លោក Boris Xue ប្រធានសភាពាណិជ្ជកម្មក្រុងណឹងប៉បានមានប្រសាសន៍ថា ក្រុមហ៊ុនចិនប្រមាណជាង ៤០ ទៀត នឹងមកស្វែងយល់ពីសក្តានុពលវិនិយោគជាក់ស្តែងនៅកម្ពុជានាពាក់កណ្តាលខែសីហាឆ្នាំ២០២៣ខាងមុខនេះ។
នៅក្នុងជំនួបពិភាក្សាការងារជាមួយលោក ជា វុទ្ធី អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា (គ.វ.ក.) និងគណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា (គ.ស.ព.) កាលពីរសៀលថ្ងៃទី២ សីហា លោក Boris Xue ដែលដឹកនាំគណៈប្រតិភូវិនិយោគ ១៥ ក្រុមហ៊ុន មកបំពេញទស្សនៈកិច្ចនៅកម្ពុជាបានប្តេជ្ញាចិត្តក្នុងការចូលរួមចំណែកដុសខាត់កិច្ចសហប្រតិបត្តិការត្បូងពេជ្រកម្ពុជា-ចិន តាមរយៈការវិនិយោគក្នុងវិស័យ (១) ឧស្សាហកម្ម (២) កម្មន្តសាល ជាពិសេស ការផលិតក្រណាត់ និងអំបោះ (៣) បច្ចេកវិទ្យា (៤) ពាណិជ្ជកម្ម និង (៥) អចលនទ្រព្យ។
លោក Boris Xue ក៏បានសម្តែងសុទិដ្ឋិនិយមចំពោះបរិយាកាសវិនិយោគនៅកម្ពុជា ហើយលោកអះអាងថានៅពាក់កណ្តាលខែសីហានេះនឹងមានក្រុមហ៊ុនប្រមាណជាង ៤០ ទៀត នឹងមកស្វែងយល់ពីសក្តានុពលវិនិយោគជាក់ស្តែងនៅកម្ពុជា។លោក ជា វុទ្ធី អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា (គ.វ.ក.) និងគណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា (គ.ស.ព.) បានជម្រាបជូនលោក Boris Xue ថា នេះជាគណៈប្រតិភូវិនិយោគិនចិនទីមួយដែល ក.អ.ក. ទទួលជួបបន្ទាប់ពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៧។
លោក ជា វុទ្ធី បានបង្ហាញជំនឿចិត្តថា គណៈប្រតិភូនឹងច្បាមយកកាលានុវត្តភាពជាអតិបរមាពីការវិនិយោគលើវិស័យគន្លឹះនានាដែលកម្ពុជាមានសក្តានុពលតាម រយៈរូបភាពវិនិយោគដោយផ្ទាល់ឬដោយចូលហ៊ុនជាមួយសហគ្រាសក្នុងស្រុក ឬភាពជាដៃគូរវាងរដ្ឋនិងវិស័យឯកជន ដើម្បីចាប់យកទីផ្សារដែលពោរពេញដោយថាមវន្ត និងរួមចំណែកដល់ការពង្រឹងចំណងមិត្តភាពកម្ពុជា-ចិន ដែលថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានលើកកម្រិតដល់កិច្ចសហប្រតិបត្តិការត្បូងពេជ្រ៕