Alynana Media Cambodia
Icon Collap
clinic narit

ពិភពលោកនឹងអាចខ្វះខាតការផ្គត់ផ្គង់អង្ករ ស្របពេលថៃកំពុងកាត់បន្ថយការដាំដុះស្រូវ ឯឥណ្ឌាបានហាមឃាការនាំចេញអង្ករ

Admin Alynana | Aug 03, 2023
ពិភពលោកនឹងអាចខ្វះខាតការផ្គត់ផ្គង់អង្ករ ស្របពេលថៃកំពុងកាត់បន្ថយការដាំដុះស្រូវ ឯឥណ្ឌាបានហាមឃាការនាំចេញអង្ករ
Clinic narith

ថៃកំពុងជំរុញឱ្យកសិករកាត់បន្ថយការដាំដុះស្រូវតែមួយប្រភេទ ដោយជំនួសទៅដាំដំណាំប្រភេទផ្សេងត្រូវទឹកតិចជាងមុន។ វិធានការនេះ នឹងគំរាមកំហែងដល់ការផ្គត់ផ្គង់អង្ករពិភពលោក ក្នុងបរិបទដែលឥណ្ឌាបានហាមឃាការនាំចេញអង្ករ។

ស្រូវជាដំណាំយ៉ាងចម្បងរបស់ថៃដែលកសិករភាគច្រើនបានដាំដុះ ។ យ៉ាងណាមិញ បើតាមការប្រកាសរបស់អគ្គលេខាធិការនៃការិយាល័យធនធានទឹក លោក Surasri Kidtimonton រដ្ឋាភិបាលថៃកំពុងលើកទឹកចិត្តឱ្យប្រជាជនប្តូរទៅដាំដំណាំប្រភេទផ្សេង ដែលត្រូវការទឹកតិច។
 
ថៃកំពុងកត់ត្រាការថយចុះនៃទឹកភ្លៀង នៅក្នុងបរិបទដែលអាកាសធាតុនៅឆ្នាំក្រោយត្រូវបានព្យាករថា នឹងស្ងួតដោយសារតែបាតុភូត El ​​Nino ។ បច្ចុប្បន្នកម្រិតទឹកភ្លៀង​សរុប​នៅ​ភាគ​កណ្តាល​មាន​ជាង​ធម្មតា៤០ភាគរយប៉ុណ្ណោះ។ លោក Surasri Kidtimonton បាន​និយាយ​ថា ការ​កំណត់​ការ​ដាំដុះ​ស្រូវ​នេះ នឹង​ជួយ​ធានា​ទឹក​គ្រប់គ្រាន់សម្រាប់កសិករ​។
 
វិធានការនេះ នឹងគំរាមកំហែងដល់ការផ្គត់ផ្គង់អង្ករពិភពលោក ស្របពេលដែលឥណ្ឌាបានហាមឃាត់ការនាំចេញអង្ករប្រភេទមួយចំនួន។ បច្ចុប្បន្ន​ថៃ​ជា​ប្រទេស​នាំ​ចេញ​អង្ករ​ធំ​ទី​ពីរ​ក្នុង​ពិភពលោកបន្ទាប់​ពី​​ឥណ្ឌា។
 
ទាំងអេមីរ៉ាតអារ៉ាប់រួម និងរុស្ស៊ីនាពេលថ្មីៗនេះ ក៏បានប្រកាសថានឹងឈប់លក់អង្ករទៅក្រៅប្រទេស ត្រឹមតែមួយសប្តាហ៍បន្ទាប់ពីការហាមឃាត់ឥណ្ឌា មានគោលបំណងស្រដៀងគ្នា គឺរក្សាការផ្គត់ផ្គង់ក្នុងស្រុក និងការទប់ស្កាត់តម្លៃកើនឡើង។ 
 
កាល​ពី​ខែ​មុន តម្លៃ​អង្ករ​នៅ​អាស៊ី​បាន​ឡើង​ថ្លៃ​ខ្ពស់​បំផុត​ក្នុង​រយៈ​ពេល​ជាង​បី​ឆ្នាំ​ តួយ៉ាងដូចជាថៃតម្លៃអង្ករក្នុងស្រុកកើនឡើង ១០ភាគរយភា្លម ក្រោយការប្រកាសហាមឃាត់ការនាំចេញរបស់ឥណ្ឌា។ អង្ករគឺជាអាហារសំខាន់សម្រាប់មនុស្សជាង ៣ ពាន់លាននាក់ ហើយការកើនតម្លៃខ្ពស់បែបនេះ អាចបណ្តាលឱ្យសម្ពាធអតិផរណាកើនឡើង។
 
«​មិន​អាច​សុំ​ឲ្យ​ប្រជាពលរដ្ឋ​ឈប់​ដាំ​ស្រូវ​នៅ​ពេល​តម្លៃ​ផលិតផលកំពុងត្រូវប៉ាន់​នោះ​ទេ ប៉ុន្តែយើង​បារម្ភ​ខ្លាំង​ពីបរិមាណ​ភ្លៀង​ធ្លាក់​មិន​ស្មើគ្នា​ក្នុង​អំឡុង​ខែសីហា​ដល់​ខែតុលា ដែល​អាច​នឹង​កាត់​បន្ថយ​ទិន្នផល​ស្រូវ​ក្នុង​រដូវ​ប្រមូល​ផល​​»​។ នេះបើតាមការលើកឡើងរបស់លោក Chookiat Ophaswongse ប្រធានសមាគមអ្នកនាំចេញអង្ករថៃបានប្រាប់ទៅទូរទស្សន៍ Bloomberg ។
 
មុននេះ រដ្ឋាភិបាលថៃបានព្រមានថា El Nino អាចបណ្តាលឱ្យមានភ្លៀងធ្លាក់ទាបខុសពីធម្មតា ហើយបានណែនាំកសិករឱ្យដាំដំណាំស្រូវតែមួយរដូវ ជំនួសឱ្យការដាំពីរដងនៅឆ្នាំនេះ។ អ្នក​វិភាគ​មើលឃើញថា កង្វះ​ខាត​នៃ​ការ​ផ្គត់​ផ្គង់អង្ករ​ពី​ប្រទេស​ថៃ ​អាច​ប៉ះ​ប៉ូវ​ដោយ​ប្រទេស​វៀតណាម។ ការ​នាំ​ចេញ​អង្ករ​របស់​វៀតណាម​ត្រូវ​បាន​គេ​ព្យាករ​ថា ​នឹង​លើស​ផែនការនៅ​ឆ្នាំ​នេះ។
 
ទិន្នន័យ​របស់​អគ្គនាយកដ្ឋាន​គយវៀតណាម​បង្ហាញ​ថា ​៦​ខែ​ឆ្នាំ​នេះ វៀតណាម​បាន​នាំ​ចេញ​អង្ករ​ច្រើន​ជាង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុនក្នុងអត្រា ២១ភាគរយ ជាពិសេស បរិមាណដែលលក់ទៅហ្វីលីពីន ចិន និងឥណ្ឌូណេស៊ី សុទ្ធតែកើនឡើង។
 
ទោះជាយ៉ាងនេះក្តី អ្នកជំនាញជាច្រើនជឿថា បរិមាណអង្ករវៀតណាមមានមិនច្រើន ដែលអាចបំពេញតម្រូវការទាំងអស់បាននោះ ដោយសារតែ​​​វៀតណាម​ក៏​រង​ឥទ្ធិពល​ពី​ការ​ប្រែប្រួល​អាកាសធាតុ​ដែរ ធ្វើ​ឱ្យបរិមាណស្រូវដែលប្រមូលផលមួយចំនួន​ខូចខាតយ៉ាងធ្ងន់ធ្ងរ។ មួយវិញទៀតការផ្គត់ផ្គង់អង្ករពីកម្ពុជាក៏មិនគ្រប់គ្រាន់នោះដែរ។
 
ប្រទេសដែលនាំចេញអង្ករធំៗជាងគេរបស់ពិភពលោកមាន ឥណ្ឌា៤០,៥ភាគរយ  ថៃ១៥,៣ភាគរយ  វៀតណាម១៣,៥ភាគរយ និងប្រទេសផ្សេងទៀត៣០, ៧ភាគរយសម្រាប់ឆ្នាំ២០២២-២០២៣ ។ នេះបើយោងតាមទិន្នន័យពីក្រសួងកសិកម្មអាម៉េរិក៕