(ប៉េកាំង)៖ ក្រសួងការបរទេសចិនបានឱ្យដឹងថា ជនជាតិកូរ៉េខាងត្បូងម្នាក់ត្រូវបានប្រហារជីវិត កាលពីថ្ងៃសុក្រសប្តាហ៍នេះ ដោយសារការជាប់ពាក់ព័ន្ធនឹងសកម្មភាពជួញដូរគ្រឿងញៀន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី៥ ខែសីហា ឆ្នាំ២០២៣។
ក្រសួងការបរទេសចិន បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា តុលាការចិននៅទីក្រុងក្វាងចូវ (Guangzhou) បានផ្តន្ទាទោសនិងអនុវត្តការប្រហារជីវិតដោយស្របច្បាប់ ចំពោះពលរដ្ឋកូរ៉េខាងត្បូងខាងលើ សម្រាប់អំពើជួញដូរគ្រឿងញៀន។ ទីក្រុងប៉េកាំងបានសង្កត់ធ្ងន់ថា «នៅពេលជនល្មើសជាជនជាតិដទៃ ប្រព្រឹត្តបទឧក្រិដ្ឋលើទឹកដីប្រទេសចិន ច្បាប់ចិនត្រូវតែអនុវត្តចំពោះបុគ្គលទាំងនោះ ដោយស្មើភាព»។
រីឯក្រសួងការបរទេសកូរ៉េខាងត្បូង ក៏បានប្រាប់ក្រុមអ្នកសារព័ត៌មានឱ្យដឹងផងដែរថា ការអនុវត្តទោសប្រហារជីវិត ត្រូវបានធ្វើឡើងចំពោះពលរដ្ឋខ្លួនម្នាក់កាលពីថ្ងៃសុក្រ ខណៈជនរូបនោះត្រូវបានផ្តន្ទាទោសប្រហារជីវិត សម្រាប់ការលក់គ្រឿងញៀននៅក្នុងប្រទេសចិន ហើយទីក្រុងសេអ៊ូលបានសម្តែងការសោកស្តាយ ដែលការប្រហារជីវិតត្រូវបានធ្វើឡើង ចំពោះពលរដ្ឋកូរ៉េខាងត្បូងយ៉ាងដូច្នោះ។
គួរបញ្ជាក់ថា បើតាមទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង យុនហាប់ វាគឺជាលើកទីមួយហើយ ដែលអ្នកទោសគ្រឿងញៀនជនជាតិកូរ៉េខាងត្បូង ត្រូវបានប្រហារជីវិតនៅប្រទេសចិន ក្នុងរយៈពេល៩ឆ្នាំ។ ជនរូបនោះត្រូវបានអាជ្ញាធរចិនចាប់ខ្លួន កាលពីឆ្នាំ២០១៤ ដោយរកឃើញមានកាន់កាប់គ្រឿងញៀនមេតាំហ្វេតាំមីន (methamphetamine) ទម្ងន់៥គីឡូក្រាម និងត្រូវបានផ្តន្ទាទោសប្រហារជីវិតដោយតុលាការចិន នៅឆ្នាំ២០១៩៕