(សៀមរាប)៖ គ្រឹះស្ថានអង្គរ ទទួលបានចំណូលជាង២០,៣ លានដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ក្នុងរយៈពេល៧ខែ នៃឆ្នាំ២០២៣។ ចំនួននេះ កើនឡើងជាង ៥០០ពាន់ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។
បើតាមសេចក្ដីប្រកាសរបស់គ្រឹះស្ថានអង្គរ រយៈពេល ៧ខែនេះ មានទេសចរសរុប ៤៣៩ ៣៦៥នាក់ បានទិញសំបុត្រចូលរមណីយដ្ឋានអង្គរ ដែលកើនជាង ៤២៣ពាន់ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។
ដោយឡែក ក្នុងខែកក្កដា កន្លងទៅនេះ មានទេសចរ ជាង៥៣ពាន់នាក់ បានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ហើយចំណូលលក់សំបុត្រនោះមានជាង២,៤លានដុល្លារ។
ក្រៅពីនេះ គ្រឹះស្ថានអង្គរ ក៏បានលក់សំបុត្រចូលទស្សនាតំបន់កោះកែរ បានចំនួន ១០,៦ម៉ឺនដុល្លារ ដល់ទេសចរអន្តរជាតិចំនួន ៧ពាន់នាក់ ។
យោងតាមគ្រឹះស្ថានអង្គរ តម្លៃសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ត្រូវបានចែកចេញជា ៣ប្រភេទ គឺសំបុត្រចូលទស្សនា ១ថ្ងៃមានតម្លៃ ៣៧ដុល្លារ, រយៈពេល ៣ថ្ងៃតម្លៃ ៦២ដុល្លារ និង ៧ថ្ងៃ មានតម្លៃ ៧២ដុល្លារ។
ទិន្នន័យក្រសួងទេសចរណ៍ ឱ្យដឹងថា ក្នុងឆ្នាំ២០២២ កម្ពុជាទទួលបានទេសចរអន្តរជាតិប្រមាណជិត ២,២៨លាននាក់ កើនឡើង១ ០៥៩ភាគរយធៀបឆ្នាំ២០២១៕