឋអាមេរិក និងការកាត់បន្ថយអត្ថប្រយោជន៍អ្វីៗគ្រប់យ៉ាងលើកលែងតែអាវុធ (EBA) ដោយសហភាពអឺរ៉ុប ខណៈដែលពួកគេបានចាត់ទុកជាមោឃៈនូវគុណសម្បត្តិពន្ធលើការនាំចេញសម្លៀកបំពាក់ និងទំនិញធ្វើដំណើររបស់កម្ពុជា។ ជាការពិត សហរដ្ឋអាមេរិក និង អឺរ៉ុប គឺទីផ្សារសំខាន់សម្រាប់ការនាំចេញសំលៀកបំពាក់ និង ផលិតផលធ្វើដំណើររបស់កម្ពុជា។
ទិន្នន័យពីវិទ្យាស្ថានជាតិស្ថិតិ (NIS) បានលើកឡើងថា ការបន្តរីកចម្រើននៃវិស័យ GFT គឺសំខាន់ណាស់សម្រាប់កម្ពុជាក្នុងអំឡុងពេលរាតត្បាតជំងឺកូវីដ-១៩៕