Alynana Media Cambodia
Icon Collap
clinic narit

តម្លៃ​ប្រេង​កើន​ ធ្វើឱ្យប៉ះពាល់​ដល់​វិស័យ​ដឹកជញ្ជូន​ហើយ​ថ្លៃដើម​ទំ​​និ​ញ​ក៏​នឹង​កើនឡើង​ផងដែរ

Media LNN | Aug 03, 2023
តម្លៃ​ប្រេង​កើន​ ធ្វើឱ្យប៉ះពាល់​ដល់​វិស័យ​ដឹកជញ្ជូន​ហើយ​ថ្លៃដើម​ទំ​​និ​ញ​ក៏​នឹង​កើនឡើង​ផងដែរ
Clinic narith

ភ្នំពេញៈ វិស័យ​ដឹកជញ្ជូន​នឹង​ទទួល​​រង​ផលប៉ះពាល់​ខ្លាំង ហើយ​ថ្លៃដើម​ទំ​​និ​ញ​ក៏​នឹង​កើនឡើង​ផងដែរ​បើសិន​ការកើនឡើង​នៃ​តម្លៃ​ប្រេង​នៅ​ទីផ្សារ​អន្តរជាតិ​អូសបន្លាយ​ពេល​យូរ​ទៅមុខ ខណៈ​តម្លៃ​ប្រេង​លក់រាយ​នៅ​កម្ពុជា​បាន​កើនឡើង​ប្រមាណ ១០ ​ភាគរយ​ចាប់ពី​ថ្ងៃទី​ ១ ខែសីហា​។ នេះ​បើតាម​អ្នក​នៅក្នុង​វិស័យ​ដឹកជញ្ជូន និង​អ្នក​ជំនួញ​នៅ​កម្ពុជា​។​

​សេចក្តីជូនដំណឹង​រប​ស់​ក្រសួង​ពា​ណិ​ជ្ជ​កម្ម បានឱ្យដឹងថា ប្រេងសាំង ​(EA92) លក់រាយ​នៅ​កម្ពុជា ចាប់ពី​ថ្ងៃទី​ ១-១០ ខែសីហា ឆ្នាំ​ ២០២៣ មានតម្លៃ ៤ ៥៥០​ រៀល​ក្នុង​ ១ ​លីត្រ កើន​ពី ៤ ១៥០ ​រៀល និង​ប្រេងម៉ាស៊ូត ៤ ៤៥០​ រៀល កើន​ពី ៤ ០០០​ រៀល​។​

​អ្នកនាំពាក្យ​នៃ​ក្រសួងពាណិជ្ជកម្ម លោក ប៉ែន សុ​វិជាតិ កាលពី​ថ្ងៃទី ​១ ខែសីហា បាន​ប្រាប់​បណ្តាញ​ព័ត៌មាន​ក្នុងស្រុក​ថា តម្លៃ​ប្រេង​ត្រូវ​ឡើង​តាំងពី​មុនពេល​ការបោះឆ្នោតជាតិ​ (​ថ្ងៃទី​ ២៣ ខែកក្កដា​) ប៉ុន្តែ​ដោយមាន​ការ​សម្របសម្រួល​ពីរ​ដ្ឋ និង​ផ្នែក​ឯកជន​តម្លៃ​ក៏​មិនបាន​ប្រែប្រួល​ទេ​។ លោក​បន្តថា បើ​តម្លៃ​ប្រេង​នៅ​ទីផ្សារ​អន្តរ​ជាតិ​កើនឡើង តម្លៃ​ប្រេង​នៅ​កម្ពុជា​ក៏​នឹង​កើនឡើង​ដែរ​។​

​លោក ជា ចាន់​ដា​រ៉ា ប្រធាន​សមាគម​​ពាណិជ្ជករ​ដឹកជញ្ជូន និង​ខ្សែ​ង្វា​ក់​ផ្គត់ផ្គង់​នៅ​កម្ពុជា បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ២ ខែសីហា​ថា ការ​កើន​ឡើង​តម្លៃ​ប្រេង​នៅ​ទីផ្សារ​អន្តរជាតិ​នឹង​ជះឥទ្ធិពល​ទៅគ្រប់​ចង្វាក់​ផលិតកម្ម ពិសេស​ប្រទេស​នាំចូល​ប្រេង​ដូចជា​កម្ពុជា​។ ដោយសារ​ប្រេងឥន្ធនៈ​មាន​តម្រូវការ​នៅ​ស្ទើរ​គ្រប់ផ្នែក ដូច្នេះ​ផល​​ប៉ះពាល់​គឺ​ប្រាកដ​ជាមាន ដោយ​គ្រាន់​​តែ​ផ្នែក​ខ្លះ​ដោយ​ប្រយោល និង​ផ្នែក​ខ្លះ​ដោយផ្ទាល់​ (​ការដឹកជញ្ជូន​)​។​

​លោក​ថ្លែងថា​៖ «​សម្រាប់​វិស័យ​ដឹក​ជញ្ជូន ផលប៉ះពាល់ គឺ​ប្រាកដ​ជាមាន ដោយ​ប្រាក់ចំណេញ​របស់​ក្រុមហ៊ុន​នឹងត្រូវ​ចុះ​ទាប​ជាង​មុន ហើយ​តម្លៃ​ដឹកជញ្ជូន​ក៏​អាច​កើនឡើង​ដែរ​»​។​

 

​ទោះបីយ៉ាងណា លោក​អះអាងថា តម្លៃ​ប្រេង​នៅពេលនេះ​មិនទាន់​ឡើងដល់​កម្រិត​ខ្ពស់​ដែល​អ្នកប្រើប្រាស់​មិនអាច​ទទួលយកបាន​នោះទេ​។ តម្លៃ​ដឹកជញ្ជូន​ពេលនេះ​ក៏​មិន​ឡើង​ខ្ពស់​ដូច​កាលពី​អំឡុង ២-៣ ​ឆ្នាំមុន​ដែរ​។​

​អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង និយាយថា ការ​កើន​ឡើង​នៃ​តម្លៃ​ប្រេង គឺ​ពិតជា​ជះឥទ្ធិពល​មិនល្អ​ដល់​សកម្មភាព​សេដ្ឋកិច្ច ព្រោះ​គ្រប់​សកម្មភាព​ផលិតកម្ម​គឺ​សុទ្ធតែ​ត្រូវការ​ប្រើប្រាស់​ប្រេង​។ បើ​ការឡើង​តម្លៃ​ប្រេង​មាន​រយៈពេល​ខ្លី គឺ​មិនមាន​បញ្ហា​អ្វី​ទេ ប៉ុន្តែ​បើ​ឡើង​រយៈពេល​វែង ​(​ចាប់ពី ២-៣​ខែ​) គឺអាច​ប៉ះពាល់​ដល់​ខ្សែចង្វាក់​ផលិតកម្ម ជាពិសេស​ផ្នែក​ដឹកជញ្ជូន និង​គ្រឿងយន្ត​កសិកម្ម​ដែល​ប្រើប្រាស់​ប្រេងឥន្ធនៈ​»​។​

​លោក​បាន​បន្តថា សម្រាប់​រោងចក្រ សហគ្រាស គឺ​មិនសូវ​ប៉ះពាល់​នោះទេ ព្រោះ​ភាគច្រើន​ដំណើរការ​ដោយ​ប្រើ​អគ្គិសនី​របស់​រដ្ឋ​។ ប៉ុន្តែ​បើ​តម្លៃ​ប្រេង​បន្ត​កើនឡើង​យូរ​តម្លៃ​ទំនិញ​គ្រប់​ប្រភេទ​នឹង​កើន​ដែរ​។​

​លោក​និយាយថា​៖ «​សម្រាប់​ការនាំ​ចេញ​របស់​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិ ខ្ញុំ​គិតថា វា​នឹង​មិនមាន​ផលប៉ះពាល់​ទេ ព្រោះ​ការ​កើន​តម្លៃ​ប្រេង​ពេលនេះ​គឺ​នៅ​ទូទាំង​ពិភពលោក​»៕