រាជរដ្ឋាភិបាលកម្ពុជាបានចំណាយថវិកាអស់១២៣លានដុល្លារលើការដោះស្រាយផលប៉ះពាល់ជូនប្រជាពលរដ្ឋក្នុងការសាងសង់ផ្លូវក្រវាត់ក្រុងទី៣ ដែលទើបសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅព្រឹកថ្ងៃទី៣ ខែសីហា ក្រោមវត្តមានសម្តេចតេជោ ហ៊ុន សែន។ ផ្លូវក្រវាត់ក្រុងទី៣ ត្រូវបានប្រមុខរដ្ឋាភិបាលចាំផ្ទះសម្តេចតេជោ ហ៊ុន សែន ចាត់ទុកជាផ្លូវមួយដែលមានការចំណាយខ្ពស់ជាងគេ ពោលគឺផ្លូវដែលមានប្រវែងប្រមាណ៥៣គីឡូម៉ែត្រនេះបានចំណាយថវិកាសាងសង់រហូតដល់ជិត ៥រយលានដុល្លារ។
នាពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវក្រវាត់ក្រុងទី៣ នៅព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីចាំផ្ទះបានអះអាងថា រាជរដ្ឋាភិបាលកម្ពុជាបានចំណាយថវិកាអស់១២៣លានដុល្លារ លើការដោះស្រាយផលប៉ះពាល់ជូនប្រជាពលរដ្ឋក្នុងអំឡុងពេលសាងសង់ផ្លូវក្រវាត់ក្រុងទី៣។ កត្តានេះហើយបានធ្វើឲ្យសម្តេចតេជោចាត់ទុកផ្លូវក្រវាត់ក្រុងទី៣នេះ ជាផ្លូវដែលមានការចំណាយខ្ពស់ បើធៀបនឹងផ្លូវផ្សេងៗ ដែលបានសាងសង់កន្លងមក ហើយវាក៏ជាផ្លូវដែលរដ្ឋបានបញ្ចេញថវិកាដ៏ច្រើនសន្ធឹកសន្ធាប់ផងដែរ។ បើតាមការអះអាងរបស់សម្តេចតេជោ ផ្លូវដែលមានប្រវែងប្រមាណ៥៣គីឡូម៉ែត្រមួយនេះបានចំណាយថវិកាសាងសង់អស់ចំនួន៤៦០លានដុល្លារ ក្នុងនោះប្រមាណ២៦០លានដុល្លារជាហិរញ្ញប្បទានរបស់ចិន និងក្រៅពីនេះជាថវិកាបរិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកផ្លូវក្រវាត់ក្រុងទី៣ជាផ្លូវមួយដ៏មានសារៈសំខាន់ក្នុងបម្រើឲ្យវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម ដ្បិតផ្លូវនេះបានតភ្ជាប់ទៅផ្លូវជាតិនានាដូចជាផ្លូវជាតិលេខ២ លេខ៣ លេខ៤ លេខ២១ និងផ្លូវល្បឿនលឿនជាដើម។ តាមរយៈភាពប្រទាក់ក្រឡាគ្នានេះ វានឹងជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងការដឹកជញ្ជូនទំនិញឲ្យកាន់តែភាពងាយស្រួល ជាពិសេសរួមចំណែកជួយកាត់បន្ថយការកកស្ទះចរាចរណ៍នៅក្នុងរាជធានីភ្នំពេញបានមួយកម្រិតផងដែរ។ លើសពីនេះផ្លូវក្រវាត់ក្រុងនេះបានរួមចំណែកជួយជំរុញការអភិវឌ្ឍន៍ និងធ្វើឲ្យតម្លៃអចលនទ្រព្យនៅតំបន់ក្បែរៗនោះឲ្យមានការកើនឡើងផងដែរ។
ក្រៅពីភ្ជាប់ជាមួយផ្លូវជាតិសំខាន់ៗផ្លូវក្រវាត់ក្រុងទី៣នេះក៏ជាបណ្តាញមួយក្នុងការតភ្ជាប់ទៅទីក្រុងថ្មីៗ ដែលទើបបង្កើតឡើងនៅខេត្តកណ្តាលផងដែរ ដែលវាបាននិងកំពុងធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នករកស៊ី និងវិនិយោគិនឲ្យទៅបោះទុនវិនិយោគនៅតំបន់នោះ ជាពិសេសនៅម្តុំក្រុងតាខ្មៅតែម្តង។ ជាក់ស្តែងនៅតាមបណ្ដោយផ្លូវជាតិលេខ២១មានការអភិវឌ្ឍយ៉ាងខ្លាំងលើគម្រោងលំនៅឋាននិងអគារពាណិជ្ជកម្មនានា ជាពិសេសគម្រោងទីក្រុងរណបសិរីមង្គលរបស់ក្រុមហ៊ុន WorldBridge Home របស់អ្នកឧកញ៉ា សៀ ឫទ្ធី ដែលជាគម្រោងផ្ទះតម្លៃសមរម្យដ៏មានសក្តានុពលតែម្តង។ គម្រោងនេះស្ថិតនៅចំណុចកណ្ដាលរវាងរាជធានីភ្នំពេញ និងគម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ និងគម្រោងក្រុងសំពៅពូននៅខេត្តកណ្ដាល។
គួរបញ្ជាក់ថា ផ្លូវក្រវាត់ក្រុងទី៣ ដែលមានប្រវែងប្រមាណ៥៣គីឡូម៉ែត្រសាងសង់ដោយក្រុមហ៊ុនសំណង់សៀងហៃគ្រុប និងត្រួតពិនិត្យបច្ចេកទេសសាងសង់ដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន ដែលមានការវាយតម្លៃតម្លៃវិនិយោគដំបូងប្រមាណ៣រយលានដុល្លារអាមេរិក។ តាមគម្រោងផ្លូវនេះគ្រោងបញ្ចប់ការសាងសង់តាំងពីចុងឆ្នាំ២០២២ មកម្ល៉េះ តែត្រូវបានពន្យារពេលដោយសារការដោះស្រាយសំណងផលប៉ះពាល់ជូនប្រជាពលរដ្ឋមានភាពយឺតយ៉ាវ គួបផ្សំបញ្ហាអាកាសធាតុ និងការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩៕